​លោកស្រី​អោ​ង​សាន​ស៊ូ​ជី​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៩​មេសា​ដល់​ថ្ងៃទី​១​ឧសភា​

323
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី​អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ២៩ ខែមេសា ដល់ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បេ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៦ ខែមេសា នេះ​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោកស្រី​អោ​ង សាន​ស៊ូ​ជី នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល នៅក្នុង​ព្រះ​ប រម​រាជវាំង ។​

លោកស្រី​អោ​ង សាន​ស៊ូ​ជី ក៏​នឹង​ចូលជួប​សម្តែង​ការគួរ​សមជា​បន្តបន្ទាប់ ជាមួយ​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋ សភា ។​
លោកស្រី​នឹងមាន​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ សម្តេច អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី នៃ ព្រះ រាជាណាចក្រ​កម្ពុជា​។​

លោកស្រី​ទីប្រឹក្សា​រដ្ឋ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​កម្ពុ​ជា​។ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច លោកស្រី​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយចំនួន នៅ​ខេត្តសៀមរាប​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោកស្រី​អោ​ង សាន​ស៊ូ​ជី នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី ៕S/​

#