​លោក​កឹម​សុខា​!​តទៅ​ថ្ងៃមុខ​កម្ពុជា​នឹង​ដើរ​ទៅរក​ផ្លូវ​ផ្សះផ្សា​ជាតិ​ដែល​នាំមក​នូវ​អភិវឌ្ឍន៍​

386
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹមថា​តទៅ​ថ្ងៃមុខ​កម្ពុជា​នឹង​ដើរ​ទៅរក​ផ្លូវ​ផ្សះផ្សា​ជាតិ​ដែល​នាំមក​នូវ​អភិវឌ្ឍន៍​យុត្តិធម៌​និង​សេរីភាព​ពេញលេញ​ដល់​ខ្មែរ​គ្រប់​និន្នាការ​និង​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ​។​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​កឹម សុខា បាន​បង្ហោះ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក​កឹម​សុខា​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​“​នៅក្នុង​សប្តាហ៍​នេះ​ខ្ញុំ​បានទទួល​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​និង​រដ្ឋទូត​តំណាងឱ្យ​ប្រទេស​៧(​បារាំង​សហរដ្ឋអាមេរិក​អាល្លឺម៉ង់​អូស្ត្រាលី​ជប៉ុន​ចក្រភព​អង់គ្លេស​ស្វី​ស​)​និង​សហភាព​អឺរ៉ុប​។​
​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​តែង​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​លទ្ធិប្រជាធិបតេយ្យ​។​ខ្ញុំ​សង្ឃឹមថា​តទៅ​ថ្ងៃមុខ​កម្ពុជា​នឹង​ដើរ​ទៅរក​ផ្លូវ​ផ្សះផ្សា​ជាតិ​ដែល​នាំមក​នូវ​អភិវឌ្ឍន៍​យុត្តិធម៌​និង​សេរីភាព​ពេញលេញ​ដល់​ខ្មែរ​គ្រប់​និន្នាកា និង​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ​”​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​តុលាការ​បានសម្រេច​ដាក់​លោក​កឹម​សុខា​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល​តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន​ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ​។​គឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ការសម្រេច​នេះ​ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់លោក​កឹម​សុខា​ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។​ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។​

​បន្ទាប់ពី​មានការ​កែប្រែ​លក្ខខណ្ឌ​មួយចំនួន​របស់​តុលាការ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​លោក​កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋ ឯកអគ្គរាជទូត​មួយចំនួន​រួមមានៈ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកអគ្គរដ្ឋទូត​បារាំ​ង​-​អាមេរិក​។​នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា​លោក​កឹម​សុខា​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​អូស្ត្រាលី​។

នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​លោក​កឹម​សុខា​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​លោក​កឹម​សុខា​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​អង់គ្លេស​។ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា លោក​កឹម សុខា ជួបពិភាក្សា​ជាមួយ​លោកស្រី Helene BudligerArtieda​ឯកអគ្គ​ទូត​នៃ​ប្រទេស​ស្វី​ស​(Switzerland)​ដែលមាន​ស្ថាន​ឯកអគ្គរដ្ឋទូត​នៅ​ទីក្រុង​បាងកក​ទទួលបន្ទុក​រា​ជាណា​ចក្រ​ថៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

សូមជម្រាបថា ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បាន​បិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ បន្ទាប់ពី​ដំណើរការ​នីតិវិធី​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​។​នៅក្នុង​សំណុំ​រឿងនេះ​លោក​កឹម​សុខា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។

​ការចាប់ខ្លួន​លោក​កឹម​សុខា​ធ្វើឡើង​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ​ដែល​លោក​កឹម​សុខា​បាន​និយាយ​សារភាព​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី​ថា ខ្លួន​បានធ្វើ​តាម​បញ្ជា​របស់​សហរដ្ឋអាមេរិក ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​យក​គំរូ​ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី​និង​សើ​ប៊ី​ដែរ​។​

លោក​គី​ឫទ្ធី​ចៅក្រម​ស៊ើបសួរ​សា​កា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​បានចេញ​លិខិត​ជូនដំណឹង​ស្តីពី​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក​កឹម​សុខា​ដែល​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​និង​ទីកន្លែង​ផ្សេងទៀត​។​កាលពី​អំ​គុង​ឆ្នាំ​១៩៩៣​ដល់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​បិទ​ការ​ស៊ើបសួរ​ចាប់ពីពេលនេះ​តទៅ​។​

សូម​រំលឹកថា​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​ពាក់ព័ន្ធ​នឹង​ទង្វើ​ក្បត់ជាតិ​។​ដោយ​ធ្វើតាម​បញ្ជា​របស់​សហរដ្ឋអាមេរិក ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី​និង​សើ​ប៊ី ៕S/

​រូបថត​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (​រូប​ថ​តៈ ឯកសារ​)​