​លោក​ចាន់​ចេស្តា​៖​បើ​គ្មាន​ភាព​រ៉ឹង​មាំ​របស់​សមរភូមិ​មុខ​សេចក្តីសុខ​និង​ការអភិវឌ្ឍ​ក៏​ពុំមាន​ដែរ​

332

(​ព្រះវិហារ​-​ស្ទឹងត្រែង​)៖​ក្នុង​ដំណើរ​សួរសុខទុក្ខ​កងកម្លាំង​ការពារ​ព្រំដែន​លោក​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​”​បើ​គ្មាន​ការ​ស្ម័គ្រស្មោះ​ស៊ូ​លះបង់​ជីវិត​របស់​កង​កម្លាំងប្រដាប់អាវុធ​តាម​បន្ទាត់​ព្រំដែន​ទេនោះ​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ក៏​មិនអាច​កើតមាន​ដែរ​”​។​

កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៧​ប្រតិភូ​ខេត្តកំពត​ដឹកនាំ​ដោយ​អភិបាលខេត្ត​លោក​ចាន់​ចេស្តា​បាន​ជួប​សួរសុខទុក្ខ​កម្លាំង​កងពលធំ​លេខ​៨​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា​ថៃ​នៅ​តំបន់​ប្រាសាទព្រះវិហារ​។​

​សំណេះសំណាល​ក្នុងឱកាស​នោះ​លោក​ចាន់​ចេស្តា​បាន​មានប្រសាសន៍ថា​ទោះបី​ដំណើរ​ផ្លូវ​វែងឆ្ងាយ​ក្តី​ភាព​នឿយហត់​បាន​រលាយ​អស់​ពេល​បាន​មកជួប​ផ្ទាល់​ជាមួយ​កម្លាំង​សមរភូមិ​មុខ​ដែល​ពោរពេញ​ដោយ​ក្តី​រីករាយ​រាក់ទាក់ និង​ភាពស្និទ្ធស្នាល​បែបនេះ​។ ពិតណាស់ រាល់ពេល​ពិធី​បុណ្យទាន​ធំៗ​ពលរដ្ឋ​ទូទៅ​តែង​បាន​ជួបជុំ​ញាតិសន្តាន​បង្កក្តី​សប្បាយ​គ្រប់ៗ​គ្នា​។​ប៉ុន្តែ​ចំពោះ​កងកម្លាំង​ជួរមុខ​វិញ​បែរជា​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេ​ឡើង សូម្បី​ឱកាស​នៃ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​ក្រុមគ្រួសារ​ក៏​ពុំមាន​ផង​។

​លោក​អភិបាលខេត្ត​កំពត​បាន​បញ្ជាក់ថា​ជាមួយ​ស្ថានភាព​នេះហើយ​ទើប​ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ទាំងអស់​តែង​មមៃ​នឹក​គិតដល់​ការលំបាក និង​ភាពខ្វះខាត​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ដែល​លះបង់​ពេលវេលា​សាច់ញាតិ​ដើម្បី​ជាតិ និង​ទឹកដី​។ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា​បើ​ពុំមាន​ភាពរឹងមាំ​នៅ​សមរភូមិ​មុខ​ទេនោះ​ក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​និង​ការអភិវឌ្ឍ​នៅ​សមរភូមិ​ក្រោយ​ក៏​មិនអាច​កើតមាន​ដែរ​។

​វីរភាព​ដ៏​ឧត្តុង្គឧត្តម​នេះហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មានការ​យកចិត្តទុកដាក់​និង​រំលឹក​ជា​ញឹកញយ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង​រាជធានី​ខេត្ត​ឆ្លៀត​យក​ពេលវេលា​ចុះ​ជួប​កងកម្លាំង​ការពារ​ព្រំដែន​គ្រប់​មុខសញ្ញា​ទាំងអស់​។​

​ឆ្លើយតប​ចំពោះ​ក្រុម​ប្រតិភូ​នាឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​កងពលធំ​លេខ​៨​ប្រចាំ​ទិស​ព្រះវិហារ​បាន​មានប្រសាសន៍ថា​ការចុះ​ជួប​សួរសុខទុក្ខ​នាពេលនេះ​ជាការ​លើកទឹកចិត្ត​ដ៏​វិសេសវិសាល​ចំពោះ​យុទ្ធជន​សមរភូមិ​មុខ​ឱ្យ​កាន់តែ​ក្លាហាន​និង​មិន​ស្តាយស្រណោះ​ពី​អាយុជីវិត​ដើម្បី​ភាពសុខសាន្ត​សម្រាប់​ជាតិ​ទាំងមូល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា​ជាមួយ​ភាពស្និទ្ធស្នាល​និង​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ដ៏​ស្មោះសរ​បែបនេះ​កងកម្លាំង​ជួរមុខ​ប្តេជ្ញា​ថា​នឹង​នៅតែ​បន្ត​គាំទ្រ​ការដឹកនាំ​និង​ការពារ​ឱ្យបាន​ដាច់ខាត​ចំពោះ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​រៀងរហូត​។​

ជាការ​ភ្ជាប់​មនោសញ្ចេតនា​រវាង​សមរភូមិ​ក្រោយ​និង​សមរភូមិ​មុខ​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នាពេល​ដ៏​ខ្លី​នេះ ប្រតិភូ​ខេត្តកំពត​បាន​ផ្តល់ជូន​កម្លាំង​កងពលធំ​លេខ​៨​នូវ​អំណោយ​មួយចំនួន រួមមាន អង្ករ អំបិលអ៊ីយ៉ូដ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ​ស្ករស​ទឹកបរិសុទ្ធ​និង​ថវិកា​មួយចំនួនទៀត​។​

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៧​ពិធី​ដូចគ្នា​របស់​ប្រតិភូ​ខេត្តកំពត​ដឹកនាំ​ដោយ​លោក​ចាន់​ចេស្តា​ដដែល​នេះ​បាន​ធ្វើឡើង​សម្រាប់​កម្លាំង​កងពលតូច​លេខ​១២៨​ប្រចាំ​ព្រំដែន​ក​ម្ព​ជា​ឡាវ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ដែល​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ដាំ រ៉ា មេបញ្ជាការ​យោធភូមិភាគ​ទី​១៕S/​ដោយ បូកគោ​

លោក​អភិបាលខេត្ត​កំពតសួរសុខទុក្ខ​កងកម្លាំង​ការពារ​ព្រំដែន(រូប៖បូកគោ)