​លោក​ចេង​មុនី​រ៉ា​!​ពលរដ្ឋ​ខ្លះ​បានដាក់​សម្ពាធ​លើ​មន្ត្រី​ពាក់ព័ន្ធ​ការស្នើសុំ​ឯកសារ​ផ្សេងៗ​

597
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​បញ្ហា​ការស្នើសុំ​ចម្លង​អត្តសញ្ញាណប័ណ្ណ ,​សៀវភៅ​គ្រួសារ ,​សៀវភៅ​ស្នាក់នៅ និង ឯកសារ​ផ្សេងៗ ចូល​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ គឺ ជា​ប្រធានបទ​យ៉ាង​ក្តៅគគុក ក្នុងការ​ពិភាក្សាគ្នា នា​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​១៤ ខែកញ្ញា​ឆ្នាំ​២០១៨​។

​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ច្បារអំពៅ ធ្វើឡើង​ក្រោម​វត្តមាន​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព លោក​អធិការ​ខណ្ឌ​ច្បារអំពៅ លោក​មេបញ្ជាការរង​ខ​ណ្ឌ​ច្បារអំពៅ និង មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។

​លោក ចេង មុនី​រ៉ា បានលើកឡើង​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​ប្រជាពលរដ្ឋ​មកសុំ​ចម្លង​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង ឯកសារ​ផ្សេងៗ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ បញ្ហា​កន្លែង​កម្សាន្ត​ផ្សេងៗ​ក្នុង​មូលដ្ឋាន ព្រមទាំង​បញ្ហា​ជាច្រើន​ទៀត ។

​ជាការ​កត់សម្គាល់ លោក ចេង មុនី​រ៉ា បានលើកឡើង​ពី​បញ្ហា​ប្រជាពលរដ្ឋ​ខ្លះ​បានដាក់​សម្ពាធ​ផ្នែក​អារម្មណ៍​លើ​មន្ត្រី​ខណ្ឌ​ច្បារអំពៅ ។ “​សម្ពាធ​ផ្នែក​អារម្មណ៍​” នេះ គឺ លោក​ចេង មុនី​រ៉ា ចង់​សំដៅលើ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​យក​ឯកសារ​មិន​ប្រក្រតី ឬ ឯកសារ​ខុសច្បាប់ មកឱ្យ​មន្ត្រី​ជំនាញ​បំពេញ ដែលជា​រឿង​១០​ឆ្នាំ​ទៀត ក៏​មន្ត្រី​មិនអាច​ធ្វើ​បានដែរ ។

​លោក ចេង មុនី​រ៉ា និយាយ​ចំៗ​ជា​ឧទាហរណ៍ ថា ប្រជាពលរដ្ឋ​ខ្លះ​មាន​អត្តសញ្ញាណប័ណ្ណ​នៅមាន​សុពលភាព ដែលមាន​ទីលំនៅ​ក្នុង​ខេត្តកណ្ដាល ហើយ​មកសុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​មួយទៀត ក្នុង​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​នោះ បាន​កុហក​មន្ត្រី​ជំនាញ ថា រូបគេ​មិនមាន​អត្តសញ្ញាណប័ណ្ណ​ទេ ឬ អត្តសញ្ញាណប័ណ្ណ ផុត​សុពលភាព​ហើយ ។ បញ្ហា​ទាំងនេះ ទោះបីជា​មន្ត្រី​ខណ្ឌ​ច្បារអំពៅ បំពេញ​តួនាទី​បានល្អ​យ៉ាងណាក៏ដោយ ។ ប៉ុន្ដែ​ទិដ្ឋភាព​ផ្លូវច្បាប់ គឺ ពិតជា​មិនអាច​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​រូបនោះ​ឡើយ ។

​ដល់ពេល​មន្ត្រី​ជំនាញ​ខណ្ឌ​ច្បារអំពៅ មិនអាច​ចេញ​ឯកសារ​ទាំង​នោះបាន បែរជា​មក​ចោទប្រកាន់​មន្ត្រី​ថា ធ្វើការ​យឺតយ៉ាវ មិន​បំពេញតម្រូវការ​ប្រជាពលរដ្ឋ ។ តើ​នេះ​យុត្តិធម៌​ដែរឬទេ សម្រាប់​មន្ត្រី​ខណ្ឌ​ច្បារអំពៅ ។

ក្រៅពី​បញ្ហា​នេះ លោក ចេង មុនី​រ៉ា បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ បញ្ហា​គ្រឿងញៀន និង បញ្ហា​ជាច្រើន​ទៀត ក្នុង​គោលដៅ​ថែរក្សា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ៕S/​