​លោក​ប៉ាន​សូរ​ស័ក្តិ​៖​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​និង​រឹងមាំ​បើសិន​បក្ស​ប្រជាជន​ឈ្នះឆ្នោត​

1044
ចែករម្លែក

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​លោក​ប៉ាន​សូរ​ស័ក្តិ​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម​។​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេង​អ្នកគាំទ្រ​បាន​ធានា​និង​អះអាងថា​ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មានឱកាស​ដឹកនាំ​ប្រទេស​កម្ពុជា នោះ​កំណើន​សេដ្ឋកិច្ចជាតិ​នៅតែមាន​ស្ថិរភាព​រឹងមាំ​ជានិច្ច​។​

​នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១.០០០​នាក់ មកពី​ឃុំ​ល្វា​និង​ឃុំ​ព្រៃឈរ នៃ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក​ប្រធាន បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ធនធានមនុស្ស​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​។​

ជាមួយ​នោះ​មាន​ថ្នាក់ដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព បទពិសោធន៍ និង​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ចងក្រង​គោលនយោបាយ និង​ដាក់ចេញ​យុទ្ធសាស្ត្រ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ហើយ​កិច្ចការ​នេះ​គណបក្ស​បានធ្វើ​ដោយ​ជោគជ័យ​អស់​រយៈពេល​០២​ទស្សវត្សរ៍​មកហើយ​ដែរ​។

​លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​ជម្រាបជូន​ប្រជាពលរដ្ឋ និង​សមាជិក​ទាំងអស់​អំពី​អត្ថន័យ និង​សារៈសំខាន់​នៃ​គោលនយោបាយ​ទាំង​១១​ខ​របស់​គណបក្ស​ប្រជាជន​សម្រាប់​ការកសាង​និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៨​និង​២០២៣​ដែល​គោលនយោបាយ​ទាំងអស់នេះ​គឺជា​ចក្ខុវិស័យ​និង​ទិសដៅ​ផែនការ​សកម្មភាព​រយះ​ពេល​៥​ឆ្នាំ​។​គណបក្ស​ត្រូវ​អនុវត្តន៍​ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​បន្ត​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ទន្ទឹមគ្នា​នោះ លោក​ប្រធាន ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​-​សមាជិកា​ទាំងអស់ ដែល​កន្លងមក​តែង​ជឿជាក់​ចំពោះ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​បានផ្តល់​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​សមាជិក​-​សមាជិកា​ទាំងអស់​នាំគ្នា​ទៅ​បោះឆ្នោត​កុំបី​ខាន​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០​នៅលើ​សន្លឹកឆ្នោត​៕S/

​លោក​ប៉ាន​សូរ​ស័ក្តិ​៖​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​និង​រឹងមាំ​បើសិន​បក្ស​ប្រជាជន​ឈ្នះឆ្នោត​