​លោក​វ៉ាន់​ស៊ូ​អៀង​រក្សា​តំណែង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​អាណត្តិ​២​ឆ្នាំ​ទៀត​

949
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ជី​ម៉េ​ក​(GMAC)​បាន​ប្រារព្ធ​ធ្វើ​ស​ន្និ បាត​របស់ខ្លួន​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​នៅក្នុង​សន្និបាត​នេះ​មានការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​ថ្មី អនុប្រធាន​ថ្មី និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​។​

​ក្រោយ​ការបោះឆ្នោត​លោក​វ៉ាន់​ស៊ូ​អៀង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​រក្សាបាន​តំណែង​ប្រធាន​ជី​ម៉េ​ក​ថ្មី​២០១៩-២០២១ បន្ទាប់ពី​ទទួលបាន​សំឡេងគាំទ្រ​២២១​សំឡេង ខណៈ​លោក Robert Hwang ជនជាតិ​កូរ៉េ មកពី​ក្រុមហ៊ុន In Kkyung (Cambodia)Co.,Ltd.​ជាប់​ជា​អនុប្រធាន​បន្ទាប់ពី​ទទួលបាន​២១៩​សម្លេង​។​

ចំណែក​អនុប្រធាន​ពីររូប​ទៀត​គឺ​លោក Kong Sang មកពី​ក្រុមហ៊ុន​G .W GreenwaysTextile Co.Ltd និង​លោក​Enjoy Ho មកពី​ក្រុមហ៊ុន S- Yuen (Cambodia) Apparel Manufacturing Co.Ltd ។​ក្រៅពី​ប្រធាន​និង​អនុប្រធាន នៅមាន​សមាជិក​២០​រូប​ទៀត​ដែល​សុទ្ធតែជា​សមាសភាព​មក​ពី​តំណាង​រោងចក្រ​ផ្សេងៗ​គ្នា​។​

​សូមជម្រាបថា​៖​អនុលោម​តាម​មាត្រា​១៨​នៃ​ជំពូក​៦​នៃ​លក្ខន្តិកៈ​របស់​សមាគម​សន្និបាត​ប្រចាំឆ្នាំ​(AGM)​ត្រូវធ្វើ​ឡើងជា​រៀងរាល់​២​ឆ្នាំ​ម្តង​។​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ត្រូវបាន​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ជា​តំណាង​របស់​រោងចក្រ​នាំចេញ​សម្លៀកបំពាក់​។​ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦GMAC​បាន​ក្លាយជា​សមាគម​ដ៏​ធំ​មួយ​ដែល​តំណាង​លើកកម្ពស់​និង​ការពារ​សិទ្ធិ​និង​អត្ថប្រយោជន៍​នៃ​ឧស្សាហកម្ម​កាត់ដេរ​។​

​គោលដៅ​របស់​GMAC​គឺ​ដើម្បី​ផ្តល់​វេទិកា​ប្រឹក្សា​យោបល់​និង​ពិភាក្សា​ក្នុងចំណោម​សមាជិក​អំពី​អត្ថប្រយោជន៍​រួម​និង​ស្វែងរក​ការអនុម័ត​គោលនយោបាយ​ដែល​ល្អ​ត្រឹមត្រូវ​និង​បរិយាកាស​ច្បាប់​ដែល​អំណោយផល​សម្រាប់​កំណើន​និង​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​។

GMAC​ក៏​ផ្តល់​សេវា​តម្លៃបន្ថែម​ផ្សេងៗ​ផងដែរ​ដល់​សមាជិក​ដូចជា ការភ្ជាប់​ទីផ្សារ ការជំរុញ​ទីផ្សារ ការគាំទ្រ​លទ្ធភាព​ទីផ្សារ​ការបណ្តុះបណ្តាល​ប​ច្ចុ​ប្បន្ន​ភាព​ច្បាប់​រួមមាន​បទ​ប្បញ្ញត្តិ​និង​សេចក្តីប្រកាស​ផ្សេងៗ​របស់​រដ្ឋាភិបាល កិច្ច​ជំនួប​ចាប់​ដៃគូ​ពាណិជ្ជកម្ម ព័ត៌មាន​អាជីវកម្ម​ទូទៅ និង​អ្វី​ដទៃៗ​ទៀត​។

ថ្លែង​ក្នុងឱកាស​នោះ លោក អ៊ិត សំហេង បាន​កោតសរសើរ​ដល់ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​តាំងពី​បង្កើត​មក​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងនាម​ជា​តំណាង​ដល់​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ដ្រី​បាន​លើកឡើងថា​៖​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​GMAC​មាន​លក្ខន្តិកៈ​និង​យន្ដការ​ច្បាស់លាស់ ដោយមាន​ទាំង​ស្នាក់ការ សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាដើម​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ​សមាគម​GMAC​ក៏បាន​ចូល​រូ​ម​ជា​ដៃគូ​ក្នុង​យន្ដការ​ត្រីភាគី​ដូចជា​ការចរចា​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ការរួមចំណែក​ក្នុង​លិខិតបទដ្ឋាន​គតិយុត្តិ​សម្រាប់​កសាង​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗ ដែល​ទាក់ទង​វិស័យ​កាត់ដេរ​និង​ការចរចា​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ផលប្រយោជន៍​កម្មករនិយោជិត និង​និយោជក​ផ្ទាល់​តែម្ដង​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​វ៉ាន់​ស៊ូ​អៀង​និង​ថ្នាក់ដឹកនាំ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​បាន​ខិតខំ​បំពេញការងារ​លើ​វិស័យនេះ​បាន​យ៉ាង​ល្អប្រសើរ​ក្នុងការ​ប្រមូលយក​អ្នកវិនិយោគ​ទាំងឡាយ​ជាពិសេស​អ្នកវិនិយោគ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​ឲ្យ​ចូលរួម​ជាមួយគ្នា​។​

ជាងនេះទៅទៀត​លោក​អ៊ិត​សំហេង​បាន​លើកសរសើរ​GMAC​ថា​ជា​សមាគម​មួយ​ដែល​ធំជាងគេ​នៅ​កម្ពុជា និង​ដើរតួ​យ៉ាងសកម្ម​ជាងគេ នៅក្នុង​យន្ដការ​ត្រីភាគី ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​សង្កេតឃើញថា វឌ្ឍនភាព​នៃ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​ជាមួយគ្នានេះ​លោក​វ៉ាន់​ស៊ូ​អៀង​ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​GMAC​សម្រាប់​អាណត្តិ​ថ្មី​ដែលមាន​រយៈពេល​២​ឆ្នាំ​បន្ដទៀត​នោះ បាន​សម្ដែង​នូវ​ក្ដីរំភើប​រីករាយ ដែល​លោក​ត្រូវបាន​ជាប់​បន្ដ​ធ្វើជា​ប្រធាន និង បានធ្វើការ​ប្ដេជ្ញា​ចិ​ត្ដ​ថា​នឹង​ខិតខំ​បំពេញការងារ​នេះ​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត​ដើម្បី​វឌ្ឍនភាព​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​នៅក្នុង​ប្រទេស​កម្ពុជា​៕S/សរន

​ចំណងជើង​រូបថត​៖​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​បាន​ប្រារព្ធ​ធ្វើ​ស​ន្និ បាត​របស់ខ្លួន​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩​និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​ថ្មី អនុប្រធាន​ថ្មី និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(​រូប​៖​សុផល​)