​លោក​ហ៊ុន​ម៉ា​ណែ​ត​!​សម្តេច​តេ​ជោ​ហ៊ុន សែន​ដឹកនាំ​ប្រទេស​យក​ប្រជាពលរដ្ឋ​ជាធំ​

617
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែង​បញ្ជាក់ថា​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​មាន​ស្មារតី​ដឹកនាំ​ប្រទេស​យក​ប្រជាពលរដ្ឋ​ជាធំ​។​ទឹកចិត្ត​របស់​សម្តេច​តេ​ជោ​ចំពោះ​ប្រជាពលរដ្ឋ​មិន​ប្រែប្រួល​ទេ​គឺ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។​ព្រោះ​សម្តេច​បាន​ខិតខំ​តស៊ូ​រំដោះប្រទេស​ទម្រាំ​បានទទួល​បាន​សុខសន្តិភាព​មកដល់ពេលនេះ ហើយ​លោក​នៅតែ​ខិតខំ​ធ្វើ ខិតខំ​កសាង និង​អភិវឌ្ឍ​ប្រទេស​បន្តទៀត​។​

​ការ​ថ្លែង​របស់លោក​ហ៊ុន ម៉ា​ណែ​ត​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​វត្ត​ដំណាក់​រាជា ស្ថិតក្នុង​ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមករា​ឆ្នាំ​២០១៩​។​លោក​ហ៊ុន​ម៉ា​ណែ​ត បាន​បញ្ជាក់ថា​“​យើងទាំងអស់គ្នា​សុទ្ធតែ​អ្នក​មានសំណាង​មានបុណ្យ​ហើយ​ដែលមាន​ជីវិត​រស់នៅ​មកដល់​សព្វថ្ងៃនេះ​។​ព្រោះ​ប្រទេស​យើង​មាន​សង្គ្រាម​លំបាក​វេទនា​ប្រជាពលរដ្ឋ​រត់ចោលស្រុក​កាលពី​អតីតកាល​។​

ប្រទេស​យើង​បានបញ្ចប់​សង្គ្រាម​មា​នភា​ព​សុខ​សប្បាយ​ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​និស្ស័យ​បានរស់នៅ​ជួបជុំគ្នា​រស់នៅក្នុង​សុខសន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ហើយ​បាន​ចែករំលែក​នៅក្នុង​ការកសាង​សមិទ្ធផល​នានា​។​បើ​មាន​សង្គ្រាម​យើង​ក៏​មិនអាច​ចែករំលែក​កសាង​សមិទ្ធផល​ដូច​សព្វថ្ងៃ​នេះដែរ​”​។

​លោក​បាន​លើកឡើងថា​វិស័យ​សាសនា​ដើរតួ​សំខាន់​ណាស់​បើសិន​ជាតិ​មួយ​គ្មាន​សាសនា​យើង​រលំរលាយ​ហើយ មិន​ខុសពី​ជំនាន់ ប៉ុល ពត នោះទេ ដែល​បង្រៀន​មនុស្ស​មិនឱ្យ​ទុកចិត្ត​គ្នា កាប់សម្លាប់​គ្នា មិន​ស្គាល់​បុណ្យ​បាប​។ ដូច្នេះ បើ​អត់​សាសនា យើង​លំបាក​ហើយ យុវជន​ជំនាន់​ក្រោយ បើ​អត់​បង្រៀន​សីលធម៌​អត់​បង្រៀន​ឱ្យ​ស្គាល់​បុណ្យ​បាប​ចេះតែ​ទំនើប​ទៅហើយ​ភ្លេច​អស់​នូវ​អ្វី​ដែលជា​សីលធម៌​។​

​ដូច្នេះ​ការអប់រំ​សីលធម៌​នៅក្នុង​ទី​វត្ត​អារាម​នៅ​សាលារៀន​និង​នៅផ្ទះ​គឺមាន​សារៈសំខាន់​ណាស់​។ សូម​អរគុណ​ណាស់​ចំពោះ​ស្មារតី​រួមគ្នា​ជួយ​គ្នា​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​និង​សូម​បង្កើន​ការខិតខំ​ប្រឹងប្រែង​ជួយ​ដោះស្រាយ​ការងារ​និង​បំពេញ​សេចក្តីត្រូវការ​ជូន​ប្រជាពលរដ្ឋ​ជា​បន្តទៀត​។ នេះ​គឺជា​ស្មារតី​ដែល​សម្តេច​ជោ ហ៊ុន សែន បាន​ណែនាំ​នៅក្នុង​ការដឹកនាំ​ប្រទេស​។

​ប៉ុន្តែ​សម្តេច​តេ​ជោ​ម្នាក់ឯង​មិនអាច​រែកពន់​បានទេ​គឺ​ពឹង​លើ​មន្ត្រី​ពឹង​លើ​អាជ្ញាធរ​ពឹង​ទៅដល់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​។​អញ្ចឹង​បាន​ប្រទេស​យើង​ខ្លាំង​ដែល​មកដល់​ម៉ោង​នេះ​យើង​បាន​ដើរ​ជិត​ទាន់​ប្រទេស​មួយចំនួន និង​បានឈ្នះ និង​ដើរ​លើសគេ​លើ​ផ្នែក​មួយចំនួន​រួចទៅហើយ​។ ប៉ុន្តែ​យើង​នៅ​រួមគ្នា និង​ដើរ​ទៅមុខ​។​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តទៀតថា​“​សូម​ប្រជាពលរដ្ឋ​ជឿ​ចុះ​គឺ​សម្តេច​តេ​ជោ​មាន​ស្មារតី​ដឹកនាំ​ប្រទេស​យក​ប្រជាពលរដ្ឋ​ជាធំ​។

​សូម​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រាំបី​មុំ​ស្រុក​ទ្រាំង​ខេត្តតាកែវ​ដែលជា​និច្ចកាល​គាំទ្រ​សម្តេច​តេ​ជោ​គាំទ្រ​គណបក្ស​ប្រជាជន​ជូន​សម្តេច​តេ​ជោ​មានឱកាស​ដឹកនាំ​ប្រទេស​ជា​បន្តទៀត​។​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ត្រឹមត្រូវ​គឺ​ផ្តល់ឱកាស​សម្តេច​តេ​ជោ​មន្ត្រី​គណបក្ស​ប្រជាជន​ទាំងមូល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ខិតខំ​ធ្វើការ​បន្តទៀត​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ធ្វើឱ្យ​ប្រជាជនមាន​ជីវភាព​មានបាន​មាន​ភាពសម្បូរ​សប្បាយ​និង​កសាង​សមិទ្ធផល​សម្រាប់​ប្រជាពលរដ្ឋ​”​។​

​លោក​បាន​អះអាងថា​អាយុកាល​របស់​សម្តេច​តេ​ជោ​មានការ​ប្រែប្រួល​ប្រទេសជាតិ​ក៏មាន​ការប្រែប្រួល​ពី​ខ្មៅ​ងងឹត​មក​ភ្លឺស្វាង​។​ប៉ុន្តែ​ទឹកចិត្ត​របស់​សម្តេច​តេ​ជោ​ចំពោះ​ប្រជាពលរដ្ឋ​មិន​ប្រែប្រួល​នោះទេ គឺ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ព្រោះ​លោក​បាន​ខិតខំ​តស៊ូ​រំដោះប្រទេស​ទម្រាំ​បានទទួល​បាន​សុខសន្តិភាព​មកដល់ពេលនេះ ហើយ​លោក​នៅតែ​ខិតខំ​ធ្វើ ខិតខំ​កសាង និង​អភិវឌ្ឍ​ប្រទេស​បន្តទៀត​៕S/