​លោក​ឧកញ៉ា​សៀង​ណាំ​ជួយ​អគារសិក្សា​១​ខ្នង​និង​ជួយឧបត្ថម្ភ​សិស្ស​ក្រីក្រ​៥៤​នាក់​

707
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​លោក​ឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​បាន​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង​មាន​៥​បន្ទប់​នៅ​អនុវិទ្យាល័យ​កោះសំរោង​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​ដែលជា​ស្រុកកំណើត​របស់លោក​និង​បាន​ជួយឧបត្ថម្ភ​សិស្ស​ក្រីក្រ​ចំនួន​៥៤​នាក់ ដែល​ខ្វះខាត​កំពុង​រៀន​នៅ​មហាវិទ្យាល័យ​។​

​លោក​ឧកញ៉ា សៀង ណាំ បាន​បញ្ជាក់ថា ដោយ​ពិនិត្យ​មើលឃើញ​នៅ​អនុវិទ្យាល័យ​កោះសំរោង មាន​អគារសិក្សា​ចាស់ៗ​ទ្រុត​ទ្រោម​រូបលោក​ក៏បាន​សម្រេច​សាងសង់​អគារសិក្សា​ថ្មី​ជូន​១​ខ្នង​មាន​៥​បន្ទប់​ថែមទៀត ដើម្បីអោយ​កូនចៅ​ប្រជាពលរដ្ឋ​តំបន់​នោះបាន​សិក្សា​រៀនសូត្រ​។​

​លោក​បាន​បន្តថា ឃុំ​កោះសំរោង ស្រុក​កំពង់សៀម គឺជា​ស្រុកកំណើត​របស់គាត់​តាំង​ពី​កំណើត​មក​ម្លេះ ហើយ​លោក​បាន​ចាក​ចេញពី​ស្រុកកំណើត​នៅ​ជំនាន់​សង្គ្រាម​នឹង​ជម្លៀស​មកកាន់​ខេត្តបាត់ដំបង​នៅ​សម័យ​ប៉ុលពត​។​ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ លោក​ឧកញ៉ា សៀង ណាំ និង​ក្រុមគ្រួសារ បាន​ចាក​ចេញពី​ខេត្តបាត់ដំបង​ហើយ​មក​រស់នៅ​ខេត្តសៀមរាប​មុន​ឆ្នាំ​១៩៩៣​ដើម្បី​ធ្វើ​អាជីវកម្ម​ទេសចរណ​នៅ​ទីនោះ​។​

​លុះ​ឆ្នាំ​១៩៩៨​ដែលជា​អាណត្តិ​ទី​២​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​លោក​ឧកញ៉ា​សៀង​ណាំ​ក៏ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​អោយ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​រហូតមកដល់​អាណត្តិ​ទី​៦​នេះ​។​ទោះបីយ៉ាងណា​ក៏ដោយ​លោក​ឧកញ៉ា​សៀង​ណាំ​និង​ក្រុមគ្រួសារ​ក្រៅពី​អភិវឌ្ឍ​ន៏​ខេត្តសៀមរាប​ឱ្យមាន​ការរីកចម្រើន​លោក​ក៏បាន​ចុះទៅ​កាន់​ខេត្តបាត់ដំបង​ដើម្បី​អភិវឌ្ឍ​ន៏​នៅ​ទីនោះ និង​ស្រុកកំណើត​របស់លោក​នៅ​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​៕S/

​រូបភាពៈ លោក​សៀង ណាំ ជួយ​អគារសិក្សា​១​ខ្នង​នៅ​ស្រុកកំណើត​
​និង​ជួយឧបត្ថម្ភ​សិស្ស​ក្រីក្រ​ចំនួន​៥៤​នាក់​៕​គូលែន​