​លោក កែវ រ៉េមី បាន​ក្លាយជា​អនុប្រធាន សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក​

174
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក កែវ រ៉េមី ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ កីឡា​តេ​ក្វាន់​ដូ ITF អាស៊ីអាគ្នេយ៍ នា​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ នេះ បាន​ក្លាយជា​អនុប្រធាន សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក ចំពេល​ព្រឹត្តិការណ៍​ការប្រកួត កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក ដែល​កំពុងតែ​ធ្វើ​នៅ​ទីក្រុង​ផ្លូវ​ឌី​វ ( Plovdiv) ប្រទេស​ប៊ុលហ្គារី​។​

លោក កែវ រ៉េមី បាន​ក្លាយជា​អនុប្រធាន សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក​

​លោក កៅ មករា អគ្គលេខាធិការរង នៃ​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បាន​មានប្រសាសន៍ថា លោក កែវ រ៉េមី ដែលជា​ប្រធាន​សហព័ន្ធ កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បាន​ក្លាយជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក​ហើយ បន្ទាប់ពី​គណៈ​កម្ម​ប្រតិបត្តិ បោះឆ្នោត​ជ្រើសរើស​លោក​។ ចំណែក​លោក ប៊ួ​ន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ប្រឡង​ជាប់​ខ្សែក្រវាត់​ខ្មៅ ៧ ដាន់​។

សញ្ញាប័ត្រ ៧ ដាន់ របស់លោក ប៊ួ​ន ហ៊ីង​ស៊ី​យ៉ា​

​ការប្រកួត​ខាងលើនេះ បាន​ប្រព្រឹត្ត​ទៅជា​ផ្លូវការ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ រហូតដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ។ ចំណែក​កម្ពុជា នឹង​បញ្ជូន ក្រុម​គណៈប្រតិភូ គ្រូបង្វឹក និង​គ្រូបង្វឹក​ជំនួយ​ថ្នាល ព្រមទាំង​ក្រុម​ជម្រើសជាតិ និង​មន្ត្រី​ព័ត៌មាន ចំនួន​២៣​នាក់ ក្នុងនោះ​លោក កែវ រ៉េមី ជា​ប្រធាន​គណៈប្រតិភូ លោក​ផាន់ វណ្ណរ័ត្ន ជា​អនុប្រធាន និង​គ្រូបង្វឹក និង​គ្រូបង្វឹក​ជំនួយ ចំនួន​៣​នាក់ ព្រមទាំង​កីឡាករ​-​កីឡាការិនី ១៧ នាក់​។​

​ការប្រកួត​កីឡា​តេ​ក្វាន់​-​ដូ ITF ជ្រើសរើស​ជើងឯក​កម្រិត ពិភពលោក​សម្រាប់​កីឡាករ​-​កីឡាការិនី ថ្នាល​លើក​ទី​១៤ ចំណែក​កីឡាករ​-​កីឡាការិនី ក្រុម​ជម្រើសជាតិ លើក​ទី​២១ ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី ក្រុម​ជម្រើសជាតិ​ចំនួន​៩​នាក់ និង​កីឡាករ​-​កីឡាការិនី​ថ្នាល ៨​នាក់ ៕v

#