​លោក នូ សុ​ផេ​ន សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​រឿង​ជម្លោះ​នៃ​សិល្បៈ​បុរាណ​

1881
ចែករម្លែក
  • 33
    Shares

​ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​:​មកទល់​ម៉ោង​នេះ គេ​នៅតែ​កត់សម្គាល់ថា​ករណី​ល្ខោនខោល​បានក្លាយ​ជា​ប្រធាន​បទ​ឡើង​កំដៅ យ៉ាង​កក្រើក​តែម្ដង នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោយមាន​ទាំង​អ្នកគាំទ្រ​ឲ្យ​មានការ​អភិរក្ស​និង​មាន​ទាំង​អ្នក​ជេរប្រទេច​លើ​ក្រុម​ដែល​គាំទ្រ​ល្ខោនខោល​ថៃ រហូត​ក្លាយជា​ការបោះ​សម្ដី​ផ្លែផ្កា​ឌឺដង​គ្នា​ដូច​ផ្ទុះ​សង្គ្រាមពាក្យសម្ដី​។ ជាមួយ​ការឡើង​កំដៅ​នេះ លោក នូ​សុ​ផេ​ន​ដែល​ត្រូវគេ​ស្គាល់​ថា​បានរួម​ចំណែក​បំផុស​ល្ខោន​ខោល​នៅក្នុង​កម្មវិធី​របស់​ទូ​រទស្ស​ន៍​អប្សរា​នាពេល​កន្លងមក បាន​អះអាងថា​ស្ថានភាព​នេះ​បន្ត​កើតឡើង​បើ​ក្រសួង​ធំ​ពីរ​មិន​ធ្វើ​បទ​អន្តរាគមន៍​ដែល​បណ្ដាល​ឲ្យ​ទម្រង់​វប្បធម៌​ខ្វះ​ការយកចិត្ត​ដាក់​ហើយ​រហូត​ទាល់តែ​ប្រទេស​ជិតខាង​ត្រៀម​យកទៅ​បញ្ចូល​ក្នុង​អង្គការ​យូ​នី​ស្កូ​ធ្វើជា​កម្ម​សិទ្ធ​ផ្ដាច់មុខ​ដូច​ករណី​ល្ខោនខោល ទើប​ផុសផុល​បែបនេះ​។

​លោក នូ សុ​ផេ​ន

​ ​លោក នូ សុ​ផេ​ន អនុប្រធាននាយកដ្ឋាន​ផលិតកម្ម​វិធី​ប្រចាំ​ទូរទស្សន៍​អប្សរា បាន​អះអាងថា លោក​សាទរ​ខ្លាំង បន្ទាប់ពី​ឃើញ​ស្រទាប់​មហាជន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ច្រើនឡើង នាំគ្នា​បំផុស និង​ចែកចាយ​ពី​សិល្បៈ​ល្ខោនខោល ដោយបាន​ទាំង​ប្រើពាក្យ​ថា​ល្ខោនខោល​ជា​របស់​ខ្មែរ ដែល​យើង​ត្រូវ​រួមគ្នា​ថែរក្សា​ជាដើម​។ នេះ​ជា​ទង្វើ​ដ៏​ប្រពៃ ដែល​លោក​ថា នឹងធ្វើ​ឲ្យ​ក្មេងជំនាន់ក្រោយ និង អ្នក​មិន​ធ្លាប់​ចង់ដឹង​ចង់​ស្គា​ល់ពី​សិល្បៈ​មួយ​នេះ មានការ​ចាប់អារម្មណ៍​ឡើងវិញ​។ យ៉ាងណាមិញ អ្វីដែល​បានធ្វើ​ឡើង​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការការពារ និង​អភិរក្ស​ចំពោះ​ល្ខោនខោល និង​សិល្បៈ​បុរាណ​ខ្មែរ​ផ្សេងទៀត​នៅឡើយ​ទេ ប្រសិនបើ​ខ្វះ​ការគាំទ្រ និង​ទៅ​ទស្សនា​ដោយផ្ទាល់​ដើម្បី​ជាការ​លើក​កម្លាំងចិត្ត​ដល់​ក្រុម​សិល្បករ​សិល្បការិនី​នៅពេល​មានការ​សម្ដែង​។

​លោក នូ សុ​ផេ​ន និងសិល្បៈករ

​ ​លោក​ថា​ជា​រឿង​សង្វេគ​ណាស់ ដែល​ក្រុម​សិល្បៈ​ល្ខោនខោល​មិន​ថា របស់​ក្រុម​វិចិត្រសិល្បៈ និង​មិន​ថា របស់​សមាគម​ណាមួយ​នោះទេ ឲ្យ​តែ​ធ្វើការ​សម្ដែង គឺ​ស្ទើរ​មិនមាន​អ្នក​ទៅ​ទស្សនា​តែម្ដង ដោយ​លុះត្រា​តែមាន​គណៈអធិបតី​ធំៗ ឬ​តំណាង​ព្រះមហា​ក្សត​ទៅធ្វើជា​គណអធិបតី ទើប​មាន​អ្នក​អង្គុយ​ទស្សនា ដែល​ហាក់​មិនអោយ​តម្លៃ​សិល្បៈ​បុរាណ​មួយ​នេះ​ទាល់តែសោះ​។

​ ​ជាក់ស្ដែង​នៅក្នុង​កម្មវិធី​របស់លោក​នាពេល​កន្លងមក​នៅ​ទូរទស្សន៍​អប្សរា លោក​បាន​ប្រឹងប្រែង​ស្រាវជ្រាវ​សិល្បៈ​ល្ខោនខោល​យកមក​ឆ្លុះបញ្ចាំង​ខ្លាំងណាស់ ដោយបាន​ទាំង​តម្រូវអោយ​តារា​ល្បី​មក​ចូលរួម​សម្ដែង​ដើម្បី​ទាក់ទាញ​ផង ប៉ុន្តែ​នៅតែ​គ្មាន​អ្នក​មក​ទស្សនា ហើយ​នៅពេល​បង្ហោះ​ហើយក៏​មិនសូវមាន​អ្នក​ចែកចាយ​។ ក្នុង​នោះ​សូម្បីតែ​បណ្ដា​ក្រុមហ៊ុន​នានា ក៏​មិន​ចង់​ចូលរួម​ឧបត្ថម្ភ​ចំពោះ​ការផលិត​កម្មវិធី​ដែល មាន​ទម្រង់​លើកស្ទួយ​ល្ខោនខោល​នេះដែរ ដោយសារតែ​ខ្វះ​ការគាំទ្រ​ពី​ស្រទាប់​មហាជន​។

​លោក នូ សុ​ផេ​ន

​ ​លោក នូ សុ​ផេ​ន បន្តថា ដើម្បី​ចូលរួម​អភិរក្ស​សិល្បៈ​បុរាណ​របស់​ខ្មែរ​កុំ​ឲ្យ​ប្រទេសជិតខាង​យក​ជា​របស់ខ្លួន​បាន មិនមែន​គ្រាន់តែ​នាំគ្នា​ផ្អើលៗ​តាម​គ្នា​ពេល​មាន​បញ្ហា​ហើយ​ថា ខ្លួនឯង​ស្រឡាញ់​ជាតិ​ស្រឡាញ់​វប្បធម៌​នោះទេ គឺ​គួរតែ​ចូលរួម​ទៅ​ទស្សនា​គាំទ្រ​នូវ​ការសម្ដែង​សិល្បៈ​បុរាណ​មួយ​នេះ ឲ្យ​បាន​ច្រើនៗ​គ្រប់ពេល​មានការ​សម្ដែង ពោលគឺ​លោក​ចង់ឃើញ​មហាជន​ទៅ​ទស្សនា​កកកុញ ដូច​ក្នុងពេល​ផ្ទុះ​រឿង​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ជា​រៀងរហូត​។

​មួយវិញទៀត​លោក​ថា​ក្រសួង​ពាក់ព័ន្ធ​គួរតែមាន​ម៉ោង​កំណត់​មួយ​ឲ្យ​ដូចៗ​គ្នា​តម្រូវ​ឲ្យ​បណ្ដា​ទូរទស្សន៍​ទាំងអស់​ត្រូវតែ​មានកម្ម​វិធី​ពាក់ព័ន្ធ​នឹង​ទម្រង់​សិល្បៈ​បុរាណ​ឲ្យ​ដូចគ្នា​នៅក្នុង​ម៉ោង​មាស​ឲ្យ​ដូចគ្នា​នឹង​ការកំណត់​ឲ្យ​មាន​ភាពយន្ត​ខ្មែរ​ដាក់​ផ្សាយ​នៅក្នុង​ម៉ោង​មាស​ដែរ ដើម្បី​ឲ្យ​ក្រុម​សិល្បៈ​បែប​បុរាណ​ក៏មាន​ការងារ​និង​ជាការ​បំផុស​ឲ្យ​ស្រទាប់​មហាជន​ងាក​មក​គាំទ្រ​ឡើងវិញ​។ លោក​ថា វា​មិនអាច​ទៅរួច​ទេ ដែល​មានតែ​ប៉ុស្ដិ៍​ទូរទស្សន៍​មួយ ឬ​២ ប្រឹង​ធ្វើ​កម្មវិធី​លើកស្ទួយ​ទម្រង់​បុរាណ ខណៈដែល​ប៉ុស្ដិ៍​ទូរទស្សន៍​ស្ទើរ​ទាំងអស់​ផ្សេងទៀត​ផលិត​តែ​កម្មវិធី​សប្បាយៗ​សម័យៗ​ជាការ​ពង្វក់​មហាជន​ឲ្យ​ភ្លេច​ទម្រង់​បុរាណ​។

​លោក នូ សុ​ផេ​ន

​ ​លោក​ថា ក្រសួង​ពាក់ព័ន្ធ​រួមមាន​ក្រសួង​វប្បធម៌ និង​ក្រសួង​ព័ត៌មាន គួរតែ​ធ្វើ​កិច្ច​អន្តរាគមន៍​ដល់​បណ្ដា​ទូរទស្សន៍​មួយ​ករណី​ទៀត ដើម្បី​កំណត់អោយ​បណ្ដា​ទូរទស្សន៍​ត្រូវតែ​ទុក​ម៉ោង​មួយ​ឲ្យ​ដូចៗ​គ្នា ផ្សាយ​តែ​ទម្រង់​កម្មវិធី​សិល្បៈ​បុរាណ ដើម្បី​ឲ្យ​ក្រឡេក​ទៅ​មើល​ប៉ុស្ដិ៍​ណា​ក៏​ឃើញតែ​សិល្បៈ​បុរាណ​ដូចគ្នា នឹង​ការ​កំណត់អោយ​ផ្សាយ​តែ​ភាពយន្ត​ខ្មែរ​មុននេះ​។ បើដូច្នោះ​ទេ ទម្រង់​សិល្បៈ​បុរាណ​នឹងមិន​អាច​ទទួល​បានកា​រ​ចាប់អារម្មណ៍​កើត​ទេ នៅក្នុង​បរិបទ​ដែល​ពោរពេញ​ដោយ​កា​រប​ង្វ​ក់​ពី​សិល្បៈ​សម័យ​ឡូយឆាយ​មួយ​នេះ​៕​សរន​

​លោក នូ សុ​ផេ​ន
​លោក នូ សុ​ផេ​ន

#