​លោក ស សុខា ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា កីឡា​សិស្ស​អាស៊ាន​

409
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ កីឡា​សិស្ស និស្សិត​កម្ពុជា និង​សហការី បាន​អញ្ជើញ​ចូលរួម​ប្រជុំ គណៈកម្មការ​បច្ចេកទេស ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន លើក​ទី​៧៣ នៅ​សណ្ឋាគារ ប៉ូ (PO Hotel) ខេត្ត​ស៊ីម​ម៉ា​រ៉ាង ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​។​

​ជាមួយនឹង​ការចូលរួម​ប្រជុំ គណៈកម្មការ​បច្ចេកទេស ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន លើក​ទី​៧៣ និង​គណៈកម្មការ ក្រុមប្រឹក្សា​គ្រប់គ្រង កីឡា​សិស្ស​អាស៊ាន លើក​ទី​៥៦ លោក ស សុខា ក៏ត្រូវ​បាន​តែង​តែង ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន អាណត្តិ ឆ្នាំ​២០២០-២០២១ ផងដែរ ។​

​ជាមួយនឹង​ការទទួលយក តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា កីឡា​សិស្ស សម្រាប់​តំបន់​អាស៊ាន​នេះដែរ លោក ស សុខា ក៏បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក​ការប្រកួត​កីឡា សិស្ស​អាស៊ាន លើក​ទី​១១ ដែល​កំពុងតែ​ប្រកួត នៅ​ទី​នោះដែរ ។​

​ក្នុង​ព្រឹត្តិការណ៍​នេះ កម្ពុជា ក៏បាន​បញ្ជូន​កីឡា ចំនួន ៥ ប្រភេទ គឺ​អត្តពលកម្ម ហែល​ទឹក វាយ​កូន​បាល់ វាយ​កូនឃ្លី​លើ​តុ និង​វាយ​សី ទៅ​ចូលរួម​ប្រកួត ។​

​លោក ព្រំ ប៊ុណ្ណ​យី នាយ​បេសកកម្ម​របស់​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​នេះ បាន​រាយការណ៍ ពី​ប្រទេស​ឥណ្ឌូណេស៊ី មក​ថា ការប្រកួត បានចាប់ផ្ដើម​ហើយ តែ​មិនទាន់​ដល់​វេន​កម្ពុជា ដែល​ត្រូវ​ប្រកួត​នៅឡើយ​ទេ ៕v

ទិដ្ឋភាព​ប្រជុំ និង​ទទួល​តំណែង​
ទិដ្ឋភាព​ប្រជុំ និង​ទទួល​តំណែង​