​វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក​អត្តពលកម្ម​៖ ៧ រូប បន្តទៅ​វគ្គ​ទី​២ បាន​

608
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក​កម្រិត​អន្តរជាតិ កម្រិត​១ CECS-Level 1 Course លើកដំបូង ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣ មិថុនា បានបញ្ចប់​ហើយ នៅ​ថ្ងៃទី​៤ ខែកក្កដា នេះ ។​

​វគ្គ​នេះ ឧបត្ថម្ភ​ថវិកា ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ សិក្ខាកាម ដែល​ចូលរួម​សិក្សា មាន​ចំនួន ២៥ រូប មកពី​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង កីឡា ខេត្តពោធិ៍សាត់ កំពង់ធំ សៀមរាប ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំង ។ វគ្គ​នេះ បណ្ដុះបណ្ដាល ដោយ​អ្នកជំនាញ មកពី​សហព័ន្ធ​កីឡា អត្តពលកម្ម ទ្វីបអាស៊ី គឺ​លោក Mohd Azam Abu Hashim ។ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ អត្តពលកម្ម បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ និង​ចែក​វិ​ញ្ញាប​ន​ប័ត្រ ដល់​សិក្ខាកាម ។​

ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ដល់​សិក្ខាកាម​

​ក្នុងចំណោម​សិក្ខាកាម ចំនួន ២៥ រូប មាន ៧ រូប ស្មើនឹង ២០ ភាគរយ អាច​បន្តទៅ​សិក្សា វគ្គ​ជំនាញ​គ្រូបង្វឹក​កម្រិត​២ (Level-2) បន្តទៀត​បាន ។ ៣៥ ភាគរយ បានទទួល​និទ្ទេស​ល្អ​បង្គួរ និង ៤៥ ភាគរយ បានទទួល​និទ្ទេស​មធ្យម ។ កីឡាអត្តពលកម្ម មាន​ចំនួន ៤៦ វិញ្ញាសា ដែល​ក្នុងនោះ​មាន វិញ្ញាសា​ដើរ រត់ លោត និង​ចោល ។​

​លោក Mohd Azam Abu Hashim បាន​មានប្រសាសន៍ថា លោក​សប្បាយចិត្ត ដែល​លោក​បាន​ច្នៃ ឲ្យ​គ្រូបង្វឹក​ទាំង ២៥ រូប មាន​សមត្ថភាព​បង្ហាត់ បានល្អ​ជាង​មុន ហើយ​លោក​មាន​ជំនឿ​ចិត្ត​ថា ឆ្នាំ​២០២៣ ពួកគេ​នឹងមាន​កីឡាករ -​កីឡាការិនី ដែល​ពួកគេ​បណ្ដុះបណ្ដាល បាន​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម ជាមិនខាន ។​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​មានប្រសាសន៍ថា ចាប់ពីពេលនេះ​ទៅ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែ​បាន​ឆ្លង​វគ្គ​សិក្សា​ត្រឹមត្រូវ ទើប​អនុញ្ញាត​ឲ្យ​បង្ហាត់ ឬ ធ្វើជា​អាជ្ញាកណ្ដាល ចៅក្រម ។ អ្នក​ដែល​មិនមាន​ជំនាញ មិនមាន​សញ្ញាប័ត្រ មិន​អនុញ្ញាត​ឡើយ ។ ចាប់ពីពេលនេះ ត្រូវតែ​កសាង​ធនធានមនុស្ស ប្រកបដោយ​គុណភាព ជាដាច់ខាត ៕v

ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ដល់​សិក្ខាកាម​