​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​សន្តិភាព និង​សិទ្ធិមនុស្ស​នៅ​តំបន់​អន្លង់វែង​

2085
ចែករម្លែក

(​ភ្នំពេញ​): មន្ត្រី​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បាន​បញ្ជាក់ថា «​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​» នឹង​បើក​ឡើង​ដែលមាន​ការចូលរួម​ពី​សំណាក់​សិក្ខាកាម​ចំនួន​៣០​នាក់ នៅ​ស្រុក​អន្លង់វែង នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

«​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​»​លើកទីមួយ​នឹង​បណ្តុះបណ្តាល​សិក្ខាកាម​ចំនួន​១៥​នាក់ ចាប់ពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ ដល់ ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​។​កម្មវិធី​បណ្តុះបណ្តាលរ​យៈ​ពេល​៥​ថ្ងៃនេះ​ផ្តោត​សំខាន់​ទៅលើ​ការបង្រៀន និង​ការអនុវត្ត​ជំនាញ​ក្នុង​ការដឹកនាំ​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​។ «​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​» ដាក់បញ្ចូល​នូវ​ការតាំងពិព័រណ៍​ស្តីពី​ប្រវត្តិសាស្ត្រ និង​ការ​វិ​វដ្ត​របស់​ស្រុក​អន្លង់វែង ព្រមទាំង​ការបង្រៀន​អំពី​ប្រវត្តិសាស្ត្រ​តំបន់​អន្លង់វែង និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ទៀតផង​។ ការតាំងពិព័រណ៍​អំពី​ប្រធានបទ «​ការកែច្នៃ​សណ្ឋាន​ដី និង​ការព្យាបាល​របួស​សង្គម​» នឹង​ផ្តល់ជូន​សិក្ខាកាម​នូវ​ចំណេះដឹង​អំពី​ចលនា​ខ្មែរក្រហម និង​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​នៅក្នុង​ស្រុក​អន្លង់វែង​។ ការបង្រៀន​នៅក្នុង «​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​» ផ្តោតទៅលើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ចលនា​ខ្មែរក្រហម​ក្នុង​តំបន់ និង​ក្នុងប្រទេស​កម្ពុជា​ទាំងមូល​(​ដែល​រួមបញ្ចូល​ទាំង​សារសំខាន់​នៃ​ទីតាំង​ប្រវត្តិសាស្ត្រ​ក្នុងស្រុក​អន្លង់វែង​) របៀប​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​នៅក្នុង​តំបន់​អន្លង់វែង បច្ចេកទេស​នៃ​ការរៀបរាប់​សាច់រឿង និង​វិធីសាស្ត្រ​ក្នុងការ​លើកទឹកចិត្ត​សាធារណជន​ឲ្យ​ធ្វើការ​ឆ្លុះបញ្ចាំង​បែប​ស៊ីជម្រៅ អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។​

​ប្រភព​ដដែល​បន្តថា​«​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​» មាន​ចក្ខុវិស័យ​ក្នុងការ​រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ចរ​បស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែល​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់ និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ម្នាក់​ក្លាយជា​អ្នកដឹកនាំ​ដំណើរ​ទស្សនកិច្ច​។
​ការ​ស្តាប់​សាច់រឿង​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម​និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​ដ៏​មាន​ឥទ្ធិពល​ដែល​ប្រកបដោយ​ខ្លឹមសារ​អប់រំ និង​មាន​លក្ខណៈ​ហ្មត់ចត់​។ ការពិភាក្សា​បែបនេះ​ជួយ​លើកកម្ពស់​តម្លៃ​សន្តិភាព​តាមរយៈ​ការចងចាំ និង​ការផ្សះផ្សា​។ គោលដៅ​រយៈពេល​ខ្លី​របស់​«​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​» គឺជា​ការបង្កើន​សមត្ថ​ភាព​របស់​ប្រជាជន​មូលដ្ឋាន​ក្នុងការ​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​។ ប៉ុន្តែ​សកម្មភាព​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក៏បាន​ផ្សាភ្ជាប់​ជាមួយនឹង​គោលដៅ​រយៈពេល​វែង​រប​ស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក្នុងការ​បង្កើត​ការអភិវឌ្ឍ​យូរអង្វែង​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​

«​ប្លង់គោល​ស្រុក​អន្លង់វែង​»​បានរួម​បញ្ចូល​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក្រុមហ៊ុន​រចនា​ប្លង់ ដេ​វ៉ា កាង និង​ដៃគូ​ពាក់ព័ន្ធ​ដទៃ ដើម្បី​បង្កើត​ចក្ខុវិស័យ​ថ្មី​មួយ​សម្រាប់​ស្រុក​អន្លង់វែង ដែលជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​។ «​ប្លង់គោល​ស្រុក​អន្លង់វែង​»​មាន​គោលដៅ​បង្កើត​ទីក្រុង​សន្តិភាព ការផ្សះផ្សា និង​ការបង្កើត​ជីវិត​ថ្មី នៅលើ​ទីតាំង​នៃ​អំពើហិង្សា​និង​ការប៉ះទង្គិច​ផ្លូវចិត្ត​។​

​មន្ត្រី​ដដែល​បានបញ្ជាក់​ទៀតថា​វគ្គប​ណ្តុះ​បណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​មិនអាច​ប្រព្រឹត្តទៅ​បានទេ ប្រសិនបើ​គ្មាន​ការចូលរួមចំណែក​ដ៏​សប្បុរស​របស់​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​និង​អភិវឌ្ឍន៍ ដែលជា​ម្ចាស់ជំនួយ​គោល​របស់​វគ្គ​បណ្តុះបណ្តាល​នេះ​។​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ក៏​មិនអាច​រៀបចំឡើង​បានដែរ ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​ព្រះមហាក្សត្រី​យា​នី​នៃ​ប្រទេស​កាណាដា («​ព្រះមហាក្សត្រី​យា​នី អេ​លីហ្សា​ប៊េ​ត ទី​២») និង​លោកស្រី គ្រីស្ទី​យា ហ្វ្រី​លេន ដែលជា​ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​កាណាដា ដែល​ធ្វើ​អន្តរាគមន៍​តាមរយៈ​ក្រសួងការបរទេស ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍ («DFATD») ព្រមទាំង​ការគាំទ្រ​គោល​របស់​ទីភ្នាក់ងារ​សហរដ្ឋ​
​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ និង​មូលនិធិ​រ៉ូ​ប៊ឺ​តប​ស្ស​។

​វគ្គ​បណ្តុះបណ្តាល​នេះ បាន​រៀបចំឡើង​ដោយមាន​កិច្ចសហការ ពី​សំណាក់​លោក​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ក្រសួងទេសចរណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ L ដោយៈ បញ្ញា​សាស្ត្រ​