​វគ្គ​បណ្តុះបណ្តាល​ស្តីពី​គ្រូ​បង្គោល​មគ្គទ្ទេសក៍​ទេសចរណ៍​កម្ពុជា​សម្រាប់​ទេសចរ​ចិន ឆ្នាំ​២០១៨​ត្រូវបាន​បញ្ចប់​

1975
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្រសួងទេសចរណ៍​ជាមួយ និង​វិទ្យាស្ថាន​ភាសា​ចិន​ប៉េកាំង​អន្តរជាតិ (Beijing International Chinese College) ដោយមាន​ការគាំទ្រ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​ចិន​បានរៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី ការបណ្តុះបណ្តាល​គ្រូ​បង្គោល​មគ្គទ្ទេសក៍​ទេសចរណ៍​សម្រាប់​ទេសច​រ​ចិន ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​សុក្រ​ទី​២៤​ខែសីហា​ឆ្នាំ​២០១៨​ក្រោម អធិបតីភាព​លោក ប៉ាក់ សុខុម រដ្ឋលេខា​ធិការ​​ក្រសួងទេសចរណ៍ តំណាង​ដ៏​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក លូ យូ​ណាន​(Liu Yunan) ជំនួយការ​នាយក​វិទ្យាស្ថាន​ភាសា​ចិន​ប៉េកាំង​អន្តរជាតិ​។​ពិធី​បាន​ប្រព្រឹត្តទៅ នៅ​សណ្ឋាគារ​អង្គរ​សេន​ជូ​រី ខេត្តសៀមរាប​។​

វគ្គ​បណ្តុះបណ្តាល​ស្តីពី​គ្រូ​បង្គោល​មគ្គទ្ទេសក៍​ទេសចរណ៍​កម្ពុជា​សម្រាប់​ទេសចរ​ចិន ឆ្នាំ​២០១៨​ត្រូវបាន​បញ្ចប់​(​រូបថត​ក្រសួងទេសចរណ៍​)​

​មន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់​ថា​វគ្គ​បណ្តុះបណ្តាល ស្តីពី គ្រូ​បង្គោល​មគ្គទ្ទេសក៍​ទេសចរណ៍​កម្ពុជា​សម្រាប់​ទេសចរ​ចិន ឆ្នាំ​២០១៨​បាន​ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី ៨ ខែសីហា រហូតដល់​ថ្ងៃទី​២៤​ខែសីហា​ដោយមាន​សិក្ខា​កាម​ចូលរួម​ពី​មន្ត្រី​នៃ​ក្រសួង មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត មគ្គទ្ទេសក៍​ទេសចរណ៍ និង​បុគ្គលិក​ពី​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​ចំនួន ៧៨​នាក់ ដែល​បង្រៀន​ដោយ​គ្រូបង្រៀន​ឯកទេស និង​អ្នកជំនាញ​ចិន​ផ្ទាល់​។ វគ្គ​បណ្តុះ​បណ្ដាល​នេះ បានផ្តល់​ជា​ចំណេះដឹង និង​បទពិសោធន៍​បន្ថែម​ពី​អន្តរជាតិ និង​ការចែករំលែក​បទពិសោធ​ន៍​ការងារ​ជាក់ស្តែង​ស្តីពី​មគ្គុទ្ទេសក៍​ទេសចរណ៍ រវាង​កម្ពុជា និង​ចិន ពិសេស​ការពង្រឹង​សមត្ថភាព​ពាក់ព័ន្ធ​នឹង​មគ្គទ្ទេសក៍​ទេសចរណ៍​របស់​មន្ត្រី និង​បុគ្គលិក​កម្ពុជា​សម្រាប់​ទេស​ចរ​ចិន ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ទេសចរ​ចិន និង​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ សៀវភៅ ស China Ready សម្រាប់ ទេសចរណ៍​កម្ពុជា​។ ក្នុង​រយៈពេល ១៦ ថ្ងៃ នៃ​ការបណ្តុះបណ្តាល សិក្ខាកាម​បាន​សិក្សា​ពី​ភាសា និង​វប្បធម៌​​ចិន របៀប​​ដើម្បី​កោតសរសើរ​បេតិកភណ្ឌ​វប្បធម៌ គោលការណ៍​សេវាកម្ម​មគ្គទ្ទេសក៍ ទំនួល​ខុសត្រូវ​របស់​មគ្គ​ទ្ទេស​ក៏​ទេសចរណ៍ ក្រមសីលធម៌ និង​វិន័យ​មគ្គទ្ទេសក៍ ការចែករំលែក​បទពិសោធ​ន៍ និង បានធ្វើ​តេស្ត​សមត្ថភាព​នៅ​ចុង​វគ្គ​សិក្សា និង​ទទួលបាន បេក្ខជន​ចំនួន ៦​នាក់​ត្រូវបាន​ជ្រើសរើស​ទៅ​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធ​ន៍ប​ន្ត​នៅ​ទីក្រុង​បេ​កាំ​ង ឆ្នាំ​២០១៩​។

វគ្គ​បណ្តុះបណ្តាល​ស្តីពី​គ្រូ​បង្គោល​មគ្គទ្ទេសក៍​ទេសចរណ៍​កម្ពុជា​សម្រាប់​ទេសចរ​ចិន ឆ្នាំ​២០១៨​ត្រូវបាន​បញ្ចប់​(​រូបថត​ក្រសួងទេសចរណ៍​)​

​គួរ​បញ្ជាក់ថា​ក្រសួងទេសចរណ៍ និង​វិទ្យាស្ថាន​ភាសា​ចិន​ប៉េកាំង​អន្តរជាតិ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​​ក្នុងការ​​​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​ទៀត​។​

​សូម​រំលឹកថា​នៅ​ឆ្នាំ​២០១៧ កន្លងមក ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​មក​កម្ពុជា ចំនួន ៥,៦​លាន នាក់ មាន​ទេ​​សចរ​ចិន​ចំនួន​ជាង ១,២​លាន នាក់ កើនឡើង ៤៦​ភាគរយ ឈរ​នៅ​លំដាប់​ទី​១​។​ដោយឡែក​ក្នុង​រយៈ​ពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨​នេះ កម្ពុជា​ទទួល​ទេសចរ​ចិន​ចំនួន​ជាង ៩៣​ម៉ឹ​ន​នាក់ កើន ៧៦​ភាគរយ និង​មាន​ចំណែក​ទីផ្សារ​ប្រមាណ ៣១​ភាគរយ នៃ​ទេសចរ​អន្តរជាតិ​រប​ស់​កម្ពុជា​។​
​ប្រភព​ក្រសួងទេសចរណ៍​បញ្ជាក់​ថា​បច្ចុប្បន្ន មគ្គទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន មាន​ចំនួន ១០៤៦​នាក់ ក្នុងនោះ​ខេត្តសៀមរាប​មាន ៨៥១​នាក់​៕សរន