​វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​ចៅក្រម​តេ​ក្វាន់​ដូ WT ផ្នែក​មេគុន បានបញ្ចប់​

843
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ វគ្គ​បណ្ដុះបណ្ដាល អាជ្ញាកណ្ដាល និង ចៅក្រម​តេ​ក្វាន់​ដូ WT (World Taekwondo) ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៩ មក​នោះ បានបញ្ចប់​ហើយ នៅ​ថ្ងៃទី​២២ ឧសភា ២០១៩ ។​

​វគ្គ​នេះ បង្កើតឡើង ដោយ​ការ​សហការគ្នា រវាង​បណ្ឌិតសភា តេ​ក្វាន់​ដូ WT កម្ពុជា ជាមួយនឹង​ខេ​មរ​សហព័ន្ធ តេ​ក្វាន់​ដូ WT ។ វគ្គ​នេះ មាន​សិក្ខាកាម​ចូលរួម ចំនួន ១០ រូប ដែល​សុទ្ធ​តែមាន​កម្រិត ខ្សែក្រវាត់​ខ្មៅ ២ ដាន់ និង​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ព្រមទាំង​ចេះ​មេគុន ពី​មេគុន​ទី​១ ដល់​មេគុន​ទី​១១​។​

​លោក ឆ​យ យ៉ុង​សុក (Choi Yong Sok) ប្រធាន​វគ្គ នៃ​សហព័ន្ធ បាន​និយាយថា នេះ​ជាការ​កសាង ធនធានមនុស្ស ដើម្បី​ត្រៀម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ថ្នាក់ជាតិ​។ នេះ​ក៏​ជាការ​ពង្រឹង ដល់​ធនធាន​អាជ្ញាកណ្ដាល ចៅក្រម លើ​វិញ្ញាសា​មេគុន (Poomsae) ។

វគ្គ​នេះ សង្កត់ធ្ងន់​ទៅលើ វិធីសាស្ត្រ ក្នុងការ​ផ្ដល់​ពិន្ទុ ក្នុងការ​ប្រកួត​វិញ្ញាសា​មេគុន កាយវិកា​របស់​អាជ្ញាក​ណ្ដា​ល របៀប​ពិន័យ ការផ្ដល់​ពិន្ទុ ដោយ​យុត្តិធម៌ តួនាទី​របស់​អាជ្ញាកណ្ដាល ចៅក្រម មុនពេល​ប្រកួត ពេល​កំពុង​ប្រកួត និង​ក្រោយពេល​ប្រកួត​។​

​លោក ឆ​យ យ៉ុង​សុក បាន​បន្ថែមទៀតថា ក្រោយពី​បញ្ចប់ វគ្គ​សិក្ខាកាម​ទាំងអស់ នឹង​ទទួល​វគ្គ​បំប៉ន ជាមួយ​លោក រាល់​ព្រឹក​ថ្ងៃអាទិត្យ ដោយ​ធ្វើ​ការហាត់ រយៈពេល ១ ម៉ោង​កន្លះ ទៅ ២ ម៉ោង ក្នុង​រយៈពេល ១ ឆ្នាំ​ទៀត ដើម្បី​ទៅ​ឈាន​ប្រឡង យក​អាជ្ញាកណ្តាល និង​ចៅក្រម​ផ្នែក​មេគុន ល្អ​បំផុត ដើម្បី​បន្តទៅ​សិក្សា នៅក្រៅ​ប្រទេស​៕v

#