​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ចាប់ផ្ដើម​ហើយ​

224
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សម្រាប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ខាងមុខនេះ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement បាន​ឈានដល់​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​ហើយ ។​

​ជើង​ខ្លាំង ៤ រូប ដែល​មិនទាន់​ស្គាល់​ចាញ់ ក្នុង​វគ្គ​ជម្រុះ ៣ វគ្គ កន្លងមក​នោះ ត្រូវ​ប្រជែង​គ្នា ដណ្ដើម​កៅអី សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ។ អ្នក​ប្រដាល់ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង ព្រឿង សុជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​ក្រសួងការពារជាតិ ។​

​សម្រាប់​វគ្គ​នេះហើយ គឺ​គ្មាន​អ្នកខ្សោយ ជួប​ជាមួយ​អ្នកខ្លាំង​ទៀត​ទេ គឺ​មានតែ​អ្នកខ្លាំង ជួប​ជាមួយ​អ្នកខ្លាំង ហើយ​ទាំង​អ្នកឈ្នះ ទាំង​អ្នកចាញ់ សុទ្ធតែ​ទក់​សាច់ និង វេទនា​ដូចគ្នា ។​

​សូត្រ ខេ​វិ​ន និង ព្រឿង សុជាតិ​

​សូត្រ ខេ​វិ​ន ក្នុង​វគ្គ​ជម្រុះ ៣ វគ្គ កន្លងមក ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ គេ​បាន​យកឈ្នះ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ វគ្គ​ជម្រុះ​ជុំ​ទី​២ គេ​បាន​យកឈ្នះ អ្នក​ប្រដាល់ ចិត្រ សុ​ភី ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ដោយ​ពិន្ទុ​ដែរ ។ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣ គេ​ក៏បាន​យកឈ្នះ អ្នក​ប្រដាល់ រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ ដោយ​ពិន្ទុ​ទៀត​ដែរ ។​

​រីឯ ព្រឿង សុជាតិ វិញ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ គេ​បាន​យកឈ្នះ អ្នក​ប្រដាល់ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ គេ​បាន​យកឈ្នះ ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី នៅ​ទឹក​ទី​២ ។ វគ្គ​ជម្រុះ​ជុំ​ទី​៣ សុជាតិ បាន​យកឈ្នះ លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ ដោយ​ពិន្ទុ ។​

​ជើង​ខ្លាំង​ទាំង ២ រូបនេះ នរណា​ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ? សម្រាប់​អ្នកចាញ់ គឺ​ប្រជែង​ដណ្ដើម​តំណែង​លេខ​៣ ។ នរណា ជា​អ្នកមាន​សមត្ថភាព ?​។​

​កូយ ឡាយ និង​ទូច ដេវីដ​

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នេះដែរ កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ជើង​ថ្មី ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ។ កូយ ឡាយ គេ​ជា​អ្នក​ប្រដាល់ ដែល​ចាស់វស្សា ជាង ដេវីដ ។ នៅក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ កូយ ឡាយ បាន​យកឈ្នះ​អ្នក​ប្រដាល់ កំពែង ខ្មៅ សមាគម​ប្រដាល់ ក្រសួងកសិកម្ម ដោយ​ពិន្ទុ ។ វគ្គ​ជម្រុះ​ជុំ​ទី​២ គេ​ឈ្នះ រឿន ឈី ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ដោយ​ស្វ័យប្រវត្តិ ដោយសារតែ រឿន ឈី អវត្តមាន ដោយសារ​សុខភាព ។ ជុំ​ទី​៣ កូយ ឡាយ ឈ្នះ ស៊ន រ៉ា​គីម ក្លិប​រា​ហ៊ូ​កីឡា ខេត្តបាត់ដំបង ដែល​អវត្តមាន ដោយសារ​សុខភាព​ដែរ ។​

​ទូច ដេវីដ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​កំពុងតែ​អង្រន់​សង្វៀន​ប្រដាល់ សម្បើម​ណាស់ ។ នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ អ្នក​ប្រដាល់​ជើង​ថ្មី រូបនេះ ផ្ដួល​អ្នក​ប្រដាល់​ជើងចាស់ កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ នៅ​ទឹក​ទី​១ ។ ជុំ​ទី​២ គេ​ឈ្នះ ទិ​ត្យ សុវណ្ណ​គី​រី សមាគម​ប្រដាល់ ក្រសួងកសិកម្ម ដែល​អវត្តមាន ។ វគ្គ​ជម្រុះ​ជុំ​ទី​៣ គេ​បង្ក្រាប​ខ្លា​ចាស់ ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ។​

​ខ្លា​ចាស់ កូយ ឡាយ និង​អ្នក​ប្រដាល់​ជើង​ថ្មី ទូច ដេវីដ នរណា ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលជា​កៅអី​សម្រាប់​ពាន ដែលមាន​រង្វាន់​អម ៤.០០០ ដុល្លារ​នោះ ?​។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​ថៃ​វិញ​នោះ បាង កា​យ៉ាក់ សមាគម​ប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ជាមួយ ឃុំ ផា​យ៉ាក់ (Khum Phayak) ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​វិញ​នោះ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ជួប​ជាមួយ កំពែង ខ្មៅ សមាគម​ប្រដាល់ ក្រសួងកសិកម្ម ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ មាស បូរ៉ា ក្លិប​ដៃ​ដែក ជួប​ជាមួយ ពេជ្រ វិចិត្រ ក្លិប​យុវជន ១៥៧ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v