​វគ្គ​រដ្ឋបាល​កីឡា នៅ​ខេត្តស្វាយរៀង មានតែ ២ រូប​ប៉ុណ្ណោះ ដែល​បាន​និទ្ទេស​ល្អ​

582
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: វគ្គ​រដ្ឋបាល​កីឡា សម្រាប់​មន្ត្រី និង​គ្រូ​អប់រំ​កាយ និង​កីឡា នៅ​ខេត្តស្វាយរៀង ដែល​បើក​ឡើង នៅ​ខេត្តស្វាយរៀង ពីថ្ងៃ​ទី​២២ មេសា មក​នោះ បានបញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៥ មេសា ២០១៩ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ​វគ្គ​នេះ​។ វគ្គ​នេះ ឧបត្ថម្ភ​ពី​អង្គការ​សាមគ្គី អូឡាំពិក​អន្តរជាតិ ។​

​សិក្ខាកាម ដែល​ចូលរួម ចំនួន ២៥ រូបនោះ មាន ៣ រូប ជា​ស្ត្រី ដែល​មកពី​ការិយាល័យ​អប់រំ​កាយ និង​កីឡា មន្ត្រី និង​គ្រូ​អប់រំ​កាយ និង​កីឡា វិទ្យាល័យ​ខេត្តស្វាយរៀង មន្ត្រី​ការិយាល័យ​អប់រំ​កាយ និង​កីឡា ក្រុង​ស្វាយរៀង ស្រុក​ស្វាយទាប ស្រុក​ស្វាយជ្រំ ស្រុក​រំដួល និង​ស្រុក​រមាសហែក​។​

​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺ ក្នុងចំណោម​សិក្ខាកាម ចំនួន ២៥ រូប មានតែ ២ រូប​ប៉ុណ្ណោះ ដែល​ស្មើនឹង ៨ ភាគរយ បានទទួល​និទ្ទេស​ល្អ ៩ រូប ស្មើនឹង ៩ ភាគរយ ទទួលបាន​និទ្ទេស​ល្អ​បង្គួរ និង ១៤ រូប ស្មើនឹង ៥៦ ភាគរយ បានទទួល​និទ្ទេស​មធ្យម ។​

​វាគ្មិន សម្រាប់​វគ្គ​នេះ មាន​លោក​វេជ្ជបណ្ឌិត ស្ដើង ជា ប្រធាន​អនុគណៈកម្មការ​វេជ្ជសាស្ត្រ អម​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ដោយ​លោក​ធ្វើ​បទ​បង្ហាញ ពី​ការប្រឆាំង​ដូ​ប៉ា ឬ​ដូ​ពីង (​សារធាតុ​លើក​កម្លាំង ដែល​ត្រូវ​ហាម​មិន​ឲ្យ​ប្រើ​នៅក្នុង​កីឡា )​។ ភេសជ្ជៈ សម្រាប់​កីឡាករ – កីឡាការិនី ការបញ្ជាក់​ភេទ នៅក្នុង​កីឡា វិធី​ការពារ​របួស នៅក្នុង​កីឡា និង​ការសង្គ្រោះ​បន្ទាន់ ។​

​លោក បឹង គឹម​តោ អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ធ្វើ​បទ​បង្ហាញ​ពី​របៀប​ធ្វើ​ការងារ ជាមួយ​អ្នកស្ម័គ្រចិត្ត វិធី​ក្នុង​ការរៀបចំ​អង្គប្រជុំ ការទំនាក់ទំនង និង​បង្ហាញ​ពី​ការងារ​ស្ត្រី និង​កីឡា ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ធ្វើ​បទ​បង្ហាញ ពី​ប្រវត្តិ​ចលនា​អូឡាំពិក និង​រចនាសម្ព័ន្ធ​រប​ស់វា​។ អង្គការ​សាមគ្គី​អូឡាំពិក ការលេង​ដោយ​យុត្តិធម៌ ផែនការ​កម្មវិធី​ហ្វឹកហាត់​កីឡា ផែនការ​ចេញដំណើរ របស់​ប្រតិភូ ក្នុងការ​ចេញទៅ​ប្រកួត នៅក្រៅ​ប្រទេស និង ភាពជា​អ្នកដឹកនាំ ៕v

ទិដ្ឋភាព​បិទ​វគ្គ​