​វគ្គ​ហែល​ទឹក គ្រូ​កម្រិត​មូលដ្ឋាន ៨៥ ភាគរយ បានទទួល​និទ្ទេស​ល្អ​

565
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​កីឡាហែលទឹក កម្រិត​មូលដ្ឋាន​ថ្នាក់ជាតិ “National Beginners Swimming Coach Clinic” ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​១១ មក​នោះ បានបញ្ចប់​ហើយ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ សូមបញ្ជាក់ថា វគ្គ​នេះ បើក​ឡើង ក្រោម​គម្រោង​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង កីឡា​។ លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន អប់រំ​កាយ និង កីឡា បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ និង ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ដល់​សិក្ខាកាម ។​

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​មានប្រសាសន៍ ក្នុង​ពិធី​បើក​ថា វគ្គ​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​គ្រូបង្វឹក​ហែល​ទឹក នៅតាម​បណ្តា​ក្លិប​ឯកជន​នានា មន្ទីរ​អ​ប៉​រំ​កាយ និង​កីឡា និង​ក្លិប​ហែល​ទឹក ក្នុងការ​បង្ហាត់បង្រៀន កូនសិស្ស ព្រមទាំង​អាចជួយ​ជីវិត ពី​មហន្តរាយ នៃ​ការ​លង់ទឹក​ទៀតផង​។​

​សម្រាប់​វគ្គ​នេះ មាន​សិក្ខាកាម​ចូលរួម ចំនួន ៣០ នាក់ ដែល​ក្នុងនោះ នារី ៨ នាក់ ដែល​មកពី ៦ រាជធានី​-​ខេត្ត រួមមាន ខេត្តសៀមរាប ខេត្តកោះកុង ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា ។​

​លោក​បាន​បន្តថា សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​សំឡឹង​ឃើញ ការ​អភិ​ឌ្ឍ​វិស័យ​កីឡាហែលទឹក នៅ​ខេត្ត​ធំៗ​មួយចំនួន គឺ​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង ហើយ​ខេត្ត​ផ្សេងៗ​ទៀត សហព័ន្ធ​ចាប់ផ្តើម នៅក្រោយ ព្រោះ​ខេត្ត​ទាំងនោះ ក៏មាន​សក្តានុពល ផ្នែក​កីឡា​ហែ​លក​ទឹក​ដែរ​។​

​តាម​សេចក្ដីរាយការណ៍​បន្ថែម​នោះ​ថា វគ្គ​នេះ សិក្ខាកាម​ចំនួន ៨៥ ភាគរយ ទទួលបាន​និទ្ទេស​ល្អ និង មាន​ចំនួន ១៥ ភាគរយ បាន​និទ្ទេស​ល្អ​បង្គួរ ។ ការសិក្សា​ទ្រឹស្ដី ធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា និង អនុវត្តន៍​ជាក់ស្ដែង នៅ​អាង​ហែល​ទឹក មរតក​តេ​ជោ ។​

​វគ្គ​ឧទ្ទេស សម្រាប់​វគ្គ​នេះ គឺ​លោក ហែម គី​រី និង​លោក នាង សុរិទ្ធី​យ៉ា ដែលជា​អគ្គលេខាធិការរង ។ វគ្គ​នេះ សិក្សា​លម្អិត ទៅលើ​អំណាច និង​ភារកិច្ច​គ្រូបង្វឹក ទីលាន​ហ្វឹកហាត់ និង​ប្រកួត មូលដ្ឋានគ្រឹះ នៃ​កីឡាហែលទឹក វិញ្ញាសា​ហែល​ទឹក ការអភិវឌ្ឍន៍​និង​ទំនុកចិត្ត ។​

​បច្ចេកទេស នៃ​ការ​លោត​ចូល​ទឹក ជ្រមុជ​មុខ​ក្នុង​ទឹក វិធី​ប្រើ​ដង្ហើម វិធី​ធាក់​ជញ្ជាំង ការ​បណ្ដែត​ខ្លួន របៀប​អង្គុយ​គោះ​ជើង របៀប​គោះ​ជើង​សេរី របៀប​គោះ​ជើងដៃ​កាន់​ក្ដារ បច្ចេកទេស​ហែល​សេរី ជាមួយ​ដង្ហើម របៀប​ហែល​ផ្ងារ​ដៃ​២ បច្ចេកទេស​ធាក់​ជើង និង ដៃ​ហែល​របៀប​កង្កែប របៀប​ចេញដំណើរ បច្ចេកទេស​លោត និង វិធី​ជាច្រើន​ទៀត ៕v

​ទិដ្ឋភាព​បិទ​វគ្គ​បណ្ដុះបណ្ដាល​
​ទិដ្ឋភាព​បិទ​វគ្គ​បណ្ដុះបណ្ដាល​