​វង្ស វិឆ័យ ធ្វើ​ឲ្យ អាវ វ៉ា​តាន ស្គាល់​ចាញ់ លើដី​ខ្មែរ​

79
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា​
​ភ្នំពេញ​៖
នៅលើ​សង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ កាលពី​រសៀល ថ្ងៃទី​១៤ មីនា កន្លងទៅនេះ អ្នក​ប្រដាល់​កម្ពុជា វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១
​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដោយ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់ ជើង​ខ្លាំង​ថៃ អាវ វ៉ា​តាន (Ao Watan) ស្គាល់​បរាជ័យ​។​

សូមបញ្ជាក់ថា កន្លងមក មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ចំនួន ២ រូប ដែល​បរាជ័យ ក្រោម​កណ្ដាប់ដៃ​របស់ អ្នក​ប្រដាល់​ថៃ​រូបនេះ គឺ ធឿន ធារ៉ា ក្លិប​អេ​ភូ​ថង​កីឡា និង រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ ។ វិឆ័យ ឈ្នះ​ក្នុង​ការប្រកួត​នេះ​មែន តែ​ឈ្នះ​ទាំង​លំបាក ។ សូមបញ្ជាក់ថា ប្រសិនបើ អាវ វ៉ា​តាន មាន​កំពស់​ស្មើ ជាមួយ​វិឆ័យ ក៏ វិឆ័យ វេទនា​ដែរ ។​

ទិដ្ឋភាព​ប្រកួត​

​ស្ថានភាព នៃ​ការប្រកួត គឺ​ការ​វ៉ៃ​ចេញ​របស់ វិឆ័យ ចំ​គោលដៅ​បាន​ច្រើនជាង តែ​ការ​វ៉ៃ​ចេញ​របស់ អាវ វ៉ា​តាន ធ្ងន់​ល្អ និង​ច្បាស់ៗ​ជាង ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ តស៊ូ​យ៉ាង​តឹងតែង ជាមួយគ្នា ៥ ទឹក​ពេញ ដែល​លទ្ធផល​ចុងក្រោយ វង្ស វិឆ័យ បានទទួល​ជ័យជំនះ លើ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ រូបនេះ ដោយ​ពិន្ទុ​។​

​ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ដែលមាន​ឱកាស ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ដោយ​កម្រ​នោះ គេ​ជួប​បរាជ័យ នៅពេល​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ចំណូល​ថ្មី​ថៃ ផេ​ត ណា​ធី (Phat Nathy) ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ដែល​មិនសូវ​មានឈ្មោះ បោះ​សម្លេង​នោះ គេ​បាន​ព្យាយាម វាយប្រហារ​ជើង​ក្រោម​គូប្រកួត​របស់គេ តែ​មិនបាន​ផល​ឡើយ ។ ផេ​ត ណា​ធី ប្រើ​ជង្គង់​វាយ​ចេញ​បានល្អ និង​ចំ​គោលដៅ​បាន​ច្រើន ។ ផាន រះ បន្ទាប់ពី​វាយប្រហារ​ជើង​ក្រោម គូប្រកួត​មិនបាន​សម្រេច​នោះ គេ​ហាក់ដូចជា​វ៉ៃ តាមរបៀប​ផ្សងព្រេង ដោយ​មិនមាន​ប្លង់​វ៉ៃ​ច្បាស់លាស់​ឡើយ ហើយ​ពេលខ្លះ គេ​ការពារ​ច្រើន ជាង​វាយលុក ។ ទោះបីជា​យ៉ាងណា ក៏​ពួកគេ​ប្រកួត​គ្នា ពេញ​ទាំង​៥​ទឹក ដែល​លទ្ធផល​ចុងក្រោយ ជ័យជំនះ បាន​ទៅលើ​អ្នក​ប្រដាល់​ចំណូល​ថ្មី​ថៃ ផេ​ត ណា​ធី​។​

ទិដ្ឋភាព​ប្រកួត​

​ជំនួប​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ សូត្រ សុខ​ឃីម ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។ សេន កុសល ក្លិប​មោងឫស្សី មរតក​គុន​ខ្មែរ ត្រូវ​អ្នក​ប្រដាល់ ពុទ្ធ ភា​រិន្ទ ប្រើ​កណ្ដាប់ដៃ ឲ្យ​សន្លប់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៥​។ នៅ​ទឹក​ទី​២ ភា​រិន្ទ បាន​បញ្ចេញ​កណ្ដាប់ដៃ វាយ​ចំ​កណ្ដាល​មុខ កុសល បណ្ដាល​ឲ្យ ភា​រិន្ទ ដួល ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ ម្ដង​ហើយ តែ​គេ​បន្ត​ការប្រកួត​បាន​ទៀត ។ មកដល់​ទឹក​ទី​៥ កណ្ដាប់ដៃ​ចុងក្រោយ រប​ស់ភា​រិន្ទ បានបញ្ចប់​សកម្មភាព របស់​សេន កុសល​តែម្ដង ។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​១៥ មីនា វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ចាន់ សំអាត ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ផា ថា​ឡេ​ក (Pha Thalek) ដោយ​ពិន្ទុ ដាច់​តែម្ដង ។ ផា ថា​ឡេ​ក ត្រូវ​អាជ្ញាកណ្ដាល ព្រមាន​ដោយសារតែ​ទឹក​ដំបូងៗ គេ​មិន​វ៉ៃ ដោយ​បន្ធូរដៃ​ឲ្យ សំអាត ។ តែ​ចាប់ពី​ទឹក​ទី​៣ ទៅ គេ​ចាប់ផ្ដើម​វាយលុក ធ្វើ​ឲ្យ សំអាត ដកថយ និង​ស្ទើរតែ​គ្មាន​ឱកាស​វ៉ៃ​សង​វិញ ។ ទឹក​ទី​៤ និង​ទឹក​ទី​៥ កម្លាំង​របស់ សំអាត ធ្លាក់ចុះ​តែម្ដង​មិនតែប៉ុណ្ណោះ​គេ ត្រូវ​អ្នក​ប្រដាល់​ថៃ រូបនេះ រុញ​ឲ្យ​ដួល​ជា​ញឹកញាប់ ។ បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៥ ចាន់ សំអាត ចាញ់​ពិន្ទុ ផា ថា​ឡេ​ក​ដាច់​តែម្ដង ៕v