​វង្ស វិឆ័យ និង នី សុ​ភី នឹង​បន្ត​ឈ្នះ​

244
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សម្រាប់​យប់​ថ្ងៃទី​២០ តុលា ក្នុង​ព្រឹត្តិការណ៍​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion ដល់​វេន ដែល​អ្នក​ប្រដាល់​កម្ពុជា វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន (Phat Oubun) ហើយ ។​

​នេះ​ជាការ​ប្រកួត លើក​ទី​២ របស់​ពួកគេ​ទាំង ២ ។ កាលពី​ការប្រកួត​លើក​ទី​១ វិឆ័យ ផ្ដួល​អ្នក​ប្រដាល់​ថៃ រ៉ុង ណា​ផា (Rong Napha) ឲ្យ​បោះបង់ចោល​ការប្រកួត មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៥​។ ចំពោះ ផេ​ត អ៊ូ​ប៊ុន វិញ កាលនោះ ប្រកួត​ចាញ់ នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ពិន្ទុ​។​

វង្ស វិឆ័យ និង ផេ​ត អ៊ូ​ប៊ុន​

​តាមពិតទៅ វិឆ័យ ជា​អ្នក​ប្រដាល់​ថ្មី ដែរ​ទេ តែ​កាយសម្បទា​គេ មាន​អំណោយផល​ល្អ គួបផ្សំ​នឹង​ការព្យាយាម ហ្វឹកហាត់​ទៀត​នោះ បានធ្វើ​ឲ្យ​អ្នក​ប្រដាល់​រូបនេះ ឆាប់​ទទួលបាន​ភាពល្បីល្បាញ ឆាប់​យ៉ាងនេះ ។ ក្នុងការ​ប្រកួត​ជើងឯក​ជាតិ ដែល​ទើបតែនឹង​បញ្ចប់ទៅ នាពេល​ថ្មីៗ​នេះ វិឆ័យ ដណ្ដើមបាន​មេដាយមាស លើ​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម​ទៀតផង ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៦​ដង ឈ្នះ​៥១​ដង និង​ចាញ់​៥​ដង ។​

​ចំពោះ ផេ​ត អ៊ូ​ប៊ុន ក៏​ជា​អ្នកខ្លាំង​មួយរូប​ដែរ តែ​កំពស់​គេ​ចាញ់​ប្រៀប វិឆ័យ ដាច់​ហើយ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៨​ដង ឈ្នះ​៥៦​ដង ចាញ់​១២​ដង ។ នរណា ជា​អ្នកឈ្នះ ក្នុងការ​ប្រកួត​នេះ ? នរណា ក៏មាន​ជំនឿ​ចិត្ត​ថា វង្ស វិឆ័យ នឹង​ឈ្នះ​ជាមិនខាន ។​

នី សុ​ភី និង រ៉ុង ណា​ផា​

​ចំពោះ នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា​វិញ ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់​ថៃ រ៉ុង ណា​ផា (Rong Napha) ដែល​ការប្រកួត​មួយ​នេះ នរណា ក៏​ជឿថា សុ​ភី មានឱកាស​ឈ្នះ​ច្រើនជាង​ដែរ ។ នេះ​ជាការ​ប្រកួត លើក​ទី​២ របស់​ពួកគេ ទាំង ២ ដែល​ការប្រកួត​លើក​ទី​១ សុ​ភី បានទទួល​ជ័យជំនះ ឯ រ៉ុង​ណា​ផា ចុះចាញ់​គូប្រកួត មុន​ចប់​ទឹក​ទី​៥ ។​

​សុ​ភី ជា​អ្នក​ប្រដាល់ ដែលមាន​ជង្គង់​ល្អ កែង​រហ័ស ចាប់​ស្អិត និង​ពូកែ​រារាំង មិន​ឲ្យ​គូប្រកួត ចូលមក​កៀក​ខ្លួនគេ បានឡើយ​។ រ៉ុង ណា​ផា កាលពី​ទើបតែ លេចមុខ មក​ប្រកួត​នៅ​ស្រុក​ខ្មែរ គេ​ខ្លាំងណាស់ តែ​ពេលនេះ គេ​ហាក់ដូចជា​ស្រុតចុះ​ច្រើន ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៨​ដង ឈ្នះ​៥៦​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ ១ ដង ។ ចំណែក នី សុ​ភី វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៨​ដង ឈ្នះ​១២៨​ដង ចាញ់​២៨ ដង និង​ស្មើ​ពិន្ទុ ១២​ដង ។ គេ​ជឿថា សុ​ភី នឹង​បន្ត​ឈ្នះ ក្នុង​ព្រឹត្តិការណ៍​នេះ ជាមិនខាន ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ហ៊ា ចាន់ថន ក្លិប​គី​សែ​មាន​រិ​ទ្ធ ជួប​ជាមួយ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។ លន់ សៀកឡេង ក្លិប​ព្រៃទទឹង​កីឡា ប្រកួត​ជាមួយ នឹម នន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ឡុង ប៊ុន​ឆាយ ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ ឈាន រស្មី ក្លិប​ខេត្ត​រតនគីរី ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​៕v