​វង្ស វិឆ័យ និង ហ៊ឹម សេរី រង់ចាំ​ស្វាគមន៍​ថៃ លើស​ង្វៀន Wurkz

254
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ទម្ងន់​ស្រាល ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ បាន​ត្រៀមខ្លួន រួចហើយ ដើម្បី​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ស៊ុម ជី​ឡេ​ក (Soum Chilek) លើស​ង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នៅ​រសៀល ថ្ងៃទី​២៤ មីនា នេះ ។

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នឹង​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ សម្រាប់​សេរី នរណា ក៏​ដឹងថា គេ​ជា​អ្នកខ្លាំង សម្រាប់​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម​នេះដែរ ។ បន្ទាប់ពី​ស្រុតចុះ​មួយរយៈ​នោះ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ បាន​ពង្រឹង​ខ្លួន​ឡើងវិញ ហើយ​គេ​ក្លាយជា​អ្នក​ប្រដាល់ ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ ។​

ហ៊ឹម សេរី និង ស៊ូ​ម ជី​ឡេ​ក​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ស៊ុម ជី​ឡេ​ក វិញ គេ​ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ មិនមាន​នរណា ដឹង​ពី​សមត្ថភាព ពិតប្រាកដ​របស់គេ​ឡើយ ។ បើតាម​ការ​ឲ្យ​ដឹង​ពី មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ខ្សោយ​ទេ គេ​អាច​កំដរ​លេង ជាមួយ​សេរី​បាន ។​

​ស៊ូ​ម ជី​ឡេ​ក មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៧​ដង ឈ្នះ​៣៩​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ ១ ដង ។ ចំពោះ​ហ៊ឹម សេរី វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៧២​ដង ចាញ់​១៣​ដង ។ ជំនួប​រវាង​អ្នក​ប្រដាល់ ទម្ងន់​តូច​រូបនេះ នរណា ជា​អ្នកខ្លាំង​ពិតប្រាកដ ។ នរណា ក៏​ជឿថា ហ៊ឹម សេរី អាចមាន​ឱកាស​ឈ្នះ​ច្រើនជាង ។​

​វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ អ្នក​ប្រដាល់​អ៊ីរ៉ង់ ឈ្មោះ ម៉ារ​ទីន (Martin) ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។​

​វិឆ័យ ជា​អ្នក​ប្រដាល់ ដែល​ទើបតែ​លេចមុខ​មក​ទេ តែ​គេ​ជា​បានធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ របស់គេ ល្បីល្បាញ​បាន​យ៉ាង​ឆាប់រហ័ស ដោយសារតែ​ការប្រកួត ភាគច្រើន គេ​បានទទួល​ជ័យជំនះ ។ ចំពោះ ម៉ារ​ទីន វិញ គេ​ហ្វឹកហាត់ នៅ​ស្រុកថៃ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ២-៣ លើក មកហើយ គេ​មិន​អន់​នោះទេ ។​

​វិឆ័យ ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​៣៩​ដង ឈ្នះ​៣៥​ដង ចាញ់​៤​ដង អាច​យកឈ្នះ​ម៉ារ​ទីន ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​២២​ដង ឈ្នះ​១៨​ដង និង​ចាញ់​៤​ដង បាន​ឬទេ ?​។ អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ កណ្ដាប់ដៃ​ធ្ងន់​ណាស់ ។​

វង្ស វិឆ័យ និង ម៉ារ​ទីន​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ មាឃ សុវណ្ណារ៉ា ក្លិប​ខេត្តរតនគិរី ប្រកួត​ជាមួយ អេ​លី​ត កែវ​ឡុង ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ខ្លា​ចាស់ វ៉ែន សុវណ្ណ ក្លិប​កងកេង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ​ខ្លា​ចាស់ លួ​ន សុខ ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ៕v