​វត្តមាន​ព្រះពុទ្ធសាសនា​នៅក្នុង​សម័យអង្គរ​

2878
ចែករម្លែក
  • 33
    Shares

ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញ​: បណ្ឌិត នី​កូ​ឡាស រី​វៀ គឺជា​អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​ខេមរៈ​សិក្សា លោក​ក៏​ជា​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​សិក្សា​ស្រាវជ្រាវ​មូលដ្ឋានគ្រឹះ​សំខាន់ៗ ស្តីពី​សិល្បៈ​សម័យបុរាណ (Liberal Arts) នៃ​សាកលវិទ្យាល័យ ​Thammasat នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។ លោក បានបញ្ចប់​សញ្ញាប័ត្រ​ប​ណ្ឌិ​ត​នៅ​សាកលវិទ្យាល័យ​បារាំង​ទី​៣ នៅ Sorbonne ក្នុងប្រទេស​បារាំង ជំនាញ​ខាង​សិល្បៈ​ព្រះពុទ្ធសាសនា និង​ខាង​បុរាណវិទ្យា​នៅ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ដោយ​លោក​បាន​ផ្តោតទៅលើ​ប្រទេស​ថៃ និង​កម្ពុជា មុន​សម័យ​ទំនើប​។

​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ បណ្ឌិត នី​កូ​ឡាស រី​វៀ បានរៀបចំ​ធ្វើ​បាឋកថា​សាធារណៈ​មួយ ស្តីពី “​វត្តមាន​របស់​ព្រះពុទ្ធសាសនា​នៅក្នុង​សម័យអង្គរ​” នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ស្ថិតក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

ទិដ្ឋភាព​បាឋកថា​សាធារណៈ​មួយ ស្តីពី “​វត្តមាន​របស់​ព្រះពុទ្ធសាសនា​នៅក្នុង​សម័យអង្គរ​” នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ស្ថិតក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​បាឋកថា​សាធារណៈ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ត្រួតពិនិត្យ​មើល​អំពី​វត្តមាន​របស់​ព្រះពុទ្ធ​នៅក្នុង​សម័យអង្គរ ដែល​ត្រូវបាន​ពិពណ៌នា​នៅក្នុង​រឿងព្រេង​។ ការសិក្សា​អំពី​វត្តមាន​ព្រះពុទ្ធ​ដ៏​លម្អិត​នេះ គឺមាន​ប្រភព​មកពី​សម័យអង្គរ រួមទាំង​វត្ថុតាង​ទាំងអស់​ដែល​បាន​បន្សល់ទុក​តាំងពី​សម័យមុន (​សតវត្សរ៍​ទី​១២ ដល់​សតវត្សរ៍​ទី​១៦)​។ រឿងព្រេង​ទាំងនេះ ត្រូវបាន​រកឃើញ​នៅ​ទីសក្ការៈ​ព្រះពុទ្ធសាសនា ឬក៏​នៅលើ​ផ្ទាំង​ចម្លាក់​ថ្ម ដែល​ភាគច្រើន​មិន​ត្រូវបាន​បោះពុម្ពផ្សាយ​។ ប៉ុន្តែ​ឥឡូវ​រឿងព្រេង និង​ចម្លាក់​ថ្ម​ទាំងនេះ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅតាម​សារមន្ទីរ ឬ​នៅតាម​ឃ្លាំង​ស្តុក ឬក៏​ទីតាំង​ផ្ទុក​វត្ថុ​បុរាណ​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម​។​

​ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​ពឹង​ផ្អែកទៅលើ​សារពើ​ភណ្ឌ​ថ្មីៗ​ដែល​បាន​រៀបរាប់ និង​បកប្រែ​អំពី​រឿងព្រេង​របស់​ព្រះពុទ្ធ​ដែល​ប្រជាជន​ទូទៅ​បាន​ស្គាល់​រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ចំពោះ​ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​បាន​ប្រើប្រាស់​ឧបករណ៍​ប៉ារ៉ាម៉ែត្រ​ដំបូង​គេ ក្នុងការ​សិក្សា​អំពី​រចនាបថ​រូបចម្លាក់ និង​ឯកសារ​សិក្សា​អំពី​វត្តមាន​ព្រះពុទ្ធ​មុន​បរិបទ​សម័យ​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយមាន​បញ្ហា​ប្រឈម​ទាំង​អក្សរ​ចារិក​ជា​ភាសាបាលី និង​ការស្រាវជ្រាវ​ដែលមាន​ពីមុនមក ព្រមទាំង​ចំណុច​សំខាន់​នៃ​ប្រភព​ភាសា​តាម​តំបន់​ផ្សេងៗ ការសិក្សា​ស្រាវជ្រាវ​នេះ គឺមាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កាលបរិច្ឆេទ និង​ការស្វែងយល់​ពី​ភាពជឿនលឿន និង​ភាព​មានតែ​មួយ​នៃ​ព្រះពុទ្ធសាសនា​ហីនយាន​នៅ​សម័យអង្គរ​នៃ​ប្រទេស​កម្ពុជា និង​រីក​សាយភាយ​ក្នុង​ដែនដី អាស៊ីអាគ្នេយ៍ នៃ​រយៈកាល​ចុង​សម័យអង្គរ​។​

​ក្នុង​កម្មវិធី​បាឋកថា​សាធារណៈ​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​សាធារណជន​ទូទៅ​ជាច្រើន​ដូចជា បុគ្គលិក​អង្គការ សា​ស្រា្ត​ចា​រ្យ និង​សិស្ស​-​និស្សិត​ជាច្រើន​នាក់​ទៀត​។​
​មុននឹង​ចាប់ផ្តើម​បើក​កម្មវិធី​បាឋកថា​សាធារណៈ​នេះ លោក នី​កូ​ឡាស រី​វៀ ក៏បាន​មានប្រសាសន៍ថា ក្នុង​ដំណើរ​កិច្ចការងារ​ស្រាវជ្រាវ​ទាក់ទង​នឹង​វត្តមាន​របស់​ព្រះពុទ្ធ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​នេះ គឺ​លោក​ទទួលបាន​អាហារ​រូបករណ៍​ដើម្បី​សិក្សា​ទៅលើ​សិលា​ចារិក​ដែល​ពិពណ៌នា ពី​វត្តមាន​របស់​ព្រះពុទ្ធ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។ លោក នី​កូ​ឡាស រី​វៀ ក៏បាន​បន្ថែមថា បាឋកថា​នៅថ្ងៃនេះ​គឺ​គាត់​បង្ហាញ​តែ​ទិន្នន័យ​ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ដោយសារតែ លោក​ទើបតែ​ចាប់ផ្ដើម​ការងារ​ស្រាវជ្រាវ​ទាក់ទង​នឹង​រឿងរ៉ាវ​ទាំងនេះ​។ លោក នី​កូ​ឡាស រី​វៀ បាន​បញ្ជាក់ថា បាឋកថា​នៅថ្ងៃនេះ​នឹង​ផ្តោត​យ៉ាងសំខាន់​ទៅលើ​សិលា​ចារិក​ដែល​ពិពណ៌នា​ពី​ការ​ប្រសូត្រ​របស់​ព្រះពុទ្ធ ហើយ​វា​ជា​ផ្នែក​មួយ​ដែល​គាត់​បានធ្វើ​យ៉ាង​ធំ​ទូលាយ​យូរណាស់​មកហើយ​។ មិន​តែ​ប៉ុ​ណ្ណោ លោក​បាន​ប្រាប់​ទៅកាន់​អ្នកចូលរួម​ទាំងអស់​ថា នៅ​វគ្គ​សំណួរចម្លើយ​នៅ​ខាងចុង​នៃ​ការធ្វើ​បទ​បង្ហាញ​គាត់​នឹង​ធ្វើជា​ភាសា​អង់គ្លេស​ផង និង​ភាសា​បារាំង​ដែលជា​ភាសា​ដើម​របស់គាត់​។​

​បន្ទាប់ពី លោក នី​កូ​ឡាស រី​វៀ បានធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​វត្តមាន​ព្រះពុទ្ធ​នៅក្នុង​សម័យអង្គរ​រួចមក ក៏មាន​អ្នកចូលរួម​មួយចំនួន​បាន​សួរ​សំណួរ​ទៅកាន់​គាត់​ដូចខាងក្រោម​៖
១) តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ដឹង​ច្បាស់​អំពី​រឿងរ៉ាវ​របស់​ព្រះពុទ្ធ​ដែល​បានបង្ហាញ​នៅក្នុង​រូបចម្លាក់​?
២) តើ​មួយណា​ខុស​មួយណា​ត្រូវ​រវាង​អក្សរ​ចារិក​ជា​ភាសាបាលី និង​ភាសា​សំ​ស្ត្រឹ​ត ទាក់ទង​នឹង​ការ​ប្រសូត្រ​របស់​ព្រះពុទ្ធ​?
៣) តើ​លោក​ជួប​បញ្ហា​អ្វីខ្លះ នៅក្នុង​ការងារ​ស្រាវជ្រាវ​ទាក់ទង​នឹង​វត្តមាន​ព្រះពុទ្ធ​នៅក្នុង​សម័យអង្គរ​?
៤) ហេតុអ្វី​បាន​ជាមាន​រូបចម្លាក់​ព្រះពុទ្ធ​នៅ​សម័យអង្គរ​នៅក្នុង​វត្ត​វៀតណាម​?៕ ល​