​វាយ​កូនឃ្លី​លើ​តុ ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ក្រសួងមហាផ្ទៃ ឈរ​ចំណាត់ថ្នាក់​លេខ​១

372
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រកួត​កីឡា វាយ​កូនឃ្លី​លើ​តុ ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង លើក​ទី​៣ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ មក​នោះ បានបញ្ចប់​ហើយ នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​៧ មករា ២០១៩ នេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍​នេះ មាន​កីឡាករ -​កីឡាការិនី ចូលរួម​ចំនួន ១០៩ រូប ក្នុងនោះ កីឡាការិនី ចំនួន ៩ រូប គឺមាន​ចំនួន​លើសពី ចំនួន​កីឡាករ​- កីឡាការិនី ដែល​ចូលរួម​ប្រកួត​ជើងឯក​ជាតិ កន្លងមក ។​

​លោក​បាន​បន្តថា ព្រឹត្តិការណ៍​នេះ ធ្វើឡើង ដើម្បី​អបអរសាទរ ជ័យជំនះ​លើក​ទី ៤០ ថ្ងៃ​រំដោះ ៧ មករា (១៩៧៩-២០១៩)​។ កីឡាករ – កីឡាការិនី ទាំង ១០៩ រូបនេះ មកពី​សមាគម​-​ក្លិប ចំនួន ១១ ។ ចំពោះ​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ៦ គឺ វិញ្ញាសា​ឯកត្តជន អាយុ​៥០​ឆ្នាំ​ឡើង វិញ្ញាសា​ឯកត្តជន អាយុ​៥០​ឆ្នាំ​ចុះ វិញ្ញាសា​អាយុ​ក្រោម ៣០​ឆ្នាំ វិញ្ញាសា​ឯកត្តជន​នារី វិញ្ញាសា​វាយ​គូ និង​វិញ្ញាសា​វាយ​គូ​ចម្រុះ​។​

​ចំពោះ​លទ្ធផល នៃ​ការប្រកួត​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ លើសគេ មេដាយមាស​២ ប្រាក់​៣ សំរឹទ្ធ​៣ – ក្លិប​អ​ល​ស្តារ ប្រាក់​១ សំរឹទ្ធ​២ – ក្លិប​កីឡា​មានជ័យ មាស​២ ប្រាក់​១ – ក្លិប​កីឡា ស៊ី​ធី​ស្ព​ត មាស​១ សំរឹទ្ធ​១ – អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មាស​១ – អង្គភាព អ​.​គ​.​រ ប្រាក់​១ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អះអាងថា នៅមុន​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ ឆ្នាំនេះ លោក​នឹង​រៀបចំ​ព្រឹត្តិការណ៍ ប្រកួត​វ័យ​យុវជន អាយុ​១៥​ឆ្នាំ និង​១៨​ឆ្នាំ ។​

​សូមបញ្ជាក់ថា ក្នុងការ​ប្រកួត​នេះ រង្វាន់​អម មេដាយមាស មាន​ចំនួន ១.០០០.០០០ រៀល អម​មេដាយប្រាក់​ចំនួន ៦០០.០០០ រៀល និង អម​មេដាយសំរិទ្ធ ១០០.០០០ រៀល ។ ចំពោះ​ចំណាត់ថ្នាក់​លេខ​៤ មាន​រង្វាន់​លើកទឹកចិត្ត ២០០.០០០ រៀល ៕v

ទិដ្ឋភាព​​បំពាក់​មេដាយ​
ទិដ្ឋភាព​បំពាក់​មេដាយ​