​វាលវែង​៖ អតីត​តំបន់​តស៊ូ​របស់​មេដឹកនាំ​ខ្មែរក្រហម​

209

​ដោយៈ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ នៅពេលដែល​យើង​ធ្វើដំណើរ​ទៅកាន់​ទិសពាយ័ព្យ​ក្នុងប្រទេស​កម្ពុជា យើង​នឹង​ឃើញ​មាន​ភ្នំ​ជាច្រើន​ត​ភ្ជាប់​គ្នា​យ៉ាង​វែង​អន្លាយ ដែល​លាតសន្ធឹង​នៅតាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​ថៃ និង​អមដោយ​ទេសភាព​បៃតង​ស្រស់បំព្រង​។ តំបន់​នោះ​ត្រូវបាន​ដាក់ឈ្មោះ​ឲ្យ​ថា តំបន់​វាលវែង បន្ទាប់ពី​កងកម្លាំង​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៦​។ វាលវែង គឺជា​ឈ្មោះ​របស់​ស្រុក​មួយ​នៅក្នុង​ខេត្តពោធិ៍សាត់ ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តកោះកុង និង​ស្រុក​សំឡូត​នៃ​ខេត្តបាត់ដំបង ព្រមទាំង​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្ត​ត្រា​តនៃ​ប្រទេស​ថៃ​។ ថ្មីៗ​នេះ វាលវែង មាន​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវថ្នល់​ក្រាល​កៅស៊ូ​ឆ្លងកាត់ ជួរ​ភ្នំ​រាប់រយ​គីឡូម៉ែត្រ​រហូតដល់​ព្រំដែន​ប្រទេស​ថៃ ខណៈពេលដែល​ផ្លូវថ្នល់​មួយចំនួនទៀត​កំពុងតែ​សាងសង់​ភ្ជាប់​ទៅ​ស្រុក និង​ខេត្ត​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយឡែក យើង​ក៏​សង្កេតឃើញថា ផ្លូវថ្នល់​ទៅកាន់​ភូមិ​នានា​មួយចំនួន​នៅក្នុង​ស្រុក​វាលវែង កំពុងតែ​ប្រឈមមុខ​ក្នុងស្ថានភាព​លំបាក​នៅឡើយ​។ ប្រជាជន​នៅតាម​ភូមិ​នីមួយៗ​រស់នៅក្នុង​ផ្ទះ​តូចៗ​ដាច់​ឆ្ងាយ​ពីគ្នា និង​មាន​ភាពស្ងាត់ជ្រងំ ដែលជា​រឿយៗ​នៅតាម​ផ្លូវ​យើង​ប្រទះឃើញ​មាន​រថយន្ត និង​ម៉ូតូ​បើក​ឆ្លងកាត់​ម្តងម្កាល​។ ប្រជាជន​ភាគច្រើន ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ និង​ប្រជាជន​មួយចំនួនទៀត​ប្រកប​របរ​សិប្បកម្ម​ដូចជា​ការកែច្នៃ​ឈើ​ធ្វើជា​គ្រឿង​សង្ហា​រឹម​ជាដើម​។

​សម្រស់​ធម្មជាតិ និង​ភាពស្ងប់ស្ងាត់​នៅ​ស្រុក​វាលវែង កំពុងតែ​បិទបាំង​ភាពអាថ៌កំបាំង​និង​ប្រវត្តិសាស្ត្រ​ដ៏​សែន​សោកសៅ​របស់ខ្លួន​។ ប្រសិនបើ​យើង​មើល​ដោយ​ក្រសែភ្នែក យើង​នឹង​នឹកស្មាន​មិន​ដល់​ថា តំបន់​វាលវែង​ធ្លាប់បាន​ជួបប្រទះ​នូវ​រឿងរ៉ាវ​ដ៏​សែន​គ្រោតគ្រាត​នៅក្នុង​អំឡុងពេល និង​បន្ទាប់ពី​សង្គ្រាម​ដ៏​ឃោរឃៅ​នៅ​សម័យកាល​មួយ​ដែល​ដឹកនាំ​ដោយ​ក្រុម​កុម្មុយនីស្ត ក្នុង​របប​ខ្មែរក្រហម​។ អស់​រយៈពេល​ប្រហែល​៤​ឆ្នាំ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុម​ផ្តាច់ការ​ខ្មែរក្រហម​នៅក្នុង​ប្រទេស​កម្ពុជា បានធ្វើ​ឲ្យ​ជីវិត​របស់​ប្រជាជន​ហាក់បីដូចជា​កំពុង​រស់នៅក្នុង​ភព​មួយ​ងងឹត​សូន្យឈឹង​ដែល​នៅ​ដាច់​សែនឆ្ងាយ​ពី​ពិភព​ខាងក្រៅ និង​ជា​លទ្ធផល​នៃ​ការដឹកនាំ​របស់​ក្រុមខ្មែរក្រហម ក៏បាន​បន្សល់ទុក​នូវ​ស្នាមរបួស ដែល​មិនអាច​ព្យាបាល​បាន​ជាមួយនឹង​អនុស្សាវរីយ៍​ដ៏​សែន​សង្វេគ​ដល់​ប្រជាជន​កម្ពុ​ជាជាង​៥​លាន​នាក់ ដែល​នៅ​រស់រានមានជីវិត​ប​ន្ទា​ប់​ពី​របប​ដ៏​សាហាវឃោរឃៅ​មួយ​នេះ​។ ឆ្នាំ​១៩៧៩ នៅពេលដែល​កងកម្លាំង​ខ្មែរក្រហម​ចាប់ផ្តើម​បែកខ្ញែក និង​ខ្សត់ខ្សោយ ដោយ​មិនអាច​វាយ​ទប់ទល់​ជាមួយ​កងទ័ព​វៀតណាម​និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន មេដឹកនាំ​ខ្មែរក្រហម កម្មាភិបាល និង​កងទ័ព​ខ្មែរក្រហម នៅតាម​តំបន់​ផ្សេងៗ​បាន​រត់គេចខ្លួន​ទៅ​រស់​នៅតាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​ថៃ​។ មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ មិនបាន​ទទួលស្គាល់​ភាពបរាជ័យ​របស់ខ្លួន​ឡើយ ហើយ​បាន​រត់គេចខ្លួន​ទៅ​រស់​នៅតាម​បណ្តោយ​ជួរ​ភ្នំ​ក្រវ៉ា​ញ និង​តំបន់​វាលវែង ដើម្បី​ប្រមូលផ្តុំ​កម្លាំង និង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល​វិញ​។ នៅពេលដែល​វៀតណាម បាន​ដក​កងទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៨៩ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​កងទ័ព ព្រមទាំង​ក្រុមគ្រួសារ​របស់​កងទ័ព​របស់ខ្លួន​ទៅ​រស់នៅ​តំបន់​មួយចំនួន​នៅក្នុង​ស្រុក​វាលវែង​បន្ថែមទៀត ក្នុង​គោលបំណង​ពង្រីក​មូលដ្ឋាន​គ្រប់គ្រង​។ យើង​ប្រហែល​ធ្លាប់​បានឮ​ជារឿយៗ​អំពី​ហេតុការណ៍ ដែល​បាន​កើតឡើង​នៅតាម​តំបន់​កាន់កាប់​របស់​មេដឹកនាំ​ខ្មែរក្រហម ដូចជា តំបន់ភ្នំ​វ​ល្លិ៍ សំឡូត ម៉ាឡៃ ប៉ៃលិន អន្លង់វែង និង​តំបន់​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​មាន​ប្រជាជន​តិចតួច​នៅឡើយ​ដែល​បានដឹង និង​និយាយ​អំពី​ប្រវត្តិសាស្ត្រ​របស់​តំបន់​វាលវែង​នៅ​អំឡុងពេល​នៃ​ការគ្រប់គ្រង​របស់​មេដឹកនាំ​ខ្មែរក្រហម​។ រហូតដល់​ឆ្នាំ​១៩៩៦ រាជរដ្ឋាភិបាល បានចាប់ផ្តើម​ប្រើប្រាស់​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដើម្បី​រួមបញ្ចូល​ខ្មែរក្រហម​ក្នុងសង្គម​ខ្មែរ​តែមួយ​វិញ​។ ការចរចា​គ្នា​បានធ្វើ​ឲ្យ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន បាន​រត់ចោលជួរ​មក​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល ហើយ​អត​តី​ខ្មែរក្រហម​ទាំងនេះ​ថែមទាំង​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលធ្វើការ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ថែម​ទៀតផង​។ ទោះបីជា​សង្គ្រាម​បានបញ្ចប់​នៅ​តំបន់​វាលវែង​ហើយក៏​ដោយ ក៏​មិនសូវមាន​ប្រជាជន​ចំណូល​ថ្មី​ចូលមក​តាំងទី​លំ និង​រស់នៅក្នុង​តំបន់​នេះ​ច្រើន​ដែរ បើ​ប្រៀបធៀប​ទៅនឹង​តំបន់​ផ្តាច់ខ្លួន​របស់​ខ្ម្មែ​រ​ក្រហម​ផ្សេងទៀត ដោយ​មូលហេតុ​ជាច្រើន​។ ប្រជាជន​ដែល​រស់នៅ​តំបន់​វាលវែង​ភាគច្រើន​គឺជា​អតីត​កម្មាភិបាល កងទ័ព និង​គ្រួសារ​របស់​ខ្មែរក្រហម​។​

​បុរស​ពិការ​ម្នាក់​ឈ្មោះ អ៊ុំ ធុច គឺជា​អតីត​យោធា​ខ្មែរក្រហម ដែល​បាន​ចូលមក​រស់នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដំបូងបង្អស់​ជាមួយ​អតីត​យោធា​ខ្មែរក្រហម​ចំនួន​សរុប​៦០​គ្រួសារ បាន​រៀបរាប់​ពីបទ​ពិសោធន៍​តស៊ូ​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម​ដូចខាងក្រោម​៖
​ខ្ញុំ​និង​ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ​ខាត់ មឿ​ន បាន​រៀបការ​នៅក្នុង​ឆ្នាំ​១៩៧៣ និង​មានកូន​ចំនួន​៥​នាក់​គឺ​ស្រី​២​នាក់ និង​ប្រុស​៣​នាក់​។ កូន​របស់ខ្ញុំ​បាន​រៀបការ​កសាង​គ្រួសារ​ថ្មី​អស់​ចំនួន​៤​នាក់​រួចហើយ​។ សព្វថ្ងៃនេះ​ខ្ញុំ​មាន​អាយុ​៧០​ឆ្នាំ រីឯ​ប្រពន្ធ​របស់ខ្ញុំ​មាន​អាយុ​៦៦​ឆ្នាំ ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច​នៅក្បែរ​ផ្ទះ​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ ខ្ញុំ​រៀនសូត្រ​បាន​តិចតួច​ណាស់​គឺ​រៀន​បានត្រឹមតែ​ចេះ​អាន​អក្សរ “​ក​” ឬ “​ខ​” តែប៉ុណ្ណោះ​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ ចូ​ត រីឯ​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ទិ​ត្យ នូវ​។ ខ្ញុំ​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​១២​នាក់ ដែលមាន​ស្រី​២​នាក់ និង​ប្រុស​១០​នាក់​។ នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ខ្ញុំ​មាន​អាយុ​ប្រហែល​១៧​ឆ្នាំ​។ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចូលធ្វើ​ជា​ទាហាន​បាន​រយៈពេល​ប្រហែល​២​ឆ្នាំ​ដែរ​។ មិនយូរប៉ុន្មាន បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់​ព្រះ​មុខ​រដ្ឋ​សម្តេច​នរោត្តម សីហនុ ចេញពី​តំណែង និង​បន្ទាប់ពី​ការបោះឆ្នោត​ក្នុង​សភា ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចូលធ្វើ​ជា​យោធា​ខ្មែរក្រហម ក្រោយពី​បានឮ​ការប្រកាស​របស់ សម្តេច នរោត្តម សីហនុ ឲ្យ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​គ្នា​រត់​ចូល​ព្រៃម៉ាគី ដើម្បី​តស៊ូ​វាយ​ផ្តួលរំលំ​របប លន់ នល់ វិញ​។ នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ខ្ញុំ​បាន​ចូល​ធ្វើជា​ទាហាន​ប្រចាំការ​នៅ​ខេត្តកំពង់ស្ពឺ និង​បន្ទាប់ពី​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ជា​យោធា​ខ្មែរក្រហម ខ្ញុំ​ក៏​នៅតែ​ប្រចាំការ​នៅ​ខេត្តកំពង់ស្ពឺ​ដដែល​។ មិនយូរប៉ុន្មាន ខ្ញុំ​បានមក​រស់នៅ​ក្នុងព្រៃ​នៅ​ភ្នំ​ពីស ដែល​ស្ថិតនៅ​ខាងត្បូង​ភ្នំ​ឱ​រ៉ា​ល់​។ នៅពេល​ខ្ញុំ​មកដល់​ភ្នំ​ពីស គឺ​ខ្ញុំ​ឃើញ​មាន​ការរៀបចំ​បង្កើតជា​អង្គភាព​ខ្លះៗ​រួចទៅហើយ​។ ក្នុងអំឡុង​ពេលនោះ ខ្ញុំ​មិនបាន​ដឹងថា ប៉ុល ពត គឺជា​មេដឹកនាំ​របប​ខ្មែរក្រហម​នោះទេ ប៉ុន្តែ​ខ្ញុំ​ធ្លាប់បាន​ឮឈ្មោះ តា​ម៉ុក និង ចាន់ ស៊ី ដែល​ស្ថិតនៅក្នុង​ជួរ​ដឹកនាំ​។ ចន្លោះ​ឆ្នាំ​១៩៧០ ដល់​១៩៧១ ខ្ញុំ​បាន​ធ្វើជា​នីរសា​អស់​រយៈពេល​ប្រហែល​២​ឆ្នាំ ដែល​ប្រធាន​អង្គភាព​របស់ខ្ញុំ​ឈ្មោះ ស៊ូ គឺជា​ប្រធាន​ផ្នែក​នីរសា​ភូមិភាគ​និរតី ដែលមាន​សមាជិក​ប្រហែល​៣០​នាក់​។ ខ្ញុំ​ធ្លាប់បាន​រត់​សំបុត្រ​ពី​ភូមិភាគ​និរតី ទៅ​ភូមិភាគ​ពាយ័ព្យ និង​ទៅកាន់​ខេត្តពោធិ៍សាត់​ដោយ​ជិះ​ដំរី​ទៅ​ដាក់​សំបុត្រ​នៅតាម​ស្នាក់ការ​របស់​ខ្មែរក្រហម​ផ្សេងៗ​។ នៅ​ចុងឆ្នាំ​១៩៧១ ខ្ញុំ​បាន​ចូល​បម្រើកងទ័ព​ក្នុង​តំបន់​៣២ ដែល​ស្ថិតនៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ នៅពេលនោះ ខ្ញុំ​ទទួលបាន​តួនាទី​ជា​ប្រធាន​វរ​សេនា​តូច​ដែល​គ្រប់គ្រង​យោធា​៣០​នាក់​។ នៅ​កំឡុង​ឆ្នាំ​១៩៧៥ ខ្ញុំ​ធ្លាប់​ដឹកនាំ​យោធា​ប្រយុទ្ធ​ជាមួយ​ទាហាន លន់ នល់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​តា​ជ័រ ភ្នំ​ប្រសិទ្ធ ដែល​ពេលនោះ​យោធា​តំបន់ និង​ភូមិភាគ​បាន​បញ្ចូល​គ្នា និង​មាន​យោធា​សរុប​ប្រមាណ​ជា ១.០០០​នាក់ បានចេញ​ប្រយុទ្ធ​។ នៅពេលដែល​យោធា​ខ្មែរក្រហម​វាយ​យកបាន​ទីក្រុង​ភ្នំពេញ ខ្ញុំ​នៅតែ​បន្ត​រស់នៅ​ខេត្តកំពង់ស្ពឺ​ដដែល​។ ពេលនោះ​ហើយ​ដែល​ខ្មែរក្រហម​បាន​រំសាយ​ខ្ញុំ​ឲ្យ​មក​រស់​នៅតាម​មូលដ្ឋាន​អស់​រយៈពេល​ប្រហែល​២​ឆ្នាំ ដោយសារតែ​ខ្ញុំ​មាន​ប្រវត្តិ​ធ្វើការ​ងារ​ជា​កងទ័ព​ក្នុងសម័យ​សង្គមរាស្ត្រនិយម​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​តាមដាន​ជាប់​រហូត​នៅពេលដែល​ខ្ញុំ​រស់នៅក្នុង​សហករណ៍ នៅក្នុង​ឃុំ​តា​សាល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ការរស់នៅ​ក្នុង​សហករណ៍ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ប្រើ​ឲ្យ​លើក​ប្រព័ន្ធ​ភ្លឺស្រែ​ដូច​ប្រជាជន​ដ៏ទៃទៀត​។ ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​ណាស់​ទោះបីជា​ជួប​ការលំបាក​យ៉ាងណាក៏ដោយ​ក៏​ខ្ញុំ​ស៊ូទ្រាំ​ដែរ ព្រោះ​ខ្ញុំ​គឺជា​មនុស្ស​ស្មោះត្រង់​។ នៅក្នុង​ឆ្នាំ​១៩៧៧ ឈ្មោះ ខ្លុយ និង ខឹម ដែល​រស់នៅ​ឃុំ​តា​សាល ស្រុក​ភ្នំស្រួច បាន​ហៅ​ខ្ញុំ​ទៅធ្វើ​ការងារ​ជា​យោធា​ខ្មែរក្រហម​វិញ ដោយ​ឲ្យ​ខ្ញុំ​ធ្វើជា​យុទ្ធជន​នៅក្នុង​យោធា​តំបន់​នៅ​ខេត្តកំពង់ស្ពឺ​។ ក្រោយមក​ក្នុង​ឆ្នាំ​១៩៧៨ ខ្ញុំ​បាន​យកប្រពន្ធ​របស់ខ្ញុំ​មក​រស់នៅ​ជាមួយ​។ តា​ស៊ី និង វី គឺជា​ក្រុម​ក្បត់​ដែល​បានធ្វើ​ឲ្យ​ប្រជាជន​អត់បាយ ហើយ​ត្រូវបាន​អង្គការ​ចាប់ខ្លួន​នៅក្នុង​ឆ្នាំ​១៩៧៨​។ តា​ស៊ី មាន​អាយុ​ស្រករ​ខ្ញុំ​ដែរ ប៉ុន្តែ​គាត់​មាន​មាឌ​ល្អិត និង​ពាក់​វ៉ែនតា​។ តា​ស៊ី និង​ក្រុម​របស់គាត់​កាច​សាហាវ​ខ្លាំងណាស់ គ្រាន់តែ​ប្រជាជន​មើលមុខ​ក៏​មិនបាន​ដែរ​។ តា​ស៊ី ក៏​ធ្លាប់បាន​ដាក់ទណ្ឌកម្ម​ខ្ញុំ​ឲ្យ​ឈរជើង​ម្ខាង​ទៀតផង​។ នៅ​ចុងឆ្នាំ​១៩៧៨ នៅពេលដែល​កងទ័ព​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា មាន​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​រវាង​យោធា​ខ្មែរក្រហម និង​កងទ័ព​វៀតណាម​យ៉ាង​ខ្លាំងក្លា​ស្ទើរ​គ្រប់​ទីកន្លែង​។ ខ្ញុំ​ក៏បាន​ចូល​ប្រយុទ្ធ​តទល់​ជាមួយ​កងទ័ព​វៀតណាម​នៅ​ខេត្តកំពង់ស្ពឺ​ដែរ ហើយ​ក្រោយពេល​ប្រយុទ្ធ​គ្នា​បាន​រយៈពេល​ប្រហែល​៦​ខែ ក្រុម​របស់ខ្ញុំ​បានទទួល​ដំណឹង​ថា​កងកម្លាំង​របស់​ខ្មែរក្រហម​ចាប់ផ្តើម​ខ្សត់ខ្សោយ​ទាំង​កម្លាំង និង​ស្បៀងអាហារ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់ខ្ញុំ​ចាប់ផ្តើម​រំដោះខ្លួន​ទៅ​បោះ​ទីតាំងនៅ​ខាងលិច​ភ្នំ​ឱ​រ៉ា​ល់​។ នៅក្នុង​ឆ្នាំ​១៩៧៩ ក្រុម​របស់ខ្ញុំ​ចាប់ផ្តើម​អស់​គ្រាប់ អស់កម្លាំង រួច​ក៏​ត្រូវបាន​បញ្ចូលមក​នៅ​ជាមួយ​ភូមិភាគ​ចំណុះ​កងពលតូច​លេខ​១៤ នៅ​ភ្នំ​ឱ​រ៉ា​ល់ដ​ដែល​។

​ក្រោយពី​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ប​ណ្ណោះ​អាសន្ន ហៅ​កាត់​ថា អ៊ុន តាក់ នៅ​ឆ្នាំ​១៩៩៣ រួច ខ្មែរក្រហម​បាន​បញ្ជូន​ខ្ញុំ រួមទាំង​ក្រុមគ្រួសារ​យោធា​សរុប​ចំនួន​៦០​គ្រួសារ​មកពី​ខេត្តកំពង់ស្ពឺ ឲ្យ​មក​រស់នៅ​តំបន់​ផ្ទះ​១ (​សព្វ​ថ្ងៃជា​វាលស្រែ ស្ថិតនៅក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​)​។ ខ្ញុំ​បានធ្វើ​ដំំ​ណើ​រ​មកដល់​តំបន់​ផ្ទះ​១​ដំបូង​គេ​បង្អស់ គឺ​ឃើញ​មានតែ​សរសរ​ផ្ទះ​នៅ​សេសសល់​តែមួយ​ដើម​ប៉ុណ្ណោះ​។ ខ្ញុំ​ធ្លាប់​បានឮ​ប្រជាជន​និយាយ​តៗ​គ្នា​ថា តំបន់​ផ្ទះ​១​នេះ គឺ​កសាងឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ​។ តំបន់​នេះ​មានផ្ទះ​មួយ​ខ្នង​ដែល​ក្រុមចោរ​រត់​មកពី​ខេត្ត​ផ្សេង​មក​រស់នៅ និង​លាក់ខ្លួន​នៅទីនេះ​។ រហូតមកដល់​សម័យ​ខ្មែរក្រហម​តំបន់​ផ្ទះ​១​នេះ​ក៏​ត្រូវបាន​ខ្មែរក្រហម​ប្រើប្រាស់​ជា​កន្លែង​ស្នាក់អាស្រ័យ​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្តបាត់ដំបង ស្រុក​សំឡូត ទៅកាន់​ខេត្តកោះកុង​។ នៅពេល​ខ្ញុំ​មកដល់​តំបន់​នេះ​ដំបូង គឺ​គ្មាន​មនុស្ស​រស់នៅ​ទេ​។ តំបន់​នេះ​សម្បូរ​ព្រៃឈើ និង​សត្វព្រៃ​ណាស់ ប៉ុន្តែ​ក្រោយ​មានការ​ទន្ទ្រាន​ពី​ក្រុម​ឈ្មួញ​។ ព្រៃឈើ​ជាច្រើន​បាន​ដុះ​យ៉ាង​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ​របស់ខ្ញុំ ប៉ុន្តែ​បច្ចុប្បន្ន​មិនមាន​ទៀត​ទេ ចំណែកឯ​ដើមឈើ​ធំៗ​នៅលើ​ភ្នំ​ក៏​មិនសូវ​សម្បូរ​ដែរ​។ ស្ថានភាព​ផ្លូវថ្នល់​នៅពេលនោះ គឺ​មានតែ​ផ្លូវ​រទេះគោ​តែប៉ុណ្ណោះ រហូតដល់​ឆ្នាំ​២០០៣ ទើប​មាន​ផ្លូវលំ​ដែល​អាចធ្វើ​ដំណើរ​បាន​ខ្លះៗ​។ ក្រុមគ្រួសារ​របស់​យោធា​៦០​គ្រួសារ​នោះ បានរស់នៅ និង​បង្កើតជា​ភូមិ​មួយ​។ ក្រោយៗ​មក ក៏មាន​អ្នក​ចំណូល​ថ្មី​ចូលមក​រស់នៅ​តាមរយៈ​បងប្អូន​របស់​គ្រួសារ​យោធា និង​បានជា​ភូមិ​ផ្សេងៗ​បន្ថែមទៀត​។ ប្រជាជន​រស់នៅ​តំបន់​ផ្ទះ​១ គឺ​រស់នៅ​ពឹងផ្អែក​ខ្លាំង​ទៅលើ​ការធ្វើ​ចម្ការ ប៉ុន្តែ​ជីវភាព​នៅតែ​មិនសូវ​ធូរធា​ព្រោះ​ឈ្មួញ​បានធ្វើការ​បញ្ចុះតម្លៃ​ស្រេច​តែ​ចិត្ត​ទៅលើ​ដំឡូង សណ្តែក ពោត ដែល​ប្រជាជន​ដាំ​ដុះ​បាន​។ សព្វថ្ងៃនេះ ខ្ញុំ​មិន​ចង់បាន​អ្វី​ទៀត​ទេ ព្រោះតែ​ខ្ញុំ​ពិការ​ជើង និង​គ្មាន​កម្លាំង​ធ្វើស្រែ​ចម្ការ​ច្រើន​ដូច​ប្រជាជន​ខ្លះទៀត​។ ខ្ញុំ​ពឹងផ្អែក​តែ​លើ​ប្រាក់ខែ​ចូលនិវត្តន៍​សម្រាប់​ចិញ្ចឹមជីវិត​។

​ខ្ញុំ​បានសម្រេច​ចិត្ត​មិន​ត្រឡប់​ទៅ​រស់​នៅឯ​ស្រុកកំណើត​វិញ​ទេ​ព្រោះ​ខ្ញុំ​មាន​ដី​តិចតួច​ណាស់​នៅ​ទីនោះ ហើយ​ខ្ញុំ​ក៏មាន​បងប្អូន​ច្រើន​នាក់​រស់នៅ​ទីនោះ​ដែរ​។ ចំណែកឯ​នៅ​តំបន់​ផ្ទះ​១​នេះ មាន​ដី​ធំ​ទូលាយ ងាយស្រួល​រស់នៅ និង​ប្រកប​របរ​រកស៊ី​ជាង​នៅ​ស្រុកកំណើត​។ បន្ទាប់ពី​ចាកចេញ​ពី​ស្រុកកំណើត ខ្ញុំ​បាន​ទៅលេង​ស្រុកកំណើត​បានតែ​ពីរដង​តែប៉ុណ្ណោះ​គឺ​នៅពេល​ម្តាយ​ឪពុក​របស់ខ្ញុំ​ឈឺ ព្រោះ​ស្ថានភាព​ផ្លូវ​នៅពេលនោះ​ក៏​ពិបាក រីឯ​គ្រាប់មីន​ក៏​នៅ​សេសសល់​ច្រើន​។ សព្វថ្ងៃនេះ តំបន់​ផ្ទះ​១ គ្មាន​មនុស្ស​រស់នៅ និង​សល់​ស្លាកស្នាម​ផ្ទះ​ទៀត​ទេ​។ វា​បាន​ក្លាយជា​វាលស្រែ​របស់​ប្រជាជន​៕ ល​