​វា​រីអគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​បើក​ឱ្យ​សាធារណជន​មក​ស្វែងយល់​ពី​អភិវឌ្ឍន៍​ថាមពល​វា​រី​អគ្គិសនី​

1386
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ជា​រៀងរាល់ឆ្នាំ​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ខេត្តកោះកុង​បានជ្រើសរើស​យក​ថ្ងៃទី​២០​ខែឧសភា​បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​និង​ស្វែងយល់​ពី​ការអភិវឌ្ឍ​ថាមពល​វា​រី​អគ្គិសនី​។​កាលពី​ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ​២០១៨ លោកគ្រូ​អ្នកគ្រូ សិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការ​នៃ​ខេត្តកោះកុង និង​អ្នក​សារពត៌មាន ប្រមាណ​៥០​នាក់។ដែល​ដឹកនាំ​ដោយ​លោកស្រី ឈុន រ៉ាវុធ អភិបាលរង​ខេត្តកោះកុង បាន​ត្រូវ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​អញ្ជើញ​ទស្សនកិច្ច​តំបន់​ទំនប់​វា​រី​អគ្គិសនី កន្លែង​ត្រួតពិនិត្យ និង ការផលិត​ថាមពល​។​

​លោក​ហ៊័​រ​យ៉ាវ​ហ្វឹ​ង​(HeYaofeng)​អគ្គនាយករង​ក្រុមហ៊ុន​ឆាយ​ណា​ហ័​រ​ទាន​ដែល​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​បាន​មានប្រសាសន៍ថាៈ​ការរៀបចំ​កម្មវិធី​បើក​ទស្សនា​ជា​សាធារណៈ​របស់​វា​រី​អគ្គិសនី​នេះ​ឡើង ក្នុង​គោលបំណង​ផ្តល់​ពត៌មាន​និង​ចំណេះដឹង​ទាក់ទង​នឹង​សមិទ្ធិផល​នៃ​ការអភិវឌ្ឍន៍​ថាមពល​វា​រី​អគ្គិសនី​។​ក្នុងនោះ​ស្វែងយល់​ពី​ដំណើរការ​ការផលិត​ថាមពល ពី​សំណង់​វា​រី​អគ្គិសនី ម៉ា​កែ​ត​សំណង់​វា​រី​អគ្គិសនី ព្រមទាំង​ចង់ឱ្យ​សាធារណៈ​ស្វែងយល់​ពី​ស្ថានភាព​ផលិតកម្ម​និង​ប្រតិបត្តិការ​របស់​ស្ថានីយ៍​វា​រី​អគ្គិសនី​។​

​លោក​អគ្គនាយករង​បាន​បាន​ឱ្យដឹងទៀតថា​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​បាន​អនុវត្ត​យ៉ាងសកម្ម​នូវ​គោល​គំនិត​ទទួលខុសត្រូវ​”​ការបារម្ភ​ពី​សុខទុក្ខ​របស់​អ្នក​រៀងរាល់​គីឡូវ៉ាត់ម៉ោង​”​របស់​ក្រុមហ៊ុន​ឆាយ​ណា​ហ៊រ​ទាន​ហើយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​។​”​ការកសាង​ស្ថានីយ​ថាមពល​អគ្គិសនី​គឺ​ដើម្បី​ជំរុញ​ការរីកចំរើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់​និង​កសាង​សង្គម​ដ៏​មាន​សុខដុមភាព​ក្នុង​តំបន់​”​។​

​លោក​បាន​បន្តថា​ចាប់តាំងពី​ក្រុមហ៊ុន​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ដំណើរការ​មក​អាស្រ័យ​ដោយមាន​ការគ្រប់គ្រង​យ៉ាង​ម៉ត់ចត់​ការបញ្ជូន​អគ្គិសនី​បែប​វិទ្យាសាស្ត្រ​និង​ឧបករណ៍​ដែល​ធ្វើឱ្យ​ទុកចិត្ត​ក្រុមហ៊ុន​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​បានក្លាយ​ទៅជា​ប្រព​ភ​អគ្គិសនី​ដ៏​សំខាន់បំផុត​នៃ​បណ្តាញ​អគ្គិសនី​កម្ពុជា​។​

ជាមួយ​នោះ​ក៏​ដើរតួនាទី​ដ៏​សំខាន់ៗ​ផងដែរ​ក្នុងការ​សម្រួល​បន្ទុក​នៃ​បណ្តាញ​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​និង​ដើរតួនាទី​សំខាន់​ក្នុងការ​បម្រុង​ពេល​មាន​បញ្ហា​គ្រោះ​អគ្គិសនី ។​ល​។​ស្ថានីយ៍​វា​រី​អគ្គិសនី​បាន​ដំណើការ​ដោយមាន​ប្រសិទ្ធិភាព​ខ្ពស់​និង​មាន​ស្ថិរភាព​ហើយ​បាន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ទូទាំងប្រទេស​កម្ពុជា​។

​បច្ចុប្បន្ននេះ​ស្ថានីយ៍​វា​រី​អគ្គិសនី​បាន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ស្អាត​ដល់​បណ្តាញ​អគ្គិសនី​កម្ពុជា​ប្រមាណ​៤​ពាន់​GWh​នៅក្នុង​ឆ្នាំ​ដែល​ប្រើ​ថាមពល​អគ្គិសនី​ច្រើនជាងគេ​បរិមាណ​ផលិត​ថាមពល​អគ្គិសនី​ស្មើនឹង​៣០%​នៃ​ថាមពល​សរុប​ទូទាំងប្រទេស​កម្ពុជា​ដែល​បាន​ជួយ​បន្ធូ​បន្ថយ​នូវ​ភាព​តានតឹង​នៃ​ការ​កង្វះ​អគ្គិសនី​ក្នុងប្រទេស​កម្ពុជា​។

ក្រៅពី​ការផលិត​ថាមពល វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក៏បាន​ធ្វើ​សកម្មភាព​មនុស្សធម៌ សកម្មភាព​សង្គម ការបរិច្ចាក​ដល់​កាកបាទក្រហម ការជួយ​ដល់​វិស័យ​អប់រំ បរិស្ថាន អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រមទាំង​យកចិត្តទុកដាក់​ចំពោះ​បុគ្គលិក​ដែល​ត្រូវ​បានផ្តល់​ម្ហូបអាហារ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​។​ក្រុមហ៊ុន​ក៏បានផ្តល់​លិខិត​សរសើរ​ដល់​បុគ្គលិក​ខ្មែរ​ឆ្នើម​ប្រចាំឆ្នាំ​និង​ជ្រើសរើស​បុគ្គលិក​ខ្មែរ​ឆ្នើម​ទស្សនកិច្ច​ប្រទេស​ចិន​។​

​លោកស្រី ឈុន រ៉ាវុធ អភិបាលរង​ខេត្តកោះកុងបាន​មានប្រសាសន៍ថា​៖ ការ​ទស្សនកិច្ច​វា​រី​អគ្គិសនី​នេះ មាន​សារៈសំខាន់ ដោយ​សាធារណជន បានដឹង បាន​យល់​ពី បានឃើញ​ផ្ទាល់​ភ្នែក ពី​ដំណើរការ​នៃ​ប្រព័ន្ធ​ផលិត​ថាមពល​អគ្គិសនី ទំនប់​វា​រី​អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​វា​រី​អគ្គិសនី​។​

​លោកស្រី​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​« តាមរយៈ​វា​រី​អគ្គិសនី​នេះ បាន​ជួយ​ឱ្យ​ខេត្តកោះកុង​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​គ្រាន់ បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​បង្កើតជា​តំបន់​ទាក់ទាញ​ទេសចរ​ផងដែរ​»​។​

​គួររម្លឹកថា វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម បាន​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ការផលិត​ថាមពល កាលពី​ថ្ងៃទី​១២ ខែ មករា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពលបានលើកឡើង​ក្នុងពេល​សម្ពោធ​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ថា​៖​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​នេះ​មាន​ទុនវិនិយោគ​ចំនួន​៤៩៥​លាន​៧​សែន ៦​ម៉ឺន​ដុល្លារ វិនិយោគ​តាម​រូបភាព សាងសង់​តាម​ដំណើរការ​ផ្ទេរ​(BOT) រយៈពេល​សម្បទាន ៣៥​ឆ្នាំ ក្នុងនោះ​៥​ឆ្នាំ​សម្រាប់​ការសាងសង់ និង ៣០​ឆ្នាំ​សម្រាប់ធ្វើ​អាជីវកម្ម​។

បរិមាណ​ថាមពល​ផលិត​ប្រចាំឆ្នាំ​គឺ​១០២០​លាន​គីឡូវ៉ាត់ម៉ោង​។​ចំណូល​ពន្ធ​ចូល​រដ្ឋ​ជា​មធ្យម​ប្រមាណ​១២,៥៥ លាន ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំ ឬ​សរុប​រួម ៣៧៦,៥​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​សម្បទាន​៣០​ឆ្នាំ​។​ហេដ្ឋារចនាសម្ព័ន្ធ​និង​លក្ខណៈ​បច្ចេកទេស​សំខាន់ៗ​នៃ​គម្រោង​នេះ​មាន​ទំនប់​២​ដំណាក់ គឺ​ទំនប់​លើ​ប្រវែង​៤៣៩​ម៉ែត្រ កំពស់​១២៥​ម៉ែត្រ និង​ទំនប់​ក្រោម​ប្រវែង ៣២២​ម៉ែត្រ កំពស់​៥៨ ម៉ែត្រ​។មាន​ស្ថានីយ៍​វា​រី​អគ្គិសនី​២ គឺ​ស្ថានីយ៍​វា​រី​អគ្គិសនី​លើ​មាន​អានុភាព ២០៦​មេ​ហ្គា​វ៉ា​ត់ និង​ស្ថានីយ៍​វា​រី​អគ្គិសនី​ក្រោម មាន​អានុភាព ១៣២​មេ​ហ្គា​វ៉ា​ត់​។

ខ្សែ​បញ្ជូន​តុង​ស្យុ​ង ២៣០​គីឡូវ៉ុល ប្រវែង ១៥,៥​គីឡូ​ម៉េ​ត្រ​ពី​ស្ថានីយ៍​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ទៅ​ភ្ជាប់​ជាមួយ​ខ្សែ​បញ្ជូន​របស់​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ និង​បញ្ជូនទៅ​អនុ​ស្ថានីយ៍ រួម អូ​សោម ដែល​បន្ត​ភ្ជាប់​ទៅជា​មួយ​ខ្សែបណ្តាញ​បញ្ជូន ភ្នំពេញ​-​កំពង់ឆ្នាំង​-​ពោធិសាត់​-​បាត់ដំបង ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​ទូទាំងប្រទេស​។​ខ្សែ​បញ្ជូន​តង់ស្យុង​២២​គីឡូវ៉ុល​ប្រវែង​៣១,៧៤​គីឡូម៉ែត្រ ភ្ជាប់​ពី​ស្ថានីយ៍​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ទៅ​ភ្ជាប់​ជាមួយ​បណ្តាញ​ចែកចាយ​ទី​រួម​ខេត្តកោះកុង​៕S/

​វា​រី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​បើក​ឱ្យ​សាធារណជន​មក​ស្វែងយល់​ពី​អភិវឌ្ឍន៍​ថាមពល​វា​រី​អគ្គិសនី​