​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​បើក​ឱ្យ​សាធារណជន​និង​អ្នកភូមិ​មក​ឈ្វេងយល់​

414
ចែករម្លែក

​ដោយៈ​សុផល​/​ស្ទឹងត្រែងៈ​ក្នុង​គោលបំណង​បង្ហាញ​ពី​សមិទ្ធផល​និង​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​វិស័យ​ថាមពល​នៅ​កម្ពុជា​របស់​បុគ្គលិក​ខ្មែរ​និង​ចិន​នៃ​សា្ថ​នី​យ៍​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​។​ខាង​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កាលពីពេល​ថ្មី​នេះ​បាន​បើក​ឱ្យ​សាធារណជន​និង​អ្នកភូមិ​ព្រមទាំង​អ្នក​សារពត៌មាន​បានមក​ឈ្វេងយល់ និង​ធ្វើ​បទ​សម្ភាស​អំពី​សា្ថ​នី​យ៍​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​។​

​លោក​លី​មីង​ប្រធានការិយាល័យ​ប្រតិបត្តិការ​និង​ថែរក្សា​ទួ​រ​ប៊ី​ន​នៃ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​បាន​មានប្រសាសន៍ថា​សា្ថ​នី​យ៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​គឺជា​គម្រោង​វា​រី​អគ្គីសនី​ដី​ធំជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ស្ថានីយ៍​នេះ​មាន​ទីតាំង​ស្ថិតនៅលើ​ដង​ទន្លេសេសាន​ក្នុងស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​មាន​សមត្ថភាព​ផ្ទុក​ទឹក ២,៧២​ពាន់​លាន​ម៉ែត្រគូប តួ​ទំនប់​ទាំងស្រុង​មាន​ប្រវែង​៦,៥ គីឡូម៉ែត្រ ដែលជា​ទំនប់​វែង​ជាងគេ​ក្នុង​ទ្វីបអាស៊ី​។​

​ស្ថានីយ​វា​រី​អគ្គិសនី​នេះ​មាន​កម្លាំង​អនុភាព​សរុប​៤០០​មេ​ហ្គា​វ៉ា​ត់​និង​មាន​ទួ​រ​ប៊ី​ន​៨​គ្រឿង​ដែល​ក្នុង​ទួ​រ​ប៊ី​ន​នីមួយៗ​មាន​កម្លាំង​អនុភាព​៥០​មេ​ហ្គា​វ៉ា​ត់​។​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​របស់​ស្ថានីយ​នេះ​មាន​ចំនួន​ស្មើនឹង​១​ភាគ​៥​នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​សរុប​របស់​ប្រទេស​កម្ពុជា​។​ទួ​រ​ប៊ី​នទី​១​នៃ​ស្ថានីយ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៧​។​ទួ​រ​ប៊ី​នទី​៨​បាន​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៨​។​

​ការដំឡើង​និង​ដំណើរការ​ពេញលេញ​របស់​ទួ​រ​ប៊ី​ន​ទាំង​៨​គ្រឿង​ត្រូវបាន​ចំណាយ​ពេលវេលា​ត្រឹមតែ​១១​ខែ​ប៉ុណ្ណោះ​ដែល​បាន​បង្កើតជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី នៅ​ប្រទេស​កម្ពុជា​ដែល​គេ​ហៅថា​”​ល្បឿន​លឿន​របស់​ប្រទេស​ចិន​។​ស្ថានីយ​នេះ​អាច​ផលិត​ថាមពល​ចំនួន​១.៩៧​ពាន់​លាន​គីឡូវ៉ាត់ម៉ោង​ជា​មធ្យម​ប្រចាំឆ្នាំ​។​អគ្គិសនី​សេសា​ន​ក្រោម​២​នេះ​ត្រូវបាន​បង្កើតឡើង​និង​វិនិយោគ​រួមគ្នា​ដោយ​ក្រុមហ៊ុន Huaneng Lancang River Hydropower Inc. ,​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​និង​ក្រុមហ៊ុន EVN International Joint Stock Compan(EVNI)​។​

​ក្រុមហ៊ុន​មាន​គោលការណ៍​អភិវឌ្ឍន៍​និង​ប្រតិបត្តិការ​គម្រោង​តាម​វិធីសាស្ត្រ​សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT)​។​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ប្រើ​ទុនវិនិយោគ​សរុប​ជាង​៨០០​លាន​ដុល្លារ​អាមេរិក​និង​មាន​រយៈពេល​សម្បទាន​៤៥​ឆ្នាំ​ដែល​ក្នុងនោះ​រយៈពេល​៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់​និង​៤០​ឆ្នាំ​សម្រាប់ធ្វើ​អាជីវកម្ម​។

​ក្រុមហ៊ុន​ChinaHuanengGroupCo.,Ltd​ជា​សហគ្រាស​ផលិត​ថាមពល​ធំជាងគេ​នៅលើ​ពិភពលោក​។ អាជីវកម្ម​ចម្បងៗ​របស់​ក្រុមហ៊ុន​មានដូចជា​ការអភិវឌ្ឍ​វិនិយោគ​សាងសង់​និង​គ្រប់គ្រង​ប្រតិបត្តិការ ។​នៅ​ដំណាច់ឆ្នាំ​២០១៦​កម្លាំង​អនុភាព​ថាមពលអគ្គីសនី​របស់​គម្រោង​អគ្គិសនី​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ដែល​បានដាក់​ទុនវិនិយោគ​និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មាន​ចំនួន​១៦៦​លាន​គីឡូវ៉ាត់​។​ក្រុមហ៊ុន​បានទទួល​ចំណាត់ថ្នាក់​ទី​២១៧​ក្នុងចំណោម​សហគ្រាស​កំពូល​ទាំង​៥០០​នៅលើ​ពិភពលោក​។​

​ក្រៅពី​ប្រើប្រាស់​នៅ​ខេត្តស្ទឹងត្រែង​អគ្គិសនី​បានមកពី​ស្ថានីយ​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​២​ចែកចាយ​បន្តទៅ​ខេត្តក្រចេះ​កំពង់ចាម​និង​ភ្នំពេញ​។​ការ​ដំណើរការ​វា​រី​អគ្គិសនី​សេសា​ន្ត​ក្រោម​២​បានធ្វើ​ឲ្យ​ថាមពល​ពី​វា​រី​អគ្គិសនី​ដែល​កម្ពុជា​ផលិត​បាន​មាន​១៣២៨​ម៉េ​ហ្គា​វ៉ា​ត់​។​ទំនប់​វា​រី​អគ្គិសនី​នេះ​ស្ថិតនៅ​ខេត្តស្ទឹងត្រែង​នេះ ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ៣,៦ ម៉ឺន​ហិកតា មាន​កម្ពស់​សរុប ៨០ ម៉ែត្រ ។​ក្នុងនោះ ៧៥ ម៉ែត្រ​ជា​កម្ពស់​សម្រាប់​ទ​ប់​ទឹក​និង​៥​ម៉ែត្រ​ទៀត​សម្រាប់​ការពារ​ហានិភ័យ​ពី​កម្រិត​កម្ពស់​ទឹក​ខ្ពស់​ជ្រុល​ដែល​អាច​កើតមាន​។​

​លោក ឆាយ ខាយ​ម៉េង ជា​សមាជិក​ក្រុម​ដោះស្រាយ​ផលប៉ះពាល់​នៃ​ស្ថានីយ​វា​រី​អគ្គិសនី​សេសា​ន្ត​២ បានឱ្យដឹងថា​ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេសា​ន្ត​២​បាន​បំពេញ​នូវ​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន​យ៉ាងសកម្ម​ដោយ​កំណត់​ទីតាំង​ភូមិ​ថ្មី​ចំនួន​៣​កន្លែង​និង​មាន​៣​ជំរើស​សម្រាប់​អ្នកភូមិ​ជ្រើសរើស​ហើយ​បានបញ្ចប់​ការងារ​តាំងទី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៨៦០​គ្រួសារ​និង​ប្រជាជន​៣.៩៦០​នាក់​នៅក្នុង​តំបន់​អាង​ស្តុក​ទឹក ។​ក្នុង​មួយ​គ្រួសារ​អាច​ទទួលបាន​ដី​កសិកម្ម ៥​ហិកតា ផ្ទះ​ទំហំ ៨០ ម៉ែត្រការ៉េ ដី​ភូមិដ្ឋាន ១.០០០ ម៉ែត្រការ៉េ​។​

​ក្រុមហ៊ុន​ក៏បាន​សាងសង់​ផ្លូវ​សាលារៀន​មណ្ឌល​សុខភាព​ប៉ុស្តិ៍ប៉ូលីស​និង​វត្ត​អារាម​រួមទាំង​ឧ​បក​ណ៍​ខ្សែបណ្តាញ​អគ្គិសនី​អណ្តូង​ទឹកស្អាត​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។​ថាមពល​ពី​វា​រី​អគ្គិសនី​ត្រូវបាន​ផ្គត់ផ្គង់​ទៅដល់​ភូមិ​ថ្មី​ហើយ​អ្នកភូមិ​មាន​ធនធាន​ថាមពល​ដែលមាន​សុវត្ថិភាព​និង​ទំនុកចិត្ត​ប្រើប្រាស់​បាន​។​

សូមជម្រាបថា​៖​រហូតមកដល់​ពេលនេះ​កម្ពុជា​បាន​សាងសង់​វា​រី​អគ្គិសនី​ចំនួន ៧​កន្លែង គឺ​៖១) វា​រី​អគ្គិសនី​គិរី​រម្យ​១​វា​រី​អគ្គិសនី​គិរី​រម្យ​១​មាន​ថាមពល​១២​មេ​ហ្គា​វ៉ា​ត់​កំពុង​ធ្វើ​អាជីវកម្ម​និង​ដាក់ឱ្យ​ដំណើរ​កាលពី​ឆ្នាំ​២០០២​។​វា​រី​អគ្គិសនី​គិរី​រម្យ​១​មាន​ទីតាំង​ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។​២)​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ (៤០០​មេ​ហ្គា​វ៉ា​ត់ )​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង វិនិយោគ​រួមគ្នា​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​រ៉ូ​យា​ល់​គ្រុប​និង​ក្រុមហ៊ុន​មួយ​របស់​ចិន​ចំណាយ​ទឹកប្រាក់​សរុប​ជាង​៨០០​លាន​ដុល្លារ​អាមេរិក​។

ទំនប់​នេះ​មាន​ផ្ទៃ​អាងទឹក​ទំហំ ៣៣០​គីឡូម៉ែត្រ​ក្រឡា ស្មើនឹង​ជាង ៣៦.០០០​ហិកតា​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ចំនួន​៤០០​មេ​ហ្គា​វ៉ា​ត់​(400MW)​និង​លក់​ចរន្តអគ្គិសនី​ក្នុងតម្លៃ ៦,៩៥​សេន​ដុល្លារ​អាមេរិក ស្មើនឹង ២៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ ទំនប់​វា​រី​អគ្គិសនី​នេះ​គ្រោង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ខែកញ្ញា​ឆ្នាំ​២០១៧​នេះ​ក្រោម​វត្តមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​៣) វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម (៣៣៨​មេ​ហ្គា​វ៉ា​ត់​) វា​រី​អគ្គិសនី​នេះ​ស្ថិតនៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ ស្ថិតក្នុង​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ វា​រី​អគ្គិសនី​នេះ​មានតម្លៃ​៤៩៥​លាន ៧​សែន ៦​ម៉ឺន​ដុល្លារ​អាមេរិក វិនិយោគទុន ដោយ​ក្រុមហ៊ុន​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​មាន​សមត្ថភាព​ផលិត​ចរន្តអគ្គិសនី​៣៣៨​មេ​ហ្គា​វ៉ា​ត់​និង​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៥​។​៤)​វា​រី​អគ្គិសនី​កំចាយ​(១៩៤.១​មេ​ហ្គា​វ៉ា​ត់​)៖​វា​រី​អគ្គិសនី​កំចាយ​ស្ថិតក្នុង​ស្រុក​ទឹកឈូ​ខេត្តកំពត​បាន​បើក​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១១​។​វា​រី​អគ្គិសនី​កំចាយ​នេះ​សាងសង់ ដោយ​ក្រុមហ៊ុន​របស់​ចិន ឈ្មោះ​ស៊ី​ណូ​ហាយ​ដ្រូ (Sinohydro)​។

​ការសាងសង់​វា​រី​អគ្គិសនី​កំចាយ​នេះ​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០០៧​ដោយ​ចំណាយ​ប្រាក់​សរុប​ជាង​២៨០​លាន​ដុល្លារ​អាមេរិក​។​រយៈពេល​សាងសង់​មាន​៤​ឆ្នាំ​និង​រយៈ​ពេលធ្វើ​អាជីវកម្ម​មាន​៤០​ឆ្នាំ​។​៥)​វា​រី​អគ្គិសនី​គិរី​រម្យ​៣១៨​មេ​ហ្គា​វ៉ា​ត់​)៖​វា​រី​អគ្គិសនី​គិរី​រម្យ​៣​មាន​ទីតាំង​ស្ថិតនៅតាម​ស្ទឹង​ពង្រូល ក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង និង​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៣​។


វា​រី​អគ្គិសនី​គិរី​រម្យ​៣ មាន​ទំហំ​វិនិយោគ​សរុប ៤៧,១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​វិនិយោគ តាម​រូបភាព​សាងសង់​ប្រតិបត្តិ​ការផ្ទេរ (BOT) រយៈពេល​សម្បទាន​សម្រាប់​ធ្វើ​ធ្វើ​អាជីវកម្ម ៣០​ឆ្នាំ​។ ការផលិត​ថាមពល​មាន​អានុភាព ១៨​មេ​ហ្គា​វ៉ា​ត់ បរិមាណ​ថាមពល​ប្រើប្រាស់​ប្រចាំឆ្នាំ ៧៨,៥៥ លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយឆ្នាំ​តម្លៃ​ថាមពល​មូលដ្ឋាន​៧,៩១​សេន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។​


៦) វា​រី​អគ្គិសនី​ស្ទឹង អា​តៃ (១២០​មេ​ហ្គា​វ៉ា​ត់​) ៖​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ស្ថិតក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​វិនិយោគ​ដោយ​ក្រុមហ៊ុន​ChinaDatangGroup​មាន​កម្លាំង​១២០​មេ​ហ្កា​វ៉ា​ត់​ដោយ​ចំណាយ​ថវិកា​សរុប​២៥៥,៣០​លាន​ដុល្លារ​អាមេរិក​។​វា​រី​អគ្គិសនី​នេះ​បាន​បើកសម្ពោធ​កាលពី​ថ្ងៃទី ២៧ ខែ មីនា ២០១៤​។

៧)​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​(​កម្លាំង​២៤៦​មេ​ហ្គា​វ៉ា​ត់​)៖​វា​រី​អគ្គិសនី​នៅ​ស្ទឹង​តា​តៃ​ស្ថិតនៅ​ខេត្តកោះកុង​កម្លាំង ២៤៦ មេ​ហ្គា​វ៉ា​ត់ សាងសង់​ហើយ​នៅ​ចុង​២០១៥ ដោយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន តា​តៃ ហ៊ី​ដ្រូ​ផៅ​វ័រ លី​មី​ធី​ត​។​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​ជា​ប្រភេទ​គម្រោង​(BOT)​គឺ​សាងសង់​អាជីវកម្ម​ផ្ទេរ​មាន​រយៈពេល​៤២​ឆ្នាំ​។

រយៈពេល​សាងសង់​ចំនួន​៥​ឆ្នាំ​និង​ការធ្វើ​អាជីវកម្ម​រយៈពេល​៣៧​ឆ្នាំ​គិត​ចាប់ពី​ពេល​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​។​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០១៥៕S/