​វិញ ស៊ា​ង អ្នកស៊ើប​ការណ៍​របស់​កងទ័ព​វៀតណាម​

(​ដកស្រង់​ចេញពី​ឯកសារ​ចម្លើយសារភាព​លេខ​D០៧១៣៤)

504
ចែករម្លែក
  • 493
    Shares

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ខ្ញុំ​ឈ្មោះ វិញ ស៊ា​ង ឬ វិ​ន ស៊ា​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គរ​ថ្មី ឃុំ​ស្វាយ​ទង ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក (​ហៅ អាងយ៉ាង​)​។ ខ្ញុំ​មាន​តួនាទី​ជា​អនុសេនីយ៍ឯក​របស់​ក​ង​ទ័ព​វៀតណាម​។ ខ្ញុំ​ត្រូវបាន​យោធា​របស់​ខ្មែរក្រហម​ចាប់ខ្លួន​នៅ​ខែមីនា ឆ្នាំ​១៩៧៨​។ ខ្ញុំ​ត្រូវបាន​យោធា​ខ្មែរក្រហម​សួរចម្លើយ​ចំនួន​២​លើក​។ លើក​ទី​១ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៨ និង​លើក​ទី​២ នៅ​ខែមីនា ឆ្នាំ​១៩៧៨​។
​ខាងក្រោម​នេះ​ជា​សកម្មភាព​របស់ខ្ញុំ​មុន​ខ្មែរក្រហម​ចាប់ខ្លួន ៖
​នៅ​ឆ្នាំ ១៩៧៧ ខ្ញុំ​មានមុខរ​បរជា​អ្នករកស៊ី​ជួសជុល​វិទ្យុ នៅ​ផ្សារ​មាត់ជ្រូក​។ នៅ ខែធ្នូ ឆ្នាំ​១៩៧៨ ខ្ញុំ​បាន​ចូល​បម្រើកងទ័ព​វៀតណាម និង​មាន​តួនាទី​ជា​ពលបាលទោ​។ ខ្ញុំ ក៏ត្រូវ​បាន​អប់​រំជា​ហូរហែ​ផង​ទាក់ទង​នឹង​មាគ៌ា​នយោបាយ សតិអារម្មណ៍ ស្ដីពី​យុទ្ធសាស្ត្រ​ក្នុងការ​គ្រប់គ្រង និង ដឹកនាំ​ឥណ្ឌូចិន​។ មាគ៌ា​នយោបាយ​របស់​កងទ័ព​វៀតណាម បាន​យក​ទ្រី​ស្ដី​របស់ ហូ ជី​មិញ និង​ត្រូវ​ធ្វើការ​វាយ​មកលើ​ប្រទេស​កម្ពុជា ។​

អតីតមន្ទីរសន្តិសុខស២១ ឬគុកទួលស្លែង

​ខ្ញុំ​នៅ​ផ្នែក​ខាង​ជួសជុល​វិទ្យុទាក់ទង​របស់​អនុ​សេនា​តូច​លេខ​២ អនុ​សេនា​ធំ​លេខ​៦ វរ​សេនា​តូច​លេខ​២៤ វរ​សេនា​ធំ​លេខ​១៦ កងពលតូច​លេខ​៣២ កងពលធំ​លេខ​៤៥​។ កងពល​លេខ​៣២ បានចាប់ផ្ដើម​បង្កើតឡើង​នៅក្នុង ខែមករា ឆ្នាំ​១៩៧៨​។ កងពលតូច​លេខ​៣២ មាន​កងទ័ព​ចំនួន​ប្រមាណ​ជា ២០០០​នាក់​។ ចំណែក ទីតាំង​បញ្ជាការ​របស់​កងពល​តូច​លេខ​៣២ ស្ថិតនៅ​ចង្កេះភ្នំ​កែ​ត ខាងកើត​ឆៀង​ខាងជើង ដែលមាន​ទំហំ​ប្រមាណ​ជា​៥០ ម៉ែត្រ​បួន​ជ្រុង​។ កងកម្លាំង​ដែល​បាន​ចាត់តាំង​ឲ្យ​ចូល​កងពលតូច​លេខ​៣២ រួមមាន ការចាត់​តាំងពី​កម្លាំង​ថ្មី​, យុវជន​មកពី​ហាណូយ​, យុទ្ធជន​រត់ចេញ​ឬ​រត់​ចូល​ដែល​មិនទាន់មាន​ភាពច្បាស់លាស់​ថា​ខ្លួន​ត្រូវ​ចូល​ខាង​ណា​, ការប្រមូល​គ្នា​របស់​ក្រុម​យុទ្ធជន​រត់ចោលជួរ និង​យុទ្ធជន​ថ្មី​មក​រៀន​បំពេញ​នៅ​អង្គភាព​។ អង្គភាព​កងពលតូច​លេខ​៣២ មាន​ចំនួន​៤​វរ​សេនា​ធំ រួមមាន​វរ​សេនា​ធំ​លេខ​៧, ១៦, ២២ និង​វរ​សេនា​ធំ​លេខ​១៩​។ ក្នុងនោះ​វរ​សេនា​ធំ​លេខ​១៦ គឺជា​កង​ដែលមាន​តួនាទី​ស៊ើបការណ៍​។ ឈ្មោះ ថាច់ វ៉ាន់​ថុង ជា​អ្នកមើលការខុសត្រូវ ដែលមាន​តួនាទី​ជា​វរសេនីយ៍ត្រី (​ស័ក្តិ​៤) ។ អង្ក​ភាព​កងពលតូច​លេខ​៣២ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កងពលធំ​លេខ​៤៥ ដែលមាន​បោះទីតាំង នៅ​ជាមួយគ្នា​។ អង្ក​ភាព​កងពលធំ​លេខ​៤៥ ដែលមាន​ឈ្មោះ សៅ មាន​តួនាទី​ជា​វរសេនីយ៍ឯក (​ស័ក្តិ​៥) ជា​អ្នកដឹកនាំ​។ អង្គភាព​កងពលធំ​លេខ​៤៥ នេះ​មាន​ជនជាតិ​រុស្ស៊ី​ចំនួន​៣​នាក់ ជា​អ្នក​ក្ដាប់​ពីលើ​មេបញ្ជាការ​យោធា និង​មាន​ជនជាតិ​គុយបា​ចំនួន​១៨​នាក់ ដែលជា​អ្នកត្រួតពិនិត្យ វិភាគ ព្រមទាំង​តាមដាន​សមរភូមិ​មុខ​តាម​ផែនទី​។

​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​រស់នៅក្នុង​កងពល មាន​ភាពលំបាក​ខ្លាំងណាស់ អាហារ​ហូប​មាន​ត្រឹមតែ​ចុងអង្ករ​ក្រហម​លាយ​ជាមួយ​កន្ទក់ ហើយ​ជូន​កាល​ផ្គត់ផ្គង់ មិនបាន​គ្រប់គ្រាន់​ទៀត​។ ពេលខ្លះ ខ្ញុំ​មានបំណង​ចង់​រត់​ចេញពី​អង្គភាព​៣​ទៅ​៤​លើក​រួចមកហើយ ព្រោះ​ខ្ញុំ​នឹករឭក​ប្រពន្ធ និង​កូន​។ ខ្ញុំ​ក៏បាន​គិតពី​ការអត់ឃ្លាន និង​សេចក្ដី​លំបាក​វេទនា​រកស៊ី​ចិញ្ចឹម​កូន​របស់​ប្រពន្ធ​ខ្ញុំ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​រត់ ព្រោះ​ខ្លាច​គេ​បាញ់សម្លាប់​។​

​នៅ​ថ្ងៃទី​៥ ខែមីនា​ឆ្នាំ ១៩៧៨ ថាច់ វ៉ាន់​ថុង វរសេនីយ៍ត្រី (​ស័ក្តិ​៤) បាន​ចុះ​ណែនាំ​និង​មក​អប់រំ​ខ្ញុំ​។ ក្នុងការ​ណែនាំ​នោះ ថាច់ វ៉ាន់​ថុង បាន​និយាយ​ពី​ផែនការ​វាយ​កម្ពុជា​ឲ្យ​ខ្ទេច និង​ធ្វើ​ឧបាយកល​យ៉ាងណា​ដើម្បី​ឲ្យ​កម្ពុជា​យល់ព្រម​ចុះ​ញ៉ម​ប្រទេស​វៀតណាម​។ កម្ពុជា​ក៏ត្រូវ​យល់ព្រម​ចូល​សហព័ន្ធ​ឥណ្ឌូចិន ដែលមាន​វៀតណាម​ជា​អ្នកគ្រប់គ្រង ហើយ​កងទ័ព​វៀតណាម​ក៏មាន​មហិច្ឆតា​ក្នុងកា​គ្រប់គ្រង​អាស៊ីអាគ្នេយ៍​ទាំងមូល​ផងដែរ​។ ក្នុងការ​ប្រជុំ មាន​សូ​វៀត​ជា​អ្នកជំរុញ ព្រមទាំង​មានការ​ធានា​ជួយ​ឧ​ប​ត្ត​ម្ភ​សម្ភារ​ទាំងអស់​ទៀតផង​។ ដោយសារ​ខ្ញុំ​ចេះ​ភាសា​ខ្មែរ​ច្បាស់ ខ្ញុំ​ក៏ត្រូវ​បាន​កងទ័ព​វៀតណាម​បញ្ជូនមក​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​ស៊ើបការណ៍​នៅ​តំបន់ភ្នំ​ដិ​ន​។ រដ្ឋាភិបាល​បាល​វៀតណាម​បាន​ប្រើ​ផែនការ​ទាំងពីរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន គឺ​នយោបាយ​ខាងក្នុង និង​ខាងក្រៅ​។ ពោលគឺ​នយោបាយ​ខាងក្រៅ​យើង​បាន​យក​នយោបាយ​ការទូត​យកមក​ដោះស្រាយ ដោយ​ធ្វើកា​អំពាវនាវ ដោះស្រាយ​បញ្ហា​តាម​ព្រំដែន​ប្រកបដោយ​សន្តិភាព​។ ចំណែក​ខាងក្នុង​កងទ័ព​វៀតណាម​បាន​ត្រៀមខ្លួន​ក្នុងការ​វាយ​ទៅលើ​ប្រទេស​កម្ពុជា​រួចជាស្រេច​។

អតីតមន្ទីរសន្តិសុខស២១ ឬគុកទួលស្លែង

​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​១៩៧៨ ដោយមាន​ការទទួល​បញ្ជា​ពី​ឈ្មោះ ថាច់ វ៉ាន់​ថុង និង​ឈ្មោះ ជិន ទ្រឿ​ង ដែលមាន​តួនាទី​ជា​អនុសេនីយ៍ឯក (​ស័ក្តិ​៣)​។ ជិន ទ្រឿ​ង គឺជា​ប្រធាន​មន្ទីរ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​នាំ​ផ្លូវ និង​ធ្វើការ​ពិនិត្យ​ទៅលើ​ភូមិសាស្ត្រ ព្រោះ​ខ្ញុំ​មាន​បងប្អូន​រស់នៅ​ភ្នំ​ដិ​ន និង​ស្គាល់​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​ផង​។

​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៧៨ ខ្ញុំ បាន​ចូលមកក្នុង​ទឹកដី​ប្រទេស​កម្ពុជា នៅសល់តែ​កន្លះ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ដល់​ភ្នំ​ដិ​ន ពេលនោះ ខ្ញុំ​ក៏ត្រូវ​យោធា​ខ្មែរក្រហម​ព័ន្ធ​ចាប់​តែម្ដង​។​
​កំណត់ចំណាំ​៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​ដែល​ជាប់ឃុំ​ឃាំង​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ការធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ​យើង​មិនអាច​សន្និដ្ឋាន​បានឡើយ​ថា ចម្លើយ​របស់​អ្នកទោស វិញ ស៊ា​ង នេះ​ពិត​ឬ​យ៉ាងណា​នោះទេ​៕ ល​