​វិនិច្ឆ័យ, ​វិភាគ, ​វិសេស, ​ពិសេស, វិប្រតិបត្តិ, ​វាគ្មិន, ​វាសនា, ​វា, ​វិវាទ, ​វាយ, ​វៃ, ​វ៉ាលិស, ​វង្វេង, វាស់

199

​វិនិច្ឆ័យ –​និ​ច​-​ឆៈ​យ៉ៈ បា​.; សំ​. ( ន​. ) (​វិ​និឆ្ឆ​យ​; វិ​និ​ឝ្ច​យ​) ការពិចារណា​ដោយ​ល្អិត​, ការពិនិត្យ​មើល​ឲ្យ​ឃើញ​ពិត​; ដំណើរ​កាត់​សង្ស័យ​, ការ​រម្លីង​សេចក្ដី​ឲ្យ​អស់​សង្ស័យ​; ការជំនុំជម្រះ សេចក្ដី​, ការ​កាត់សេចក្ដី ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. “​ជំនុំជម្រះ​អធិករណ៍​, ជម្រះក្តី​, កាត់ក្តី​” : ចៅក្រម​វិនិច្ឆ័យ​សេចក្ដី​តាម​មាត្រា​ច្បាប់ ។ វិនិច្ឆយដ្ឋាន​; វិនិច្ឆយសភា ឬ​–​សាលា សាលាជម្រះក្តី​, សាលាជំនុំ​ក្តី ។

​វិភាគ សំ​. បា​. ( ន​. ) ការចែក​, ការ​បែង​, ការញែក​ធាតុ​; ចំណែក​, វគ្គ​, សង្កាត់​, ។ ធន​វិភាគ (​ធៈនៈ​–) ការចែក​ទ្រព្យ ។ ធម្ម​វិភាគ ការចែក​ធម៌​ជា​ពួក​ជា​កង​; ចំណែក​ធម៌​, កងធម៌ ។ វចន​វិភាគ ចំណែក​ពាក្យ ។​ល​។

​វិសេស (​ម​. ព​. ពិសេស​) ។ វិសេសភាព (–​សែ​សៈ​–) ភាព​ប្លែក ។ វិសេសវិសាល ទូលាយ​ប្លែក​, ទូលាយ​ណាស់​; ប្រសើរ​ប្លែក​, ល្អ​ប្លែក (​ម​. ព​. ពិសាល ផង​) ។ វិសេសវិសុទ្ធ ស្អាត​វិសេស​, ស្អាត​ឥតមាន​ហ្មង ។ វិសេសវិសោ (​ព​. សា​.) វិសេស​ក្រៃលែង​, វិសេស​ជាងគេ​: របស់​នុះ​មិន​វិសេស វិ​សោ​អ្វី​ទេ ! ។​ល​។

​ពិសេស –​សែ​ស បា​.; សំ​. ( ន​. ) (​វិសេស​; វិ​ឝេ​ឞ​) សេចក្ដី​ប្លែក​, ដំណើរ​លើសលន់​, អ្វីៗ​ដែល​ប្លែក​, គុណ​ដែល​គួរ​សរសើរ ។ គុ​. ដែល​ប្លែក​, លើសលន់​; ដែល​គួរ​សរសើរ​; ដែល​សម្រាប់​ប្រើ ប្រាស់​ដោយឡែក​ឬ​ប្រើប្រាស់​មួយដង​មួយ​កាល : យានពិសេស​, រថ​ពិសេស​, បរិក្ខារ​ពិសេស​; របស់​វិសេស​, គុណវិសេស​, មនុស្ស​វិសេស ។

វិប្រតិបត្តិ វិ​ប​-​ប្រៈតិ បាត់ សំ​. ( ន​. ) ប្រតិបត្តិ​ខុស​; សេចក្ដី​សន្ទិះ​សង្ស័យ​; សេចក្ដី​ចង្អៀតចិត្ត​; ជម្លោះ​; ដំណើរ​ប្រកាន់​ខុសគ្នា : មាន​វិប្រតិបត្តិ​, កើត​វិប្រតិបត្តិ ។

​វាគ្មិន សំ​. ( គុ​. ) ដែល​ប៉ិន​និយាយ​, ដែល​ចេះ​និយាយ​ពីរោះ ។ ន​. អ្នក​ឈ្លាស​សម្តី​; អ្នកមាន​សម្តី​ថ្វីមាត់​, អ្នក​ពូកែសម្តី : សូម​លោក​ថ្លែងការណ៍​ចុះ ព្រោះ​លោក​ជា​វាគ្មិន​មាន​ល្បី​ណាស់ ។

​វាសនា វាស​-​ស្នា សំ​. បា​. ( ន​. ) ចរិយា ឬ ចរិត​ដែល​អប់រំ​សន្សំទុក​ឬ​កប់​ទុក​ក្នុង​ចិត្ត​, ចរិយា​ដែល​ថ្នឹក​ស៊ប់ស៊ាំ​ជាប់​ជា​ទម្លាប់​កែប្រែ​ឬ​កម្ចាត់​ចោល​ពុំបាន​, បុព្វចរិយា​នៃ​កាយ​ប្រយោគ និង​វចីប្រយោគ : មនុស្ស​មាន​វាសនា​ខុសគ្នា ។ ពាក្យ​នេះ​ខ្មែរ​ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “​សំណាង​, ព្រេងសំណាង​, ភ័ព្វព្រេង​; បុណ្យ​ភ័ព្យ​” : មាន​វាសនា​ល្អ​, វាសនា​អាក្រក់ (​សរសេរ​ក្លាយជា វាស្នា តាម​សូរ​សំនៀង​និយាយ​ក៏មាន សម្រាប់​ប្រើ​ក្នុង​កាព្យ​ក៏មាន​) ។

​វា ( បុ​. ស​. ) គេ​; ពាក្យ​សម្រាប់​និយាយ​ជា​ជំនួស​ឈ្មោះ​មនុស្ស​ក្មេង​ជាង ឬ​មនុស្ស​ថ្នាក់​តូច​ទាប​ជាង ឬក៏​សត្វ​តិរច្ឆាន​, វត្ថុ​, ធម្មជាតិ​,… ផ្សេងៗ : ហាម​ពួកក្មេង​កុំ​ឲ្យ​វា​លេង​ទឹក​; កូន​ខ្ញុំ​វា​ឈឺ​; កូន​គោ​វា​យំរ​កមេ​វា​; ការុង​វា​តូច​ច្រកអង្ករ​មិន​អស់​; គំនិត​វា​រាក់ ។​ល​។

​វិវាទ សំ​. បា​. ( ន​. ) ដំណើរ​ទាស់ទែង​គ្នា​, ដំណើរ​ឈ្លោះប្រកែក​គ្នា : មាន​វិវាទ​, កើត​វិវាទ​នឹង​គ្នា ។ វិវាទកម្ម អំពើ​វិវាទ ។ វិវាទការណ៍ ឬ វិវាទមូល (–​ទៈ –) ហេតុដែល​នាំ​ឲ្យ​កើត​វិវាទ​, ដំណើរ​វិវាទ ។ វិវាទការី (–​កា​រ៉ី​) អ្នក​ហៃ​ឈ្លោះ (​បើ​ស្ត្រី​ជា វិវាទការិនី​) ។ វិវាទបក្ខ ឬ​–​បក្ស (–​ទៈ​បុ័​ក​) ពួក​អ្នក​វិវាទ​, គូវិវាទ ។ វិវាទព័ស្តុ ឬ –​វត្ថុ (–​ទៈ​ព័ស ឬ –​ទៈ​វ័ត​-​ថុ​) រឿង​ឬ​ដំណើរ​វិវាទ ។ វិវាទាធិករណ៍ (​សំ​. បា​. ; វិវាទ + អធិករណ​) អធិករណ៍​ដែល​កើត​ព្រោះ​ដំណើរ​ទាស់​មាត់ពាក្យ​គ្នា​; ការ​កើតក្តី​ព្រោះតែ​សម្តី ។ វិវាទាបន្ន (–​ប័ន​; សំ​. បា​. ; វិវាទ + អាបន្ន “​ដែល​ដល់​, ដែល​ប្រទះ​”) អ្នក​ដែល​កំពុងមាន​វិវាទ​នឹង​គ្នា​ដោយហេតុ​ណាមួយ ។​ល​។

​វាយ ព​. សា​. ( កិ​. ) (​វ៉ៃ​) ប្រហារ​ដោយ​ប​ហ​រណ​វត្ថុ​ឥត​មុខ​មុត មាន​រំពាត់​, ដំបង​ជាដើម : វាយ​ដោយ​រំពាត់​, វាយ​មួយ​ដំបង ។ សំពង​ឲ្យ​មុត​លិច​ចុះ : វាយ​ដែកគោល ។ សំពង​បញ្ចូល​ឲ្យ​ណែន​តឹង : វាយ​រនុក​ក្រោល ។ ទួង​, គោះ ឬ​ដំ​ឲ្យ​លាន់ឮ​សូរសព្ទ : វាយស្គរធំ​, វាយ​រគាំង​, វាយគង ។ យក​សេចក្ដី​ឬ​លម្អិត​សេចក្តី​ឲ្យ​ជាក់​ប្រាកដ : វាយ​សេចក្ដី​មិន​បែក ។ តថ្លៃ : វាយ​ថ្លៃទំនិញ ។ ច្បាំង​គ្នា​, ច្បាំង​ដណ្ដើមយក​ស្រុក : វាយ​កងទ័ព​បច្ចាមិត្ត​, វាយយក​ស្រុក ។ វាយដំ វាយ​សំពង​ថែម​ហើយ​ថែមទៀត ។ វាយដំច្រំធាក់ វាយ​សំពង​រឿយៗ ទាំង​ធាក់​តន្ត្រំ​ផ្ទួនៗ​ផង ។ ព​. ប្រ​. វាយកន្ទុយភ្នែក ញាក់​ចុង​ភ្នែក​ឲ្យ​សញ្ញា​គ្នា ។​

​វៃ ល​. ស​. ( គុ​. ) ឆាប់​, រហ័ស​, ភ្លាម​, ឆាប់​ភ្លាម​: ឆាប់​វៃ​, ទៅ​វៃៗ ។ ឈ្លាស​; ស្ទាត់​ប្រាកដ​; ជំនាញ​, ប៉ិន​; ដែល​ឆាប់​យល់​, ឆាប់​ឮ : ប្រាជ្ញា​វៃ​, ត្រចៀក​វៃ ។ វៃវាង ដូចគ្នា​នឹង វាងវៃ ដែរ ។

​វ៉ាលិស បារ​. ( ន​. ) (Valise; អ៊ីតាលី Valigia) ហិប​តូច​ស្រាល ធ្វើ​ដោយ​ស្បែក​សម្លាប់ ឬ​ធ្វើ​ដោយ​សំពត់​សាច់​ក្រាស់​ជាដើម មាន​ដៃ​យួរ​បាន សម្រាប់​ដាក់​អីវ៉ាន់​ស្រាលៗ មាន​សម្លៀកបំពាក់​ជាដើម : វ៉ាលិស​ស្បែក ។

​វង្វេង ( កិ​. ) ភ្លេច​ឬ​ភ័ន្ត​ស្មារតី​, ភ័ន្ត​ផ្លូវ​; ភ័ន្ត​ដំណើរ​គ្នា​; ច្រឡំ​ចាំ​ពុំបាន​; ស្រវឹងចិត្ត​ជ្រប់ : វង្វេងកាម ស្រវឹង​កាមគុណ ។ វង្វេងគ្នា បែក​មិន​ចួប​គ្នា​ក្នុង​វេលា​ដើរ​ដំណើរ ព្រោះ​ភ័ន្តច្រឡំ​ផ្លូវ ។ វង្វេងចិត្ត ភ័ន្ត​ចិត្ត ។ វង្វេងជាតិ ភ័ន្ត​កំណើត​ទៅ​កើត​តាម​យថាកម្ម ខុស​បំណង ។ វង្វេងទិស ភ័ន្តច្រឡំ​ទិស ។ វង្វេងផ្លូវ ភ័ន្តច្រឡំ​ផ្លូវ ខុស​បំណង​ដែល​ត្រូវ​ទៅ ។ វង្វេងស្មារតី ភ័ន្ត​ស្មារតី​ចាំៗ​ភ្លេចៗ ឬ​បាត់ៗ ឃើញៗ ។​ល​។

វាស់ ( កិ​. ) ស្ទង់​ប្រមាណ​, ស្ទង់​ខ្នាត ដោយ​រង្វាស់ : វាស់ដី​, វាស់​ទទឹង​បណ្ដោយ​, វាស់កម្ពស់ ។ វាស់ព្រឹក ទាល់​ព្រឹក​, វាល់ព្រឹក ។ វាស់វែង វាស់​ឲ្យ​ដឹង​ប្រវែង​; វាស់​ឲ្យ​ដឹង​សព្វគ្រប់ ។ វាស់ល្ងាច ទាល់​ល្ងាច​, វាស់ល្ងាច ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​