​វិនិយោគិន​ចិន​ចង់​បង្កើត​រោងចក្រ​ស្រា​បៀរ​ចិន​នៅ​កម្ពុជា​

277
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នកវិនិយោគទុន​ចិន​មួយរូប​មានបំណង​សាងសង់​រោងចក្រ​ផលិត​ស្រា​បៀរ​ចិន​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​ទោះជា​មិនទាន់​ដឹង​ជាក់លាក់​អំពី​ទីតាំង​ក៏ដោយ​តែ​តាម​គម្រោង​នឹង​សាងសង់​នៅ​ប្រមាណ​៣០​ទៅ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។

​លោកនាយក​ប្រតិបត្តិ​ចូ​វ​ធា​ចុង​(ZhouTieZhong)​នៅក្នុង​សន្និសីទ​ប្រកាស​ពី​ការ​នាំចូល​ផ្តាច់មុខ​ស្រា​បៀរ​ម៉ាក​ហុង​មិន​(HongMen)​ដែលជា​ផលិតផល​របស់​ចិន​មកកាន់​ព្រះរាជណាចក្រ​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ហ័​រង​សាន​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​៖​លោក​មានបំណង​សាងសង់​រោងចក្រ​ផលិត​ស្រា​បៀរ​ម៉ាក​ហុង​មិន​នៅក្នុង​ប្រទេស​កម្ពុជា​។

​តាម​ផែនការ​លោក​នឹង​ជ្រើស​រើសយក​ទីតាំង​ដែល​ស្ថិតនៅ​ប្រមាណ​៣០​ទៅ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​ចំពោះ​ទឹកប្រាក់​វិនិយោគ លោក​គ្រោង​នឹង​បណ្តាក់ទុន​ប្រមាណ​១៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ដំណាក់កាល​ដំបូង​។​លោក​បាន​ឱ្យដឹងទៀតថា​៖​ស្រា​បៀរ​ហុង​មិនមាន​ប្រវត្តិ​ល្បី​ប្រមាណ​៣០០​ឆ្នាំ​មកហើយ​នៅ​ប្រទេស​ចិន​។​បច្ចុប្បន្ន​មាន​រោងចក្រ​ជាង​១០​នៅក្នុង​ប្រទេស​ចិន​ដែល​ក្នុងនោះ​មាននៅ​ទីក្រុង​ប៉េកាំង​ផងដែរ​។​លោក​បាន​ប្រដូច​ស្រា​បៀរ ហុង​មិន ទៅនឹង​ស្រា​បៀរ​អង្គរ​របស់​កម្ពុជា​។​

​​លោ​កចូវ​បាន​បញ្ជាក់ថា​៖​គម្រោង​សាងសង់​រោងចក្រ​ផលិត​ស្រា​បៀរ​ម៉ាក​ហុង​មិន​គឺ​សម្រាប់​លក់​នៅក្នុង​ប្រទេស​កម្ពុជា​និង​នាំ​ចេញទៅ​បណ្តា​ប្រទេស​អាស៊ាន​ដោយ​យក​កម្ពុជា​ជា​មូលដ្ឋាន​កណ្តាល​។​​លោកនាយក​ប្រតិបត្តិ​បាន​បន្តថា​៖​បានជា​គាត់​សម្រេចចិត្ត​នាំចូល​ស្រា​បៀរ​មក​កម្ពុជា​និង​ចង់​បង្កើត​រោងចក្រ​ស្រា​បៀរ​ដោយសារ​កម្ពុជា​ជា​មិត្ត​ល្អ​និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​។​ជាពិសេស​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុងតែ​រីកចម្រើន​ហើយ​អនាគត​នឹង​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​សម្រាប់​នាំចេញ​ទំនិញ​ទៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ​សុជាតិ​អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធន៍​ការនាំ​ចូល​ស្រា​បៀរ​ហុង​មិនបាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​វិនិយោគិន​ចិន​ដែល​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បានចាត់ទុក​ការវិនិយោគ​នេះ​ជាការ​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏ដូចជា​អភិវឌ្ឍ​សង្គម​របស់​កម្ពុជា​។​លោក​បាន​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​ថែមទៀត​ពី​វិនិយោគិន​ចិន​និង​បរទេស​៕S/


​ ​ចំណងជើង​រូបថត​៖​អ្នកវិនិយោគទុន​ចិន​មួយរូប​មានបំណង​សាងសង់​រោងចក្រ​ផលិត​ស្រា​បៀរ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​(​រូបៈ​សុផល​)


​ ​