​វិនិយោគិន​ចិន​មានបំណង​បណ្តាក់ទុន​ផ្នែក​បណ្តាញ​គមនាគមន៍​ទំនើប​ក្នុង​ខេត្តកំពត​

1394
ចែករម្លែក

​បូកគោ​/​កំ​ពតៈ​ក្រុមហ៊ុន​មួយ​មកពី​ប្រទេស​ចិន​ដែល​អញ្ជើញ​មក​ទស្សនកិច្ច​និង​ស្វែងយល់​ពី​សក្តានុពល​ក្នុង​ខេត្តកំពត​បាន​ផ្តោត​ការចាប់អារម្មណ៍​លើ​ការវិនិយោគ​ផ្នែក​បណ្តាញ​គមនាគមន៍​បែប​ទំនើប​ដើម្បីឱ្យ​ខេត្ត​ភាគ​និរតី​នៃ​កម្ពុ​ជាមួយនេះ​ទទួល​មាន​ភាព​រីកចម្រើន​ដូច​បណ្តា​ក្រុង​សំខាន់ៗ​របស់​ប្រទេស​ចិន និង​សង្ហ​បូរី​។

​ក្រោយ​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តកំពត​កាលពី​សៀ​ល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ លោក​ហុង ងៀ​ន​ប្រធាន​ប្រតិភូ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​សៀង​ហៃ​ហុង​ងៀ​ន​បាន​រៀបរាប់ថា​ការពិភាក្សា​របស់​ក្រុមហ៊ុន​លោក​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តកំពត​។​សម្រាប់​ដំណើរ​ទស្សនកិច្ច​មក​ខេត្តកំពត​នាពេលនេះ​ក្នុង​បំណង​សិក្សា​ពី​ភូមិសាស្ត្រ​សក្ដានុពល​ក៏ដូចជា​ស្វែងរក​លទ្ធភាព​ដែល​ខេត្ត​នេះ​មាន​ដើម្បី​ធ្វើការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​។​

​ក្រុមហ៊ុន​មានបំណង​ដាក់ទុន​រកស៊ី​និង​កែប្រែ​ខេត្តកំពត​ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មិន​ធ្លាប់​មាននៅ​កម្ពុជា​ព្រមទាំង​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់​ពោលគឺ​ចង់ឱ្យ​ខេត្ត​នេះ​ទទួលបាន​នូវ​ភាពជឿនលឿន​ដូច​ខេត្ត​ស៊ិន​ចូ​វ​របស់​ប្រទេស​ចិន​ឬ​ដូច​ប្រទេស​សិង្ហ​បុរី​។​ព្រោះ​តាម​ការកត់សម្គាល់​មើល​ជាក់ស្តែង កម្ពុជា​មិនទាន់មាន​គម្រោង​ទាំងនេះ​នៅឡើយ​ទេ​។

​ជា​បំណង​ដ៏​ធំ​របស់​ក្រុមហ៊ុន​សៀង​ហៃ ហុង​ងៀ​ន​បាន​ផ្តោតលើ​ការវិនិយោគ​វិស័យ​គមនាគមន៍ ដូចជា​ការធ្វើ​កំពង់ផែ ព្រលានយន្តហោះ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​កំពត​-​ភ្នំពេញ កំពត​-​ព្រះសីហនុ និង​គម្រោង​មួយចំនួនទៀត​។

លោក​ប្រធាន​ក្រុមហ៊ុន​បាន​បន្តថា​លោក​ក៏បាន​សំណូមពរ​ឱ្យ​អាជ្ញាធរខេត្ត​គាំទ្រ​និង​ស្នើសុំ​ជំនាញ​ពាក់ព័ន្ធ​រួមសហការ​ព្រមទាំង​ធានា​ទាំង​សន្តិសុខ​ក៏ដូចជា​ផ្លូវច្បាប់​ផងដែរ​។​តាម​ការរំពឹង​របស់​លោក​ផ្ទាល់​គម្រោង​វិនិយោគ​ដ៏​ធំ​នៅ​ខេត្តកំពត​នេះ​គឺ​សង្ឃឹម​ជឿជាក់ថា​នឹង​អាច​ដំណើការ​បាន​រហូតដល់​ទៅ​៨០​ភាគរយ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​បំណង​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​មួយ​នេះ​គឺ​ចង់​ធ្វើឱ្យ​ខេត្តកំពត​ជឿនលឿន​ដូច​បណ្តា​ក្រុង​ខេត្ត​មួយចំនួន​របស់​ប្រទេស​គេ ស្របពេល​កម្ពុជា​បច្ចុប្បន្ន​កំពុងមាន​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​ក៏ដូចជា​ការធានា​នូវ​ផ្លូវច្បាប់​គ្រប់គ្រាន់​សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដែល​មក​បណ្តាក់ទុន​។ លើសពីនេះ គេ​បាន​អះអាងថា​នឹង​ព្យាយាម​ធ្វើឱ្យ​ល្អ​ជាង​បណ្តា​ក្រុមហ៊ុន​ទាំងឡាយ​ដែល​មាននៅ​កម្ពុជា​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ទោះបី​នោះ​ជាការ​អួតអាង ឬ​យ៉ាងណា​ក៏​មិនទាន់​ដឹង​នៅឡើយ ព្រោះ​ពួកគេ​កំពុង​សិក្សា ហើយ​ស្ថិតក្រោម​ដំណើរ​ទស្សនកិច្ច​ប៉ុណ្ណោះ​។ ក្នុងនាម​រដ្ឋបាលខេត្ត លោក​ត្រូវតែ​ស្វាគមន៍​និង​ជំរុញ​ក្រុមហ៊ុន​ឱ្យ​លើកឡើង​ពី​គម្រោង​សកម្មភាព​ជាក់លាក់​ដើម្បី​ដាក់​ឆ្លង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួច​បន្ត​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នង​ការសម្រេច​៕S/​