ដោយៈសុផល/ភ្នំពេញៈធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានសហការឧបត្ថម្ភក្រសួងអប់រំ យុវជននិងកីឡា ក្នុងរៀបចំ សិក្ខាសលាស្តីពី “អក្ខរកម្មហិរញ្ញវត្ថុ” នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ១៩ដល់ថ្ងៃទី២១ វិច្ឆិកាឆ្នាំ២០១៩ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោកសេរីជំនះអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា ដោយមានការចូលរួមពីសិក្ខាកាមប្រមាណជា៣០០ នាក់។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋានលើប្រព័ន្ធឧបករណ៍ចល័តបំពេញបន្ថែមចំណេះដឹងហិរញ្ញវត្ថុមូលដ្ឋានដល់យុវជននិងកាត់បន្ថយហានិភ័យនៃការជាប់បំណុលហួសកម្រិតឬការក្លាយជាជនរងគ្រោះនៃក្រុមផ្តល់សេវាហិរញ្ញវត្ថុមិនស្របច្បាប់ក៏ដូចជាសេវាឥណទានផ្សេងៗដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកកែវជីវ៉ាតំណាងឱ្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា៖“ចំណេះស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុពិតជាមានសារសំខាន់ណាស់សម្រាប់យុវជននិងប្រជាជនទាំងអស់គ្នាដោយឱ្យពួកគាត់មានផែនការហិរញ្ញវត្ថុច្បាស់លាស់និងគេចផុតហានិភ័យនៃបំណុលផ្សេងៗ។”សិក្ខាកាមដែលចូលរួមកម្មវិធីនេះរួមមានលោកគ្រូអ្នកគ្រូគរុសិស្សគរុនិស្សិតមកពីខេត្តបាត់ដំបងសៀមរាបនិងបន្ទាយមានជ័យដែលពួកគាត់នឹងយកចំណេះដែលទទួលបានទៅចែករំលែកដល់សិស្សានុសិស្សក៏ដូចជាប្រជាជននៅតាម សហគមន៍របស់ពួកគាត់ផងដែរ។
លោកស្រ៊ុនឈាងស្រេងនាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារឯកទេសវីងបានឱ្យដឹងថា៖ “ខ្ញុំរំពឹងយ៉ាងមុតមាំថាសិក្ខាកាមដែលចូលរួមក្នុងកម្មវិធីរយៈពេល៣ថ្ងៃនេះ នឹងយក ចំណេះមួយ ចំនួនដែលបានរៀនសូត្រយកទៅចែករំលែកដល់សមាជិកគ្រួសារសហគមន។ក្នុងនោះមានសិស្សានុសិស្សដ៏ទៃផ្សេងទៀតដើម្បីរួមចំនែកលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ពួកគេនិងជួយកាត់បន្ថយវិបត្តិហិរញ្ញវត្ថុផ្សេងដែលអាចកើតមានជាយថាហេតុ”។
ក្រៅពីឧបត្ថម្ភជាថវិការណ៍និងសម្ភារៈមួយចំនួនវីងក៏បានចែករំលែកចំណេះអំពីការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋានលើប្រព័ន្ធឧបករណ៍ចល័តការសន្សំហិរញ្ញវត្ថុតាមវិធីផ្សេងៗនិងសេវាកម្មហិរញ្ញវត្ថុសម្រាប់យុវជន។នេះជាកម្មវិធី“អក្ខរកម្មហិរញ្ញវត្ថុ”លើកទីពីរហើយដែលធនាគារឯកទេស វីង (ខេមបូឌា)លីមីតធីតបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡារៀបចំឡើងដោយលើកទី១ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមពីសិក្ខាកាមចំនួន ២៥០នាក់មកពីខេត្ត កំពង់ចាម,ក្រចេះ,និងស្ទឹងត្រែង,៕S/
ចំណងជើងរូបថតៈវីងចូលរួមចំណែកជាមួយក្រសួងអប់រំដើម្បីលើក កម្ពស់ ចំណេះដឹងនៃការ គ្រប់ គ្រង ហិរញ្ញវត្ថុ