ដោយ: មជ្ឈមណ្ឌលឯកសារកម្ពុជា / ភ្នំពេញ: ឈ្មោះ សូ រី ត្រូវជាប្រពន្ធរបស់ វឹង វន បាននិយាយរឿងរ៉ាវប្រាប់ថា ប្តីរបស់ខ្ញុំឈ្មោះ វន គាត់មានសម្បុរសណ្តែកបាយ។ គាត់ជាមនុស្សស្លូតបូត ឧស្សាហ៍ធ្វើការ និងគួរឲ្យស្រឡាញ់។ យើងបានរៀបការនៅពេលដែលខ្ញុំមានអាយុ១៦ឆ្នាំ។ ប្រហែលជាមួយខែក្រោយមក រដ្ឋអំណាចភូមិ និងឃុំ បានបញ្ចុះបញ្ចូល វន ឲ្យចូលបម្រើកងទ័ព លន់ នល់។ គាត់មិនចង់ចូលទេ ប៉ុន្តែគាត់មានជម្រើសតិចតួច។ គាត់បានវាយប្រយុទ្ឋនៅលើសមរភូមិជាច្រើន។
នៅដើមឆ្នាំ១៩៧៥ ប្តីរបស់ខ្ញុំត្រូវបានបញ្ជាឲ្យទៅភូមិមួយ នៅជាយក្រុងភ្នំពេញ នៅទីនោះគាត់ត្រូវរបួសនៅលើភ្លៅ។ បន្ទាប់ពីសហការីរបស់គាត់បានផ្តល់ឲ្យខ្ញុំនូវដំណឹងរបស់គាត់ ខ្ញុំក៏បានជិះឧទម្ភាគចក្រពីខេត្តតាកែវមកមើលថែគាត់។ មុនដំបូង នៅពេលដែលខ្ញុំឃើញរបួសគាត់ ខ្ញុំបានស្រែកយំ។ គាត់មិនអាចបញ្ឈប់ការហូរឈាមបានទេ ហើយដំបៅរបស់គាត់មានដង្កូវជាច្រើន។ វេជ្ជបណ្ឌិតជាច្រើននាក់បានព្យាយាមជួយគាត់ ប៉ុន្តែ វន មិនអាចដើរបានទេ។
ខ្ញុំបានប្រកែកមិនចាកចោលគាត់ នៅពេលដែលខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ។ នៅពេលដែលខ្មែរក្រហមបានបង្ខំយើងឲ្យចាកចេញពីមន្ទីរពេទ្យ ខ្ញុំបានដាក់ វន នៅក្នុងរទេះអូសមួយ រួចចងគាត់នឹងក្រម៉ាភ្ជាប់រទេះដើម្បីកុំឲ្យធ្លាក់ចេញពីរទេះ។ ខ្ញុំស្ទើរតែហៀបនឹងឆ្លងទន្លេ ព្រោះពោះរបស់ខ្ញុំវាធំខ្លាំងពេក ដូច្នេះវារឹតតែធ្វើឲ្យខ្ញុំមានការលំបាកក្នុងការធ្វើដំណើរ។
នៅតាមផ្លូវខ្ញុំបានកប់ឯកសារ និងឯកសណ្ឋានរបស់ វន។ នៅពេលដែលខ្មែរក្រហមសួរយើង ខ្ញុំប្រាប់ថា ប្តីរបស់ខ្ញុំជាអ្នកលក់ការ៉េមកី ហើយខ្ញុំជាមេផ្ទះ។ ប៉ុន្តែដោយសារ វន មានរបួសជើង ខ្មែរក្រហមមិនជឿយើងឡើយ។ ខ្មែរក្រហមបានយកប្តីខ្ញុំដាក់ចូលទៅក្នុងរថយន្តមួយ។ ខ្ញុំគិតថាខ្មែរក្រហមបានសម្លាប់គាត់ ព្រោះអីគាត់ជាទាហាន លន់ នល់។
ខ្ញុំត្រូវបានជម្លៀសទៅភូមិចំបក់ នៅក្នុងខេត្តកំពង់ចាម បន្ទាប់ពីខ្ញុំទៅដល់១៥ថ្ងៃក្រោយមក ខ្ញុំបានឆ្លងទន្លេកើតបានកូនស្រីម្នាក់។ ខ្ញុំមានការខ្លាចរអាជាខ្លាំង ដោយខ្ញុំមិនដឹងថាត្រូវកើតកូនង៉ាយ៉ាងម៉េច ហើយនៅទីនោះមិនមានពេទ្យឆ្មបជួយខ្ញុំទេ។ យ៉ាងណាក៏ដោយ មានមនុស្សម្នាក់នៅក្នុងចំណោមអ្នកជិតខាងរបស់ខ្ញុំបានដឹងអំពីការបង្កើតកូន ហើយគាត់ក៏បានជួយខ្ញុំ។ វាជាការកើតកូនតាមធម្មជាតិ និងមានការឈឺចាប់យ៉ាងខ្លាំង។
អ្នកភូមិជាច្រើននាក់បានប្រាប់ខ្ញុំឲ្យដាក់ឈ្មោះកូនស្រីរបស់ខ្ញុំថា ចំបក់ ដូច្នេះនាងមិនអាចបំភ្លេចទីកន្លែងដែលនាងបានចាប់កំណើតឡើយ។ ១៥ថ្ងៃបន្ទាប់មក ខ្ញុំត្រូវបានចាត់ឲ្យទៅធ្វើការនៅវាលស្រែ។ ខ្ញុំបានយក ចំបក់ ទៅស្រែជាមួយ ហើយបានដាក់នាងឲ្យដេកនៅក្នុងអង្រឹងមួយ ខណ:ដែលខ្ញុំកំពុងធ្វើការ។ ប៉ុន្តែ នៅពេលដែលនាងឈឺក្តៅខ្លួនខ្លាំង នៅទីនោះមិនមានវេជ្ជបណ្ឌិតព្យាបាលនាងទេ។ នាងបានស្លាប់នៅពេលដែលនាងមានអាយុ៩ខែ។ ខ្ញុំបានសួរអង្គការថា ខ្ញុំអាចកប់សាកសពកូនស្រីរបស់ខ្ញុំបានទេ? ប៉ុន្តែអង្គការបានបដិសេធ ហើយបានគ្រវែងសាកសពនាងចូលទៅក្នុងស្ទឹង។ ខ្ញុំយំយ៉ាងស្ងៀមស្ងាត់ ព្រោះបើកម្មាភិបាលឮខ្ញុំយំ ខ្ញុំនឹងត្រូវសម្លាប់។
ខណៈដែលខ្ញុំកំពុងធ្វើការនៅវាលស្រែ ឈ្លបស៊ើបការណ៍បានមកឆែកឆេរផ្ទះខ្ញុំច្រើនដង ប៉ុន្តែឈ្លបមិនអាចរកអ្វីឃើញឡើយ។ ខ្ញុំបានលាក់ទុករូបថតរបស់យើងនៅក្នុង ថង់ផ្លាស្ទិកមួយ ហើយរក្សាទុករូបថតទាំងនោះនៅក្នុងហោប៉ៅអាវរបស់ខ្ញុំ។ អង្គការបានបន្តសួរនាំខ្ញុំអំពីប្តីរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានប្រាប់គេថាគាត់ជាអ្នកលក់ការ៉េមកី ហើយត្រូវបានយកទៅសម្លាប់រួចហើយ។ ទីបំផុត អង្គការបានឈប់សួរនាំខ្ញុំអំពី វន។
នៅពេលដែលកងទ័ពវៀតណាមចូលមករំដោះនៅឆ្នាំ១៩៧៩ ខ្ញុំបានរត់ទៅភូមិ ហើយលួចបានស្រូវមួយចំនួនដែលទើបតែច្រូតកាត់ប្រមូលបាន។ ខ្ញុំបានឲ្យស្រូវពីរកញ្ជើ ទៅអ្នករត់ទូក ដូច្នេះគាត់នឹងនាំខ្ញុំត្រឡប់ទៅភ្នំពេញវិញ។ ជាចុងក្រោយ ម្តាយរបស់ខ្ញុំបានរកខ្ញុំឃើញ ហើយយើងបានត្រឡប់ទៅផ្ទះរបស់យើងនៅក្នុងខេត្តតាកែវ ប៉ុន្តែនៅពេលដែលយើងទៅដល់ យើងឃើញថាផ្ទះនោះត្រូវបានបំផ្លាញទាំងស្រុងដោយសារគ្រាប់បែក។
ម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា ខ្មែរក្រហមបានសម្លាប់ឪពុករបស់ខ្ញុំ ព្រោះគាត់បានបដិសេធធ្វើតាមអង្គការ ដែលបានបញ្ជាឲ្យបងស្រីរបស់ខ្ញុំរៀបការ។ កម្មាភិបាលពីរនាក់បានបណ្តើរឪពុកខ្ញុំចេញពីភូមិ ហើយគាត់បានបាត់ខ្លួនរហូត។ ពីរបីថ្ងៃក្រោយមកបងស្រីរបស់ខ្ញុំបានបាត់ខ្លូន ដូចគ្នានឹងឪពុករបស់ខ្ញុំដែរ៕ ល