​វេទិកា​ថ្នាក់រៀន​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា ប្រជាធិបតេយ្យ នៅ​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ​

539

សកម្មភាព​វេទិកា​ថ្នាក់រៀន​មួយ​ស្តីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​វិទ្យាល័យ​ជាស៊ីម​ចំរើន​រដ្ឋ (​រូបថត មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​វេទិកា​ថ្នាក់រៀន​មួយ​ស្តីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​វិទ្យាល័យ​ជាស៊ីម​ចំរើន​រដ្ឋ ដែលមាន​សិស្សានុសិស្ស​ចូលរួម​សរុប​៦៩​នាក់ (​ប្រុស​៣០​នាក់​)​។ ដំបូង​ឡើយ វិទ្យាល័យ​នេះ​ជា​ឧបសម្ព័ន្ធ​វិទ្យាល័យ​ឬ​ស្សី​កែវ ស្ថិតនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
​វេទ​ទិ​កា​ថ្នាក់រៀន​នេះ គឺ​បង្កើតឡើង​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ពិភាក្សាគ្នា អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នូវ​អ្វីដែល​សិស្ស​ទាំងនេះ​បានដឹង និង​ធ្លាប់បាន​រៀន​កន្លងមក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏មាន​ការដាក់​តាំងពិព័រណ៍ អំពី​សកម្មភាព​ដែល​ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ទាំង​បង្ខំ​ទៅតាម​ទីជនបទ​ដើម្បី​ធ្វើស្រែ​ចម្ការ​។​

​ពិព័រណ៍​នេះ មាន​ចំនួន​សរុប​៥​ផ្ទាំង និង​បានរៀបចំ​ដាក់តាំង​មុន​រយៈពេល​បី​ថ្ងៃ​ដើម្បី​ឲ្យ​សិស្សានុសិស្ស​មើល​ទុកជាមុន ដើម្បី​ផ្តល់នូវ​ចំណេះដឹង​ខ្លះៗ​មុន​ការចូលរួម​វេទិកា​ថ្នាក់រៀន​នេះ​។ មុននឹង​ចាប់ផ្តើម​កម្មវិធី បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​ស្លាយ​ដើម្បី​ចាក់​បញ្ចាំង​វីដេអូ​ខ្លី​មួយ ដែល​និយាយ​អំពី​របប​ខ្មែរក្រហម និង​ចែក​សៀវភៅ​ស្តីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់​សិស្សានុសិស្ស​ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​។​

​ម៉ោង​ប្រាំបី​កន្លះ​ព្រឹក លោកនាយក​សាលា​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ បានប្រកាស​បើក​វគ្គ​វេទិកា​ថ្នា​ក់រៀនេះ និង​បាន​និយាយ​អំពី​សារសំខាន់​នៃ​ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​បាន​រម្លឹក​អំពី​អតីតកាល​របស់គាត់​អំឡុង​ឆ្នាំ​១៩៧៥-៧៩​។ លោកនាយក​សាលា​មានឈ្មោះ ឌី ទេពកោសល្យ អាយុ​៤៩​ឆ្នាំ គាត់​បាន​រៀបរាប់​អំពី​រឿងរ៉ាវ​ខ្លះៗ ក្នុង​របប​ខ្មែរក្រហម​ដែល​គាត់​ធ្លាប់បាន​ឆ្លងកាត់​កន្លងមក​។ នៅ​ឆ្នាំ​១៩៧៧ ទេ​ព្យ​កោសល្យ មាន​អាយុ​ប្រហែល​១២​ឆ្នាំ អង្គការ​បាន​ចាត់តាំង​គាត់​ឲ្យ​មើល​ក្របី​។ នា​យប់​មួយ ក្របី​របស់គាត់​បាន​ដាច់​ចំណង ហើយ​បាន​រត់​ចេញពី​ក្រោល ពេលនោះ​គាត់​បាន​ដើររក​ក្របី​ទាំងយប់ មួយសន្ទុះ​ក្រោយមក​គាត់​ក៏បាន​ឃើញ​ក្របី​របស់គាត់ ហើយ​បាន​ដឹក​វា​ត្រឡប់មកវិញ​។ ពេលនោះ មាន​សម​មិត្ត​ដែល​រស់នៅ​ក្បែរ​គ្នា បាន​និយាយប្រាប់​គាត់​ថា ឪពុក​របស់គាត់​ត្រូវបាន​ខ្មែរក្រហម​យកទៅ​រៀនសូត្រ​ហើយ (​សម្លាប់​) ខណៈពេលដែល ទេ​ព្យ​កោសល្យ ឯង​ទៅរក​ក្របី​។ ប៉ុន្តែ ទេ​ព្យ​កោសល្យ បែរជា​គិតថា វា​ជា​សំណាងល្អ​របស់គាត់​ដែល​ក្របី​បាន​ដាច់​ចំណង ទើប​គាត់​បាន​រួចផុតជីវិត ពីព្រោះ​ពេលនោះ ប្រសិនបើ ទេ​ព្យ​កោសល្យ នៅ​ជាមួយ​ឪពុក​របស់គាត់ ច្បាស់​ជា​អង្គការ​យកទៅ​សម្លាប់ចោល​ទាំងពីរ​នាក់​ជាពុំខាន​។ បង្វែរ​មកវិញ ទេ​ព្យ​កោសល្យ បាន​និយាយ​ទៅកាន់​សិស្ស​របស់គាត់​ថា ការរៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ព្រោះ​វា​ជា​អតីតកាល​ដ៏​ជូរចត់​មួយ ដែល​សិស្ស​ទាំងអស់​ត្រូវ​យល់ដឹង​អំពី​របប​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំ​ឲ្យ​កើតមានឡើង​សារជាថ្មី​។​

​ទាវ លី​លី ជា​សិស្ស​ថ្នាក់​ទី​១២A1 រៀន​នៅ​វិទ្យាល័យ​ជាស៊ីម​ចំរើន​រដ្ឋ បាន​រៀបរាប់ថា ពីដំបូង​ឡើយ គាត់​ធ្លាប់​បានឮ​ពី​សម័យ​ខ្មែរក្រហម តាមរយៈ​ឪពុកម្តាយ​របស់គាត់ ដែល​បាន​ប្រាប់​អំពី​សកម្មភាព​ដែល​កើតឡើង​ក្នុងសម័យ​កាលនោះ​។ ពេលនោះ លី​លី មាន​អារម្មណ៍​ថា ស្អប់​របប​នោះ​យ៉ាងខ្លាំង ប៉ុន្តែ​ក្រោយ លី​លី បាន​សិក្សា​អំពី​របប​នេះ នៅក្នុង​ថ្នាក់រៀន​របស់ខ្លួន​ផ្ទាល់ ជាពិសេស​ថ្ងៃនេះ ដែល​បាន​មានឱកាស​ចូលរួម​វេទិកា​ថ្នាក់រៀន អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ បានធ្វើ​ឲ្យ លី​លី យល់ដឹង​កាន់តែច្បាស់ ហើយ​មិនមាន​គំនិត​ស្អប់ ឬ​មិន​ចង់​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​នេះ​ទេ ផ្ទុយទៅវិញ លី​លី យល់ដឹងបាន​ច្រើន​ពី​របប​ខ្មែរក្រហម​តាមរយៈ​ការចូលរួម​វេទិកា​ថ្នាក់រៀន​នេះ​។ អ្វីដែល​ពិសេស​ទៀត​នោះ នៅពេលដែល លី​លី បាន​មើល​ការតាំងពិព័រណ៍​អំពី​រូបភាព​ដែល​ខ្មែរក្រហម​ជម្លៀស​ប្រជាជន ហាក់បីដូច​ធ្វើ​ឲ្យ លី​លី ស្ថិតនៅក្នុង​សកម្មភាព​ជាក់ស្តែង​មួយ​នៃ​របប​នោះ និង​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​សង្វេគ​យ៉ាង​ពន់ពេក​។​

​ប្រាក់ សោភា រៀន​ថ្នាក់​ទី​១២B2 នៅ​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ បាន​និយាយ​អំពី​សារសំខាន់​នៃ​ការរៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ថា ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្លួន​ផ្ទាល់ គឺ​មិនត្រូវ​បំភ្លេច​នោះទេ ទោះបីជា​ប្រវត្តិសាស្ត្រ​ល្អ ឬ​មិនល្អ​ក្តី គឺ​យើង​ត្រូវ​សិក្សា​អំពី​វា​ឲ្យ​បាន​ច្បាស់ ជាពិសេស​របប ប៉ុល ពត ដែលជា​ប្រវត្តិសាស្ត្រ​ដ៏​សាហាវយង់ឃ្នង និង​ព្រៃផ្សៃ​ដែល​ប្រជាជន​ខ្មែរ​ទូទៅ​មាន​អារម្មណ៍​ដក់​ជាប់​នៅក្នុង​ចិត្តជា​និច្ច​។ ម្យ៉ាងទៀត សោភា បាន​បន្ថែមថា នៅពេលដែល​បាន​រៀន​ប្រវត្តិសាស្ត្រ​នៅថ្ងៃនេះ គឺ​ធ្វើ​ឲ្យ​គាត់​បានដឹង​កាន់តែច្បាស់​អំពី​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុងសម័យ​កាលនោះ និង​គោលនយោបាយ​ដែល​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​។ សោភា បាន​បន្តថា ប្រសិនបើ​គាត់​ទទួលបាន​ចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​នេះ​កាន់តែច្រើន​គាត់​នឹង​ចែករំលែក​ទៅកាន់​សិស្ស​ប្អូន​របស់គាត់ ដែល​រៀន​នៅក្នុង​វិទ្យាល័យ​ជាមួយគ្នា ដើម្បី​ជា​គន្លឹះ​សម្រាប់​ប្រឡង​ទុតិយភូមិ ដែលជា​វិញ្ញាសារ​ធ្លាប់​បានចេញ​កន្លងមក​។ សោភា បាន​បញ្ជាក់ថា ការរៀន​ប្រវត្តិសាស្ត្រ​នេះ គឺ​បានផ្តល់​អត្ថប្រយោជន៍​ស​ម្រា​ប់​ខ្លួន​គាត់​ផ្ទាល់ នៅពេលដែល​គាត់​ប្រឡង​តែងសេចក្តី គាត់​បាន​លើកយក​ផល​អវិជ្ជមាន​ដែល​កើតឡើង​ពីរ​បប​នោះ មក​ធ្វើការ​ប្រៀបធៀប​នឹង​សម័យកាល​បច្ចុប្បន្ន​ថា តើ​វា​មាន​លក្ខណៈ​ខុសគ្នា​យ៉ាងដូចម្តេច​។ អ្វីដែល សោភា ចាប់អារម្មណ៍​បំផុត​នោះ គឺ​រូបភាព​តាំងពិព័រណ៍ ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​សម័យ​អតីតកាល និង​មាន​អក្សរ​ដែល​សរសេរ​បញ្ជា​ក់​អំពី​ព្រិ​ត្តិ​ការ​នោះ ម្យ៉ាងទៀត មាន​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជួយ​ចង្អុលបង្ហាញ​នូវ​ចម្ងល់​ទាំងឡាយ​ដែល សោភា មានការ​ងឿងឆ្ងល់​ធ្វើ​ឲ្យ​ចម្ងល់​ទាំងនោះ​កាន់តែ​យល់ច្បាស់​ឡើង​។ ជា​ចុងបញ្ចប់ សោភា សំណូមពរ ថា ចង់​ឲ្យ​មាន​វេទិកា​ថ្នាក់រៀន​អំពី​ប្រវត្តិសាស្ត្រ​បែបនេះ​តទៅទៀត ដើម្បី​កុំ​ឲ្យ​សិស្សានុសិស្ស ឬ​ក្មេងជំនាន់ក្រោយ​បំភ្លេច​នូវ​ប្រវត្តិសាស្ត្រ​មួយ​នេះ​៕L ដោយៈ ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​