​វេទិកា​ថ្នាក់រៀន ស្ដីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​កម្ពុជា (១៩៧៥-១៩៧៩)

2607
ចែករម្លែក
  • 11
    Shares

សិស្សកំពុងបំពេញសំណួរស្ទាប់ស្ទងមតិ (រូប: មជ្ឈមណ្ឌលឯកសារកម្ពុជា)

ដោយ​: ដា​រ៉ា​រដ្ឋ មេត្តា / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង កីឡា បានរៀបចំ​ជា​វេទិកា​ថ្នាក់រៀន​មួយ​ស្ដីពី​សារសំខាន់ នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង ដែលមាន​ទីតាំងនៅ​ភូមិ​សំរោង​ខាងជើង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ចំនួន​៥០​នាក់​។​

​នេះ​គឺជា​វេទិកា​ថ្នាក់រៀន​លើក​ទី​៣៤​ដែលជា​វេទិការ​ថ្នាក់រៀន​ចុងក្រោយ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​រៀបចំឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​។ វេទិកា​ថ្នាក់រៀន​នេះ បានរៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើត​ចំណេះដឹង​ប្រវត្តិសាស្ត្រ ជួយ​ជំរុញ​ឲ្យ​មានការ​ចងចាំ ការការពារ​កុំ​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​កើតមានឡើង​ម្ដងទៀត ការបណ្ដុះ​ឲ្យ​មានការ​គិតពិចារណា​ទៅលើ​ប្រវត្តិសាស្ត្រ និង​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ពិភាក្សាគ្នា​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ខ្លួន​បានដឹង និង​បាន​រៀនសូត្រ​កន្លងមក​។​

​នៅក្នុង​វេទិកា​ថ្នាក់រៀន​នេះ លោក ផេង ពង្ស​រ៉ាស៊ី នាយក​នៃ​កម្មវិធី​ស្រាវជ្រាវ និង អប់រំ​អំពើ​ប្រល័យពូជសាសន៍​របស់​ម​ជ្ឈ​ម​ណ្ឌ​ឯកសារ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​អំពី​សារសំខាន់ នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដល់​សិស្ស​ទាំងអស់​ដែល​បាន​ចូលរួម និង​បាន​ចែក​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ចំនួន​៦០​ក្បាល និង ឯកសារ​មេរៀន​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទៅដល់​សិស្ស​ទាំងអស់​ក្នុង​កម្មវិធី​វេទិកា​ថ្នាក់រៀន​ទៀតផង​។​

រ៉េត រ៉ាន់ នាយកទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង (រូប: មជ្ឈមណ្ឌលឯកសារកម្ពុជា)

លោក រ៉េត រ៉ា​ន់ ជា​នាយក​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង​បាន​លើកឡើងថា លោក​ពិត​ជាមាន​ភាពសប្បាយ​រីករាយ និង​ពេញចិត្ត​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​វេទិកា​ថ្នាក់រៀន​ដល់​វិទ្យាល័យ​របស់លោក​។ រ៉ា​ន់ បាន​បន្តថា ទាំងនេះ​ជាការ​ចែករំលែក​បទពិសោធ​ន៍​ពី​ខ្មែរក្រហម​ដល់​ក្មេងជំនាន់ក្រោយ ដែល​មិន​បានដឹង និង​ឆ្លងកាត់​។ រ៉ា​ន់ បាន​បន្ថែមថា ដោយសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជាមាន​ជំនាញ​ក្នុងការ​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម និង​មាន​ឯកសារ​ដែល​អាច​ឲ្យ​ជឿទុកចិត្ត​បាន ដូច្នេះ​អាចធ្វើ​ឲ្យ​សិស្ស​ជឿជាក់​កាន់តែច្បាស់​ថា របប​ខ្មែរក្រហម​ពិតជា​កើតឡើង​ប្រាកដ​មែន​។ របប​ខ្មែរ​ក​ក្រហម គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ក្មេងជំនាន់ក្រោយ​ត្រូវតែ​ដឹង និង​ចងចាំ​។ រ៉ា​ន់ និង គ្រួសារ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅកាន់​ខេត្តពោធិ៍សាត់​នៅ​ដើមឆ្នាំ​១៩៧៦​។ រ៉ា​ន់ បាន​បាត់បង់​ឪពុក និង​បងប្រុស​ម្នាក់​នៅក្នុង​រប​ប​ខ្មែរក្រហម​។ ចាប់តាំងពី​ជម្លៀស​ទៅ​ពោធិ៍សាត់ រ៉ា​ន់ មិនដែល​បាន​នៅ​ជាមួយ​ម្ដាយ​ទេ​។ នៅពេលដែល​គាត់​នឹក​ដល់​ឪពុកម្ដាយ និង​បងប្អូន ហើយ​ចង់​ទៅលេង​ក៏​ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ដែរ​។ រ៉ា​ន់ បាន​មានប្រសាសន៍ថា ទាំងនេះ​ជាការ​ធ្វើបាប​ផ្លូវចិត្ត និង​បំបិទ​សិទ្ធិសេរីភាព​។ រ៉ា​ន់ បាន​រំឭកថា រាល់ថ្ងៃ​គាត់​ធ្វើការ​អស់កម្លាំង​យ៉ាងខ្លាំង និង​ទន់​ជើង​ស្ទើរ​ដើរ​ពុំរួច​។ ថ្ងៃមួយ​នៅពេល​កំពុងធ្វើការ រ៉ា​ន់ បាន​សុំ​ខ្មែរក្រហម​ទៅ​បង្គន់ ហើយក៏​ឆ្លៀត​បេះ​ផ្លែឈើ និង​ស្លឹកឈើ​បេះ​ហូប​។ នៅពេល​ត្រឡប់មក​កង​វិញ ខ្មែរក្រហម​បាន​សួរថា មិត្តឯង​ទៅ​បន់​ជើង​យូរ​ម្ល៉េះ​ជិត​កន្លះ​ម៉ោង​ហើយ រួច​ហើយក៏​ទាញ់​រំពាត់​វាយ​គាត់​ដូចជា​សត្វ​ធាតុ​។ រ៉ា​ន់ មិន​ហ៊ាន​តបត​នឹង​ខ្មែរក្រហម​ទេ គឺ​មានតែ​ទ្រាំ និង​សម្រក់​ទឹកភ្នែក​តែប៉ុណ្ណោះ​។​

សិស្សឡើងសួរសំណួរ (រូប: មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ងួន ពេ​ជ្ជ​រាម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២”A” នៃ​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង បាន​និយាយថា ខ្លួន​ពិតជា​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង នៅពេលដែល​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានមក​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​ធ្វើ​ឲ្យ​សិស្ស​យល់​កាន់តែច្បាស់​ពីរ​បប​នេះ​។ ពេ​ជ្ជ​រាម ធ្លាប់បាន​ស្ដាប់​ឪពុក​និយាយ​ពី​របប​ខ្មែរក្រហម​ដ៏​ឃោរឃៅ ហើយ​នៅពេល​ចូលរួម​វេទិកា​ថ្នាក់រៀន​ធ្វើ​ឲ្យ​ខ្លួន​ក៏​នឹកឃើញ​ដល់​រឿងរ៉ាវ​ឪពុក​ដែលជា​ជនរងគ្រោះ​ធ្លាប់​ឆ្លងកាត់​របប​នេះដែរ​។ នៅពេល​ស្ដាប់​រឿង​ឪពុក បាន​និយាយប្រាប់ ធ្វើ ពេ​ជ្ជ​រាម មាន​សេចក្ដី​អាណិតអាសូរ​ឪពុក​យ៉ាងខ្លាំង​។ ទោះបីយ៉ាងណា ពេ​ជ្ជ​រាម មិន​ស្អប់​គុំ​គួ​ន​ចំពោះ​កម្មាភិបាល​ខ្មែរក្រហម​ទេ ប៉ុន្តែ​ខ្លួន​នៅតែ​មិន​សប្បាយចិត្ត​ដែល​កម្មាភិបាល​ខ្មែរក្រហម​បាន​ធ្វើបាប​ប្រជាជន​ខ្មែរ​។ ពេ​ជ្ជ​រា ចង់​ឲ្យ​ប្រជាជន​ខ្មែរ​មានការ​សាមគ្គី​គ្នា និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​របប​នេះ​កើតឡើង​ម្ដងទៀត ហើយ​ខ្លួន​សប្បាយចិត្ត​យ៉ាងខ្លាំង​ពេល​ឃើញ​ប្រជាជន​កម្ពុជា​ចេះ​អន់ឱន​។

​សៅ មាស ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២”A” នៃ​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង បាន​រៀបរាប់ថា វា​គឺជា​ឱកាសល្អ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានមក​បង្កើត​វេទិកា​ថ្នាក់រៀន​នេះ​ឡើង ព្រោះ​បានធ្វើ​ឲ្យ​សិស្ស​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ឈឺចាប់ ហើយ​អាចជៀ​ងវាង​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​នេះ ត្រឡប់មកវិញ​ម្តងទៀត​។ មាស ធ្លាប់បាន​ស្តាប់​រឿងរ៉ាវ​របស់​ម្ដាយ​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​។ មាស មានចិត្ត​អាណិតម្ដាយ​របស់ខ្លួន​នៅពេលដែល​កម្មាភិបាល​ខ្មែរក្រហម​បំបែក​ម្តាយ​ខ្លួន​ចេញពី​យាយ និង​បងប្អូន​។ មាស ខឹង​ចំពោះ​ទង្វើ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​ធ្វើ​ឲ្យ​ប្រជាជន​រងទុក្ខវេទនា និង​ស្លាប់​យ៉ាងច្រើន​។ ប៉ុន្តែ មាស មិនបាន​គុំ​គួ​ន​កម្មាភិបាល​ខ្មែរក្រហម​នោះទេ​។ មាស ក៏​មិន​ខឹង ឬ​ស្អប់ខ្ពើម ចំពោះ​កូន​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែរ​។ មាស បាន​លើកឡើងថា តាមរយៈ​ការអប់រំ និង ទប់ស្កាត់​អំពើហិង្សា យើង​អាច​ទប់ស្កាត់​មិន​ឲ្យ​របប​នោះ​កើតឡើង​សាជាថ្មី​ម្ដងទៀត​។​

​ឆោម ចាន់​ឌី ភេទ​ស្រី អាយុ ១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ “A” វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង​។ ចាន់​ឌី ធ្លាប់​បានដឹង​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​ប្រជាជន​កម្ពុជា​។ លោកយាយ​របស់ ចាន់​ឌី មាន​អាយុ​៧៨​ឆ្នាំ ធ្លាប់បាន​និយាយប្រាប់​អំពី​បទពិសោធន៍​ដែល​គាត់​បាន​ឆ្លងកាត់ និង​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ចំណែក​របស់របរ​ផ្ទាល់ខ្លួន​ក៏​មិនអាច​ប្រើប្រាស់​បានដែរ​។ ចាន់​ឌី មានការ​អាណិត​ចំពោះ​ប្រជាជន​កម្ពុជា​ស្លូតត្រង់​ដែល​ត្រូវបាន​ខ្មែរក្រហម​គាបសង្កត់ និង​ធ្វើបាប ហើយ​សូម្បីតែ​កុមារ​ក៏​ត្រូវបាន​បង្ខិតបង្ខំ​ឲ្យ​ធ្វើការ​ដែរ​។ ចាន់​ឌី បន្តថា លោកយាយ​របស់ខ្លួន​បាន​រត់គេច​ពី​គ្រាប់ផ្លោង និង​លួច​របស់របរ​អង្គ​ការដែល​ចាត់ទុកជា​របស់​សមូហ​ភាព​ហូប​ដើម្បី​បាន​រស់​ជីវិត​។ ចាន់​ឌី បាន​និយាយថា “​ខ្ញុំ​មានការ​កោតសរសើរ​ចំពោះ​លោកយាយ​ដែល​អាច​ឆ្លង​ផុតពី​របប​នេះ ហើយ​បាន​និយាយ​ពី​ព្រឹត្តិការណ៍​ទាំងនោះ​ប្រាប់​ដល់​ចៅ​” ។

វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ (រូប: មជ្ឈមណ្ឌលឯកសារកម្ពុជា)

.​ប្រវត្តិ​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង​
​មុននឹង​ឈានដល់​ការបង្កើត​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង ជា​វិទ្យាល័យ​មួយ​ដែល​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ដែល​បាន​កាត់​ចេញពី​ស្រុក​ពញាឮ ខេត្តកណ្ដាល​។ សាលា​នេះ​ក៏បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​តាម​របត់​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​។ នៅក្នុង​ឆ្នាំ​១៩៥៩ ក្រសួង​បាន​បង្កើត​សាលាបឋមសិក្សា​មួយ​ឈ្មោះថា សាលាបឋមសិក្សា​សំរោង​ខាងជើង ស្ថិតក្រោម​ការផ្ដួចផ្ដើម​របស់​ព្រះចៅអធិការ​វត្ត ព្រះនាម កុយ ប៉ុក​។ លុះ​មកដល់​ឆ្នាំ​១៩៧០-១៩៧៩ ប្រទេស​កម្ពុជា​ស្ថិតនៅក្រោម​របប​កម្ពុជា​ប្រជា​ធិ​ប​តយ្យ សង្គ្រាម និង ការបំផ្លិចបំផ្លាញ សាលា​ត្រូវបាន​បិទទ្វា​លែង​បានទទួល កុមា​រ៉ា​-​កុមារី ឲ្យ​ចូលរៀន​។ ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​ឆ្នាំ​១៩៧៩ ដោយ​យល់ឃើញ​ពី​តម្រូវការ​របស់​ប្រជាជន និង​ភាពចាំបាច់​នៃ​ការអប់រំ ប្រជាជន​នៅក្នុង​តំបន់​បាន​នាំ​គា្ន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ជួសជុល​សាលា​ចាស់ និង ជញ្ជាំង​ធ្វើ​អំពី​ដើម​កក់ ដែលមាន​៣​បន្ទប់ ចំណែក​សិស្ស​មួយចំនួនទៀត​បាន​រៀន​នៅលើ​សាលាឆាន់​របស់​វត្ត​សំរោង​ខាងជើង ដែលមាន​ចំនួន​៥​បន្ទប់​។ ក្នុងនោះ​មាន​សិស្ស​សរុប​ចំនួន​៤៧៥​នាក់ និង មាន​សិស្សស្រី​២២៧​នាក់ និង មាន​គ្រូបង្រៀន​៨​នាក់ ស្ថិតនៅក្រោម​ការដឹកនាំ​របស់លោក​នាយក​សាលា ក្រូច ស៊ីណ​យ ។ លោកនាយក ក្រូច ស៊ី​ណន បម្រើការ​បាន​ពីរ​ឆ្នាំ ក៏​ប្តូរ​ទៅ​បម្រើការ​នៅ​មន្ទីរអប់រំ​ស្រុក​។ នៅ​ឆ្នាំ​១៩៨១ លោក ឡៅ លឹម ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​នាយក​សាលា​បន្ត​ដោយមាន​លោក ខៀវ រ៉ា​ន់ ជា​នាយករង​។ នៅ​ឆ្នាំ​១៩៩៧ សម្ដេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា បាន​សាងសង់​អគារ​ពីរ​ខ្នង ស្មើនឹង​១០​បន្ទប់ បន្ថែមទៀត​។

​នៅក្នុង​ឆ្នាំ​២០០០ ដោយ​ចំនួន​សិស្សសាលា​កើនឡើង​ជា​លំដាប់ និង​ដើម្បី​បំពេញតម្រូវការ​របស់​អាណាព្យាបាល​សិស្ស និង​ផល​ពិបាក​ក្នុងការ​ធ្វើដំណើរ សាលាបឋមសិក្សា​ឃុំ​សំរោង ត្រូវបាន​បែងចែក​ជា​៣ មាន​៖ សាលាបឋមសិក្សា​វត្ត​គ្រួស សាលាបឋមសិក្សា​សំរោង​កណ្ដាល និង​សាលាបឋមសិក្សា​សំរោង​ជើង មាន​លោក ខៀវ អៃ ជានា​យក និង លោក ណាំ សុខ ជា​នាយករង​។ នៅក្នុង​ឆ្នាំ​២០០១ ព្រះ​តេជគុណ ណ​យ ច្រឹ​ក ជា​ព្រះចៅអធិការ​វត្ត​ច័ន្ទ​បុរី​វង្ស បាន​ជួសជុល​អគារ​មួយ​ខ្នង​មាន​៣​បន្ទប់​។ នៅ​ឆ្នាំ​២០០៥ -២០០៦ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ឲ្យ​មាន​អនុវិទ្យាល័យ​តាម​ឃុំ ទើប​លោកនាយក​សាលាបឋមសិក្សា​សំរោង​បាន​បង្កើត​អនុវិទ្យាល័យ​ក្នុង​ឃុំ​សំរោង មាន​ថ្នាក់​ទី​៧ មាន​អគារ​មួយ​ខ្នង​មាន​៥​បន្ទប់ មាន​សិស្ស​សរុប​ចំនួន​២៦២​នាក់​ក្នុងនោះ​មាន​ស្រី​៥៧​នាក់ និង មាន​គ្រូ​ចំនួន​៥​នាក់​។ លោកនាយក​សាលា​យល់ឃើញ​ថា ពី​ដើមឡើយ​ប្រជាជន​នៅក្នុង​តំបន់​នេះ​មិនមាន​ប្រជាជន​បាន​រៀនសូត្រ​ជ្រៅជ្រះ​នោះទេ ហើយ​លោក​យល់ឃើញថា​នៅក្នុង​តំបន់​នេះ​អាច​បង្កើតជា​វិទ្យាល័យ​បាន ព្រោះ​មាន​សាលា​ចំណុះ​ច្រើន តែ​មិនមាន​វិទ្យាល័យ ដូចជា​ព្រែកតាទែន ជ្រៃ​លាស់ ត្របាំង​ព្រាយ ភូមិធំ និង​ព្រែក​ព្នៅ​។ លោក​បានធ្វើ​ផែនទី​សម្រាប់​សិក្សា​ឃើញថា មាន​ច្រើន​ភូមិ​ដែល​អាចបង្កើត​ទៅជា​វិទ្យាល័យ​បាន ក៏បាន​ស្នើ​ទៅ​សម្ដេច​សង្ឃនាយក​រង​ទី​៣ ណ​យ ច្រឹ​ក ជួយ​ស្នើ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នៅ​ឆ្នាំ ២០០៧-២០០៨ សាលា​នេះ​បាន​ប្ដូរ​មកជា​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង​។

​ឆ្នាំ​២០១២-២០១៣ វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង មាន​អគារ​៤​ខ្នង មាន​២៧​បន្ទប់ ទីចាត់ការ​១​ខ្នង ៤​បន្ទប់ អគារ​កាត់ដេរ​១​ខ្នង ៣​បន្ទប់ ។ ដោយមាន​សិស្ស​សរុប​ចំនួន​៩២០​នាក់ និង​ស្រី​៤០៧​នាក់​។ បុគ្គលិក​៧៦​នាក់ និង​ស្រី​២០​នាក់​។ ឆ្នាំ​២០១៧-២០១៨ វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សំរោង​មាន​អគារ​៧​ខ្នង ស្មើ​៣៧​បន្ទប់ ដោយមាន​សិស្ស​សរុប​ចំនួន​៧៨៨​នាក់ សិស្សស្រី​៣៨៤​នាក់ និង​មាន​ចំនួន​១៦​ថ្នាក់ មាន​៖ ទី​៧​មាន​៤​ថ្នាក់ ទី​៨​មាន​៣​ថ្នាក់ ទី​៩​មាន​២​ថ្នាក់ ទី​១០​មាន​៣​ថ្នាក់ ទី​១១​មាន​២​ថ្នាក់ និង​ទី​១២​មាន​២​ថ្នាក់​៕