​វ៉ូ​វី​ណា​ម ធ្វើ​មហាសន្និបាត​វិសាមញ្ញ ប្ដូរ​ប្រធាន​សហព័ន្ធ​

237
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា នា​រសៀល ថ្ងៃទី​១៣ ធ្នូ បានធ្វើ​មហាសន្និបាត​វិសាមញ្ញ ដើម្បី​ប្ដូរ​ប្រធាន​សហព័ន្ធ ក្នុងខណៈដែល ប្រធាន​ចាស់ មាន​បញ្ហា​សុខភាព​នោះ ។​

​ប្រធាន​សហព័ន្ធ​ចាស់ គឺ​លោក​ឩ​ក​ញ៉ា រ័ត្ន សា​ខន ដែល​ពេលនេះ មាន​បញ្ហា​សុខភាព មិនអាច​ដឹកនាំ​សហព័ន្ធ បន្តទៅទៀត​បាន​នោះ សមាជិក ប្រតិបត្តិ​សហព័ន្ធ បាន​ឯកភាពគ្នា ធ្វើ​មហាសន្និបាត​វិសាមញ្ញ ដើម្បី​រក​មេដឹកនាំ​ថ្មី ដែលមាន​សុខភាព​ល្អ និង​មាន​សក្ដានុពល ក្នុងការ​ដឹកនាំ​។​

ការធ្វើ​មហាសន្និបាត​វិសាមញ្ញ​

​សមាជិក​ប្រតិបត្តិ​ថ្មី មាន​ចំនួន ១៩ រូប ដែល​ក្នុងនោះ​មួយរូប ជា​ស្ដ្រី ។ ក្នុងចំណោម ៩ រូបនោះ មាន​ប្រធាន​មួយរូប អនុប្រធាន ៦​រូប អគ្គលេខាធិការ ១​រូប អគ្គលេខាធិការរង ៤​រូប អគ្គហិរញ្ញិក ១​រូប អគ្គហិរញ្ញិក​រង ចំនួន ២​រូប និង​សមាជិក​ប្រតិបត្តិ​ធម្មតា ចំនួន ៤​រូប ។​

​លោក ស៊ូ​ម សារឿន ដែលជា​អនុប្រធាន​សហព័ន្ធ​ចាស់ បាន​ជាប់ឆ្នោត ជា​ប្រធាន​សហព័ន្ធ ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ ២០២១ ដែលជា​ឆ្នាំ​បញ្ចប់​អាណត្តិ ។ អនុប្រធាន​សហព័ន្ធ ចំនួន ៦​រូប មាន​លោក កែវ ហុក​លី ដែលជា​អគ្គលេខាធិការ​ចាស់ លោក អ៊ុង សា​រ៉ា​វ៉ាន់ លោក គិ​ន ឆេង​លី លោក ជា ហុង​រី លោក​មេធាវី រស់ មុនិន្ទៈ និង​លោក ថោង សុខាំ​ភូ ។​

ការធ្វើ​មហាសន្និបាត​វិសាមញ្ញ​

​លោក អ៊ូ រតនា ដែលជា​អនុប្រធាន​សហព័ន្ធ​ចាស់ មកកាន់​កាប់​តំណែង ជា​អគ្គលេខាធិការ រួមជាមួយ​អគ្គលេខាធិការរង ចំនួន ៤​រូប​ទៀត មាន​លោក កោ លី​ឃ​ន លោក លាង ណា​រិ​ទ្ធ លោក ឡុង សុផាត និង​លោក សយ សុ​វណ្ណា ។ លោក កៅ មករា ដែលជា​គ្រូបង្វឹក​ជម្រើសជាតិ ឡើង​តំណែង​ជា​អគ្គហិរញ្ញិក ព្រមទាំង​អគ្គហិរញ្ញិក​រង ២​រូប​ទៀត គឺ​លោក យ៉ាំ ថៃ​សាន និង​លោក ម៉េង សៅ​ណេង ។​

ការធ្វើ​មហាសន្និបាត​វិសាមញ្ញ​

​ចំពោះ​សមាជិក​ប្រតិបត្តិ​ធម្មតា ចំនួន ៤ រូប​វិញ​នោះ មាន​លោក ទេព ជីវ​សុខុម លោក ម៉ិច សីហា អ្នកស្រី ប៉ុក ករុណា និង​លោក​មេធាវី ស៊ុំ ធន​សុ​វណ្ណៈ ។​

​វ៉ូ​វី​ណា​ម ជា​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល បំផុត​របស់​កម្ពុជា ។ ជាមួយនឹង​ការធ្វើ មហាសន្និបាត​វិសាមញ្ញ​នេះ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ប្រកួត​វ៉ូ​វី​ណា​ម​ពិភពលោក ចាប់ពី​ថ្ងៃទី​១៦ ដល់ ២២ ធ្នូ ដែលមាន​ប្រទេស​ចូលរួម ចំនួន ២៣ ។ លោក ស៊ូ​ម សា​រៀន ដែលជា​ប្រធាន​ថ្មី បានបង្ហាញ​ពី ជំនឿ​ចិត្ត​ថា កម្ពុជា នឹង​ប្រជែង​បាន​មេដាយមាស ពី​ព្រឹត្តិការណ៍​នេះ ជាមិនខាន​ឡើយ ៕v

ការធ្វើ​មហាសន្និបាត​វិសាមញ្ញ​