​វ​.​គ​.​ស​.​ក​. បង្ហាញ​អំពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ អេ​ធី​ឃ្យូ​

157
ចែករម្លែក

ដោយ​៖ គ​ន្ធា​
​ភ្នំពេញ​៖
កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ និង​សវន​ករ​កម្ពុជា (​វ​.​គ​.​ស​.​ក​.) អង្គការ UNDP និង ICAEW (​វិទ្យាស្ថាន គណនេយ្យករ​ជំនាញ នៃ​ចក្រភព​អង់គ្លេស​) បាន​សហការ​រៀបចំ​ក​ម្ម​វិធី ស្ដីពី​ការបង្ហាញ អំពី​កម្មវិធីសិក្សា​ប​ចេ្ច​ក​ទេស គណនេយ្យ អេ​ធី​ឃ្យូ (ATQ)​។​

​កម្មវិធីសិក្សា​បច្ចេកទេស គណនេយ្យ​នេះ ត្រូវបាន​បង្កើតឡើង ដោយ ICAEW និង វ​.​គ​.​ស​.​ក​. ដោយមាន​ការគាំទ្រ​ជា​មូល​និ​ធី ពី UNDP ។ កម្មវិធី​នេះ មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដើម្បី​ជួយ​គាំទ្រ ដល់​សាកលវិទ្យាល័យ ក៏ដូចជា មជ្ឈមណ្ឌល​បណ្ដុះ បណ្ដាល ដែល​ទទួលស្គាល់ ដោយ វ​.​គ​.​ស​.​ក​. និង​សិស្ស និស្សិត ទូទាំងប្រទេស​កម្ពុជា​។ កម្មវិធី​នេះ នឹង​ជួយ​បង្កើន​លទ្ធភាព រក​ការងារ​ធ្វើ របស់​យុវជន តាមរយៈ​ការបណ្ដុះបណ្ដាល គណនេយ្យករ​ជំនាញ យ៉ាងតិច ៥០០ នាក់ ត្រឹម​ឆ្នាំ ២០២០ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អាជីវកម្ម គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​។

គណៈអធិបតី ក្នុងពិធីបើក​កម្មវិធី ស្ដីពីការបង្ហាញ ​អំពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ (រូបថតៈគ​ន្ធា)

​លោកស្រី Sonali Dayaratne, Deputy Resident Representative, UNDP Cambodia បាន​លើកឡើងថា​៖ បញ្ហា​កង្វះ​គណនេយ្យករ​ជំនាញ គឺជា​ក្ដីបារម្ភ​មួយ សម្រាប់​និរន្ត​ភាព នៃ​កំណើនសេដ្ឋកិច្ច​។ ទោះជា​យ៉ាងណាក៏ដោយ វា​ជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​បង្កើត និង​ផ្ដល់ឱកាស​ការងារ ជូន​ដល់​យុវជន​កម្ពុជា​។ UNDP បាន​ផ្ដួចផ្ដើម​កិច្ចសហការ ជាមួយ​ក្រុមប្រឹក្សា​ជាតិ​គ​ណ​នេ​យ្យ (NAC) វ​.​គ​.​ស​.​ក​. និង ICAEW ដើម្បី​បង្កើត​កម្មវិធីសិក្សា បច្ចេកទេស​គណនេយ្យ ដែល​ទទួលស្គាល់ ជា​អន្តរជាតិ និង​ជា​កម្មវិធីសិក្សា សម្រាប់​យុវជន​នៅ​កម្ពុជា ដែល​រួមមាន​សិស្ស ដែល​រៀន​ចប់​វិទ្យាល័យ​ឡើងទៅ ឬ និ​យោ​ជិ​ក ដែល​កំពុង​ស្វែងរក​ឱកាស ពង្រឹងសមត្ថភាព និង​ជំនាញ​របស់ខ្លួន សម្រាប់​ឱកាស​ការងារ​។

​លោក ងី តា​យី ថ្លែង​បើក​កម្មវិធី ស្ដីពីការបង្ហាញ ​អំពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ ( រូបថតៈ គ​ន្ធា )​

​ក្នុង​សន្ទរកថា​បើក កម្មវិធី​របស់ លោក ងី តា​យី រដ្ឋលេខាធិការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ បាន​លើកឡើងថា​៖ ការបង្កើត​កម្មវិធីសិក្សា​បច្ចេកទេស គណនេយ្យ​នេះ បានកើត​ឡើង ក្នុងពេល​វេលា​ដ៏​សមស្រប និង​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ និង​សកម្មភាព​នានា​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានលើកឡើង នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​២០១៦-២០២៥ និង​គោលនយោបាយ​អភិវឌ្ឍន៍ ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៦-២០២៥ រួមមាន​ដូចជា​៖ លើកទឹកចិត្ត​ឱ្យ​សហគ្រាស​ធុន​តូច ៨០% ធុន​មធ្យម ៩៥% ត្រូវ​ចុះបញ្ជី​ជា​ផ្លូវការ និង​ដើម្បី​ធានាថា សហគ្រាស​ធុន​តូច ចំនួន ៥០% និង​សហគ្រាស​ធុន​មធ្យម ចំនួន ៧០% មាន​បញ្ជី​ការ​គណនេយ្យ និង​តារាង​តុល្យការ​ត្រឹមត្រូវ​។ កសាង​សមត្ថភាព ដើម្បី​ធ្វើការ​តាមដាន និង​ត្រួតពិនិត្យ​គួប​សរុប ។ ការការពារ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ ពី​ការប្រើប្រាស់ ជា​មធ្យោបាយ សម្រាប់​ការសម្អាត​ប្រាក់ និង​ហិរញ្ញ​ប្រទាន​ភេរវកម្ម​។ ការលើកកម្ពស់​អភិបាលកិច្ច​ល្អ គុណភាព​ទិន្នន័យ ប្រព័ន្ធ​គណនេយ្យ និង​សវនកម្ម ក៏ដូចជា ការវាយតម្លៃ​លើ អចលនទ្រព្យ សេវាកម្ម​អចលនទ្រព្យ និង​ទីផ្សារ​អ​ច​នល​វត្ថុ​។

​នៅក្នុង​កម្មវិធី​បង្ហាញ អំពី​កម្មវិធីសិក្សា​ប​ចេ្ច​ក​ទេស គណនេយ្យ អេ​ធី​ឃ្យូ នេះដែរ ក៏មាន​ការចូលរួម​ពី គណនេយ្យករ​ជំនាញ និង​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​គណនេយ្យ និង​សវនកម្ម ថ្នាក់ដឹកនាំ​ធនាគារ តំណាង​សាកលវិទ្យាល័យ សិស្ស និស្សិត រួមជាមួយ ICAEW, UNDP និង វ​.​គ​.​ស​.​ក​. សរុប​ប្រហែល ៣៥០ នាក់​៕v