ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈសត្វស្វាស្រូវប្រមាណ៣២ក្បាលត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលាខណៈសត្វស្វាទាំងនោះត្រូវបានឈ្មួញទុច្ចរិតដឹកយកទៅបម្រុងលក់ក្នុងទីផ្សារងងឹត។ការសង្គ្រោះសត្វស្វាខាងលើធ្វើឡើងពីសំណាក់នគរបាលប៉ុស្តិ៍រដ្ឋបាលមេម៉ង់សហការជាមួយស្នាក់ការបរិស្ថានប្រចាំឃុំមេម៉ង់និងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦៤កាលពីម៉ោង៤ទាបភ្លឺថ្ងៃទី១៦ខែមីនាឆ្នាំ២០១៨ ។
លោកស៊ុនប៊ុនធឿនអធិការនគរបាលស្រុកកែវសីមាបានឱ្យដឹងថាកម្លាំងប៉ុស្តិ៍មេម៉ង់បានសហការជាមួយស្នាក់ការបរិស្ថានប្រចាំឃុំមេម៉ង់និងកងរាជអាវុធហត្ថស្នាក់សន្តិសុខ ៧៦៤ បានឃាត់ម៉ូតូសង្ស័យចំនួន២គ្រឿង ម៉ូតូទី១:ម៉ាក Exciter(ពណ៌ក្រហម) ម៉ូតូទី២ ឆ្លាមកែច្នៃ ដោយម្ចាស់ម៉ូតូរត់គេចខ្លួនបាត់។ ក្រោយការឆេកឆេរសមត្ថកិច្ចបានរកឃើញនូវសត្វស្វាចំនួន៣២ក្បាល ក្នុងនោះវាបានងាប់៨ក្បាលទៅហើយ។
លោកថាសត្វស្វានោះជាអំបូរស្វាស្រូវ ហើយយើងបានរំដោះពីដៃឈ្មួញនៅត្រង់ចំណុចក្រោមភ្នំកាច់ករ ភូមិសាស្ត្រ ឃុំមេម៉ង ស្រុកកែវសីមាខេត្តមណ្ឌលគិរី។លោកអធិការបានបញ្ជាក់ថាម៉ូតូជាមធ្យោបាយរបស់ឈ្មួញត្រូវយកមករក្សាទុកនៅស្នាក់ការបរិស្ថាន។ឯសត្វស្វាដែលនៅរស់បានយកទៅដោះលែងឱ្យមានសេរីភាពក្នុងជម្រករបស់វាដដែល។ដោយឡែកស្វាដែលងាប់តម្រូវឱ្យយកទៅដុតបំផ្លាញចោល ។
ពាក់ព័ន្ធនិងព័ត៌មានលម្អិតនោះលោកកែវសុភគ៌ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមិនបានទទួលទូរស័ព្ទនោះទេនាម៉ោង៤និង១៥នាទីល្ងាចថ្ងៃដដែលនេះ៕S/