​សង្ហារិម, ស្ដារ, ​សេដ្ឋ, ​តក្កវិជ្ជា, ​ប្រតិព័ទ្ធ, ​ប្រតិកម្ម, ប្រភព, ប្រធាន

336
ចែករម្លែក

​ ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

សង្ហារិម សង់ហា​-​រិម ឬ ស័ង​ហា​រិមៈ បា​. ( គុ​. ) (​សំហារិម​) ដែល​នាំយក​ឬ​ដែល​លើកយក​ទៅមក​បាន​, ដែល​អាចធ្វើ​ឲ្យ​កក្រើក​ឬ​ឲ្យ​ឃ្លាត​ចាក​ទី​បាន : ចាន​, ផ្តិល​, តុ​, កៅអី​, ទូ​,… ជា​សង្ហារិម ។ ព​. ផ្ទ​. អសង្ហារិម ឬ អសំហារិម ។ សង្ហារិមភណ្ឌ​, –​វត្ថុ ឬ សំហារិម​– ទ្រព្យ​, របស់​ឬ​វត្ថុ​ជា​សង្ហារិម ។

​ស្ដារ ជើង ដ ( កិ​. ) បាច​ឬ​ដង​យក​ទឹក​ចេញ ឲ្យ​ស្រាល​, ឲ្យ​ស្អាត : ស្ដារទូក​, ស្ដារអណ្ដូង ។ កកាយ​ឬ​កើប​យកចេញ​ឲ្យ​អស់ : ស្ដារបង្គន់​, ស្ដារជង្រុក (​ស្រូវ​) ។ បាញ់​ល​មើល ឲ្យ​អស់​ច្រែះ​, ឲ្យ​ថ្នឹក ឲ្យ​ស៊ាំសាច់ : ស្ដារកាំភ្លើង ។ ព​. ប្រ​. ស្ដារកិលេស ជម្រះ​កិលេស ។ ស្ដារចិត្ត ជម្រះចិត្ត​, ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ ។​ល​។

​សេដ្ឋ សេត​-​ឋៈ បា​.; សំ​. ( គុ​. ) (​ឝ្រេ​ឞ្ឋ​) ប្រសើរ​ផុត​, ប្រសើរ​លើសលន់​; ឧ​ត្ត​ម​, ឧដុង្គឧត្តម​, ខ្ពង់ខ្ពស់ ។ សេដ្ឋកម្ម ឬ សេដ្ឋកិច្ច ការ​ឬ​កិច្ចការ​ប្រសើរ​ផុត​; មុខរបរ​ដ៏​ឧ​ត្ត​ម​, មុខរបរ​ដែលមាន​ប្រយោជន៍​ដ៏​សំខាន់​ក្នុងប្រទេស​នី​
​មួយៗ : សេដ្ឋកិច្ចជាតិ ។ សេដ្ឋការ អ្នកធ្វើ​សេដ្ឋកម្ម​ឬ​សេដ្ឋកិច្ច (​បើ​ស្ត្រី​ប្រើ​ជា សេដ្ឋការិកា​) ។ សេដ្ឋធន (–​ធន់​) ទ្រព្យ​ឧ​ត្ត​ម ។ សេដ្ឋពាណិជ អ្នកជំនួញ​ឯក ។​

​តក្កវិជ្ជា ត័ក​កៈ​- បា​.; សំ​. ( ន​. ) (​ត​ក៌​វិទ្យា​) វិជ្ជា​ត្រិះរិះ គឺ​ចំណេះ​ខាង​ពិចារណា​រិះរក​ហេតុផល​ដែល​ប្លែក​ឲ្យ​ឃើញ​ប្រា​ដក​ដោយ​គំនិត​ខ្លួនឯង​, វិជ្ជា​សម្រាប់​ត្រិះរិះ​រាវរក​ខាង​របៀប​បែបបទ​ក្នុងការ​និយាយស្ដី​ឬ​ក្នុង​កិច្ចការ​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​សមរម្យ​ទៅតាម​លក្ខណៈ​នៃ​ហេតុផល​… : មនុស្ស​គ្មាន​តក្កវិជ្ជា និយាយ​ចាប​ចុង​ប្រ​យុង​ដើម​ស្ដាប់​មិនបាន ។

​ប្រតិព័ទ្ធ សំ​.; បា​. ( កិ​. ) (​ប្រតិ​ព​ទ្ធ​; ប​ដិ​ព​ទ្ធ​) ជាប់​, ជាប់​ស្អិត​, ជំពាក់​; ស្រឡាញ់​ជាប់ចិត្ត : ចិត្ត​កូនប្រុស​ខ្ញុំ បាន​ប្រតិព័ទ្ធ​ចំពោះ​រូបនាង​កញ្ញា​នោះ​ស៊ប់​ណាស់​ទៅហើយ​មិនអាច​នឹង​ត្រឡប់​រាថយ​ក្រោយ​វិញ​បានទេ ។ ប្រើ​ជា ន​. ក៏បាន : មាន​ប្រតិព័ទ្ធ ។ គុ​. ចិត្ត​ប្រតិព័ទ្ធ ។

​ប្រតិកម្ម ប្រៈ​–​ឬ​ប្រ​-– សំ​.; បា​. ( ន​. ) អំពើ​ប្រឆាំង​, អំ​ពើត​ទប់​, អំពើ​តបត​ត្រឡប់​មករក​វិញ​, ការរក​រឿងហេតុ​តប​ត​មកវិញ : ប្រតិកម្ម​បានកើត​ឡើង​ភ្លាម ក្រោយ​ដែល​ទី​ប្រជុំបាន​ពិភាក្សា​សម្រេច​រឿង​នោះ​រួចហើយ (​បារ​. Réaction)

​ប្រភព ប្រ​ភប់ សំ​.; បា​. ( ន​. ) (​ប្រ​ភ​វ​; ប​ភ​វ​) ដែន​កើត​, ទី​ដែល​កើតមុន​, ហេតុដែល​បណ្ដាល​ឲ្យ​កើត​, ដើមកំណើត : តណ្ហា​ជា​ប្រភព​នៃ​សេចក្ដី​ទុក្ខលំបាក​គ្រប់យ៉ាង​, ការងារ​ជា​ប្រភព​នៃ​ទ្រព្យសម្បត្តិ ។ ក្បាល​ស្ទឹង​, ក្បាល​ទន្លេ​, មេទឹក (​បារ​. Source) ។

​ប្រធាន សំ​.; បា​. ( ន​. ) (​បធាន​) មេ​, អ្នក​ដែលជា​មេ​លើ​គេ​, ដែលជា​ធំជាងគេ : ប្រធានរដ្ឋសភា​, ប្រធាន​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​; អ្នកណា​ជា​ប្រធាន​លើ​អស់​មនុស្ស​ទាំងនេះ ? ។ ព​. វ​. ពាក្យ​ដែលជា​ធំ​ក្នុងការ​សម្រេច​អំពើ ដូចជា ស្មៀន សរសេរ សំបុត្រ​; ស្មៀន ជា ប្រធាន​, សរសេរ ជា កិរិយា​, សំបុត្រ ជា អំពើ​ដែល​គេ​ត្រូវ​សរសេរ ។ គុ​. ដែល​ខ្ពស់បំផុត​, ឧ​ត្ត​ម​ក្រៃលែង​, ចម្បង ។ ន​. ព្យាយាម​, ការ​ខំប្រឹងប្រែង ៕ ​ដកស្រង់ៈ សម្បត្តិ​កញ្ញា