​សត្វ​ដំរី​គេ​អាច​ដឹង​ពី​ដំណើរ​របស់​វា​ដោយសារ​បំពាក់​GPS

529

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មហាជន​ជាច្រើន កន្លងមក​បាន​សម្តែង​ក្តី​ងឿងឆ្ងល់ អំពី​ការតាមដាន​ជីវិត​រស់នៅ​របស់​សត្វ ពិសេស​សត្វព្រៃ​ដែល​រស់នៅ​ក្នុងព្រៃ​ជ្រៅៗ តើ​គេ​ធ្វើ​បែបណា​ទើប​អាច​ដឹង​ទៅ បើ​មនុស្ស​យើង​មិនអាច​ទៅ​កៀក​ជិត​និង​សត្វ​ផង​នោះ​?

​អស់​ចម្ងល់​ហើយ​នៅពេលនេះ​ដោយសារតែ​អង្គការក្រៅរដ្ឋាភិបាល​មួយ​បាន​ទម្លាយ​អំពី​បច្ចេកទេស​មួយចំនួន​លើ​ការតាមដាន អំពី​ការ​ចល័ត​ទី​របស់​សត្វ​។​ក្នុងនោះ​អង្គការ​ខាងលើ​បាន​លើកយក​នូវ​ប្រភេទ​សត្វ​ដំរី ជា​ឧទាហរណ៍ និង​បានបង្ហាញ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​គណនី​ឈ្មោះ​អង្គការ​មូលនិធិ​សកល​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ហៅ​កាត់​ថា​WWF cambodia​។

អង្គការ​ខាងលើ​បាន​រៀបរាប់​ដូចខាងក្រោម​៖​តើ​អ្នកដឹង​ទេ ថា​តើ​ក្រុមការងារ​ស្រាវជ្រាវ​របស់​យើង​សិក្សា​បំឡាស់​ទី​របស់​សត្វ​ដំរី​ក្នុងព្រៃ​ដោយ​របៀប​ណា​? ក្រុមការងារ​ស្រាវជ្រាវ បំពាក់​ក្រឡៅ​ក​សត្វ​ដំរី​ជាមួយនឹង​ឧបករណ៍​ពិ​សេសមួយ​ដែលមាន​ប្រព័ន្ធ​តាមដាន​ទីតាំង (GPS tracker)​។​

​ដើម្បី​បង្កើតបាន​ក្រុមការងារ​មួយ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដាក់​ក្រឡៅ​ក​តាមដាន​សត្វ​ដំរី​នៅក្នុង​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត (EPL) WWF-​កម្ពុជា បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី “​ការដាក់​ក្រឡៅ​ក​តាមដាន​សត្វ​ដំរី​” ដល់​ក្រុមការងារ​ចំនួន ១៧ នាក់ ដែលជា​អ្នកស្រាវជ្រាវ​សហគមន៍ ឧ​ទ្យា​នុ​រក្ស ប៉ូលីស និង​ពេទ្យសត្វ មកពី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ព្រៃឈើ និង​នាយកដ្ឋាន​ប៉ូលីស​ខេត្ត នៅ​ថ្ងៃទី​២ ដល់ទី​៥ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ខេត្តមណ្ឌលគិរី​។​

​គោលបំណង​ចម្បង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុងការ​បង្កើត​ក្រុមការងារ​ថ្មី​មួយ ប្រកបដោយ​សមត្ថភាព ក្នុង​ការដាក់​ក្រឡៅ​ក​តាមដាន​សត្វ​ដំរី ដើម្បី​សិក្សា​ស្វែងយល់​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន អំពី​បំលាស់​ទី​របស់​សត្វ​ដំរី និង​ដោះស្រាយ​ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរី​ដែល​អាច​កើតមានឡើង​។​

ក្រុមការងារ​បានទទួល​ចំណេះដឹង​ពេញលេញ​នៅក្នុង​ថ្នាក់រៀន និង​ការអនុវត្ត​ជាក់ស្តែង​នៅពេល​ចុះ​កម្មសិក្សា​។ មុនពេល​ដាក់​ក្រឡៅ​ក​តាមដាន​សត្វ​ដំរី វា​ជា​រឿង​ចាំបាច់​ក្នុងការ​បាញ់ថ្នាំ​សន្លប់​សត្វ​តាម​បច្ចេកទេស​ត្រឹមត្រូវ​។

ដូច្នេះហើយ ក្រុមការងារ​បាន​រៀន​អំពី​កាយវិភាគសាស្ត្រ និង​អក​ប្ប​កិរិយា​របស់​សត្វ​ដំរី របៀប​ប្រើប្រាស់​ថ្នាំ​សន្លប់​សត្វ របៀប​បាញ់ថ្នាំ​សន្លប់​លើស​ត្វ​។ ព្រមទាំង​យន្តការ​ចាំបាច់​នានា​ក្នុង​ការដាក់​ក្រឡៅ​ក​តាមដាន​សត្វ​ដំរី ក្នុង​វគ្គ​បណ្តុះបណ្តាល​ចំនួន​ពីរ​ថ្ងៃ​ដំបូង​។

​ចំណែក​ពីរ​ថ្ងៃ​ចុងក្រោយ​នៃ​វគ្គ​បណ្តុះបណ្តាល ក្រុមការងារ​ធ្វើដំណើរ​ទៅកាន់ ជ្រលង​ដំរី (Elephant Valley Project) ដើម្បី​ធ្វើការ​អនុវត្ត​ជាក់ស្តែង​។ ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត ក្រុមការងារ​ត្រូវ​ហ្វឹកហាត់​ឱ្យក្លាយ​ជា​អ្នកបាញ់​ថ្នាំ​សន្លប់​សត្វ​ដ៏​ពូកែ​ជាមុនសិន​។ ពួកគាត់​បាន​សាកល្បង​ការប្រើ​ចំណុះ​ថ្នាំ​សន្លប់​ក្នុង​សឺ​រាំង​បាញ់ថ្នាំ និង​ហ្វឹកហាត់​បាញ់​គ្រាប់​សឺ​រាំង ឱ្យចំ​ដើម​ចេក​ដែលជា​គោលដៅ​សាកល្បង ម្តង​ហើយ​ម្តងទៀត​។

​ស្ទើ​ពេញ​មួយថ្ងៃ រហូត​ក្រុមការងារ​ស្ទាត់ជំនាញ​ក្នុងការ​ប្រើ​ថ្នាំ​សន្លប់​សត្វ​បាន​ត្រឹមត្រូវ និង​បាញ់ថ្នាំ​សន្លប់​សត្វ​ចំ​គោលដៅ​បានល្អ​។ បន្ទាប់ពី​ក្រុមការងារ​មាន​ភាពជឿជាក់​ក្នុង​ការប្រើ​ថ្នាំ​សន្លប់​សត្វ និង​បាញ់ថ្នាំ​សន្លប់​សត្វ ពួកគាត់​បានធ្វើ​ការបា​ញ់​ថ្នាំ​សន្លប់​សាកល្បង​លើស​ត្វ​គោ​ចំនួន​ពីរ​ក្បាល និង​បាន​អនុវត្ត​រាល់​យន្តការ​ចាំបាច់​ក្នុង​ការដាក់​ក្រឡៅ​ក​តាមដាន​សត្វ ក្នុងពេល​កំពុង​សាកល្បង​នេះ​។​

ក្រុមការងារ​នឹង​បន្ត​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការបាញ់​ថ្នាំ​សន្លប់ និង​ដាក់​ក្រឡៅ​ក​តាមដាន​សត្វ​ដំរី​នៅ​ប្រទេស​ឥណ្ឌា​ជាមួយ​ក្រុម​អ្នកជំនាញ​អន្តរជាតិ រយៈពេល​មួយ​សប្តាហ៍​ទៀត ក្នុង​ខែឧសភា​នេះ​។

នៅពេលដែល​ពួកគាត់​ត្រឡប់មកវិញ ពួកគាត់​អាច​ចាប់ផ្តើម​ការងារ​ពិតប្រាកដ​ក្នុងការ​បាញ់ថ្នាំ​សន្លប់ និង​ការដាក់​ក្រឡៅ​ក​តាមដាន​សត្វ​ដំរី ក្នុង​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត (EPL) ក្នុង​ខេត្តមណ្ឌលគិរី​៕S/

​សត្វ​ដំរី​គេ​អាច​ដឹង​ពី​ដំណើរ​របស់​វា​ដោយសារ​បំពាក់​GPS