​សត្វ​ត្មាត​នៅ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ​

.​ពិតជា​រឿង​គួរឱ្យ​សោកស្តាយ​ចំពោះ​ត្មាត​នាំ​សំណាង​!

2078
ចែករម្លែក
  • 69
    Shares

ដោយ​: បញ្ញា​សាស្ត្រ​,​មូល​សម្បត្តិ / ភ្នំពេញ​: ត្មាត​នាំ​សំណាង​!​។ ជាការ​ពិតណាស់​ត្មាត​គឺជា​ប្រភេទ សត្វ​ស្លាប​ដ៏​កម្រ និង​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​និរន្តរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជាពិសេស​ក្នុងការ​សម្អាត​បរិស្ថាន​។​ត្មាត​មិន​សម្លាប់សត្វ​ធ្វើជា​អាហារ​នោះទេ ពួកវា​បរិភោគ​សាកសព​ស្អុយរលួយ​ដែល​ងាប់​ក្នុងព្រៃ​និង​ក្បែរ​សហគមន៍​ដែល​អាចជួយ​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ និង មេរោគ ហើយ​ថែមទាំង​ជួយ​បង្កើន​ជីវភាព​សហគមន៍​តាម​រយៈ​អេកូ​ទេសចរណ៍​ផងដែរ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​អង្គការ​ជាច្រើន​ដែល​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​ការអភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ក្នុងឱកាស​ទិវា​យល់ដឹង​ពីស​ត្វ​ត្មាត​អន្តរជាតិ​ថ្ងៃ​១​កញ្ញា​។​

​ប្រភព​ដដែល​រំលឹកថា ជា​អកុសល​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ ខណៈពេលដែល​លទ្ធផល នៃ​ការអង្កេត​តាមដាន​បាន​បង្ហាញថា​ចំនួន​របស់​សត្វ​ត្មាត​បាន​ធ្លាក់ចុះ​ដល់​៥០​ភាគរយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០០​មក​។ ការធ្លាក់ចុះ​នេះ​ត្រូវបាន​កត់សម្គាល់​ជាពិសេស នៅតាម​ព្រៃឈើ​ក្នុង​តំបន់ការពារទេសភាព​ភាគ​ខាងកើត ដែលជា​ទីតាំង​កាលពី​អតីតកាល យើង​បាន​កត់ត្រា​ជា​ទៀងទាត់​ចំនួន​សត្វ​ត្មាត​យ៉ាងតិច ៣០ ក្បាល​រាល់ពេល​រាប់​ម្តងៗ ខណៈពេល​បច្ចុប្បន្ន កំណត់ត្រា​ខ្ពស់បំផុត​ស្ទើរ​មិន​ដល់​១០ ក្បាល​ផង​។ ស្ថានភាព​សត្វ​ត្មាត​ស្ថិតក្នុង​ការព្រួយបារម្ភ​បំផុត ពីព្រោះ​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូទាំងប្រទេស​ឆ្នាំនេះ​បាន​កត់ត្រា​សត្វ​ត្មាត​បានតែ ១២១ ក្បាល បុ​ណ្ណោះ​ដែល​នេះ​ជា​តួលេខ​ទាប​បំផុត​ក្នុង​កំណត់ត្រា​ចាប់តាំងពី​ឆ្នាំ ២០០៣ មក​។ តាម​ការសិក្សា ក្នុងពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា​ការបំពុល​គឺជា​កត្តា​គំរាមកំហែង​ចម្បង​ដល់​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​។

សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ (​រូបថត អង្គការ​)

​អង្គការ​ដដែល​បាន​អធិប្បាយ​ថាស​ត្វ​ត្មាត​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​បី ប្រភេទ​គឺ ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ​។ ប្រភេទ​សត្វ​ត្មាត​ទាំងនេះ​ត្រូវ​បានដាក់​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​រងគ្រោះ ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក អាស្រ័យ​ចំនួន​របស់​ពួកវា​ដែលមាន​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ យ៉ាង​លឿន​បំផុត​។​

​លោក ស៊ី​មុន ម៉ា​អូដ (Simon Mahood) ទីប្រឹក្សាបច្ចេកទេស​រប​ស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ត្រូវបាន​គេ​ស្រង់​សម្តី​មក​បញ្ជាក់ថា «​តំបន់​ភាគ​ខាងជើង​ប្រទេស​កម្ពុជា គឺជា​កន្លែង​តែមួយគត់​នៅក្នុង​ចំណោម​ប្រទេស នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ចំនួន​សត្វ​ត្មាត​ច្រើន​បំផុត ដែល​ភ្ញៀវទេសចរ​អាច​ទ​ស្សនាគ​ម្រោ​ង​អាហា​ដ្ឋា​ន​សម្រាប់​សត្វ​ត្មាត ស្ថិតនៅ​ក្នុងភូមិ​ដង​ផ្លិត​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​»​។ ប៉ុន្តែ​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំកន្លងមក យ៉ាងហោចណាស់​សត្វ​ត្មាត​ចំនួន ៣០​ក្បាល ត្រូវបាន​សម្លាប់ ដោយសារ​តែមាន​ការរីក​សាយ​ទូទាំងប្រទេស ក្នុងការ​ប្រើប្រាស់​ថ្នាំពុល និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដោយ ពុំមាន​ការគ្រប់គ្រង​ច្បាស់លាស់​។ កត្តា​នេះ​បាន​បង្ក​ជាការ​គំរាមកំហែង​ដ៏​ខ្លាំង​បំផុត​ដល់​ប្រជា​សាសន៍ របស់​សត្វ​ត្មាត​នៅក្នុង​កម្ពុជា​ក៏ដូចជា​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ​។​

សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ (​រូបថត អង្គការ​)

​លោក​បន្តថា​ក្រៅពី​ការបំពុល សត្វ​ត្មាត​នៅ​កម្ពុជា​ក៏​កំពុង​រងគ្រោះ​ដោយសារ​ការបាត់បង់​ទីជម្រក និង​ការ​កង្វះខាត​ចំណី​ដែល​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វព្រៃ​ក្រចកជើង​ពីរ និង​ពាហនៈ​ចិញ្ចឹម​ក្នុងស្រុក​។ ការកើនឡើង​នៃ​ការបាត់បង់​ព្រៃឈើ និង​ការផ្លាស់ប្ដូរ​ដីព្រៃ​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការកាប់​ឆ្ការ​ដីព្រៃ​បាន​ជះឥទ្ធិពល​ដល់​ការបាត់បង់​ទីជម្រក​សម្រាប់​ពង​កូន និង​ការ​កើន​យ៉ាងខ្លាំង​នូវ​ការដាក់​អន្ទាក់​ដើម្បី​ចាប់​សត្វព្រៃ​សម្រាប់​យក​សាច់ ដែលជា​មូលហេតុ​ធ្វើឱ្យ​ចំនួន​ប្រភេទ​សត្វ​ជា​ចំណី​របស់​សត្វ​ត្មាត​មានការ​ថយចុះ​យ៉ាងខ្លាំង​។ នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ចំនួន​សត្វព្រៃ​ក្រចកជើង​ពីរ ដែលជា​ប្រភព​អាហារ​ចម្បង​សម្រាប់​សត្វ​ត្មាត​ធ្លាក់ចុះ​នោះទេ ប៉ុន្តែ​វា​ថែមទាំង​គំរាមកំហែង​ដល់​ប្រភេទ​សត្វ​ដែល កំពុង​ទទួលរង​ការគំរាមកំហែង​មួយចំនួន​ផ្សេងទៀត​ដូចជា ទន្សោង ខ្ទីង រមាំង និង​ខ្លារខិន​ជាដើម​។ លើសពីនេះ​ទៀត ចំនួន​សត្វពាហនៈ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ក៏មាន​ការថយចុះ ដោយសារ​ការធ្វើ ទំនើបកម្ម​វិស័យ​កសិក​ម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ រួម​ជាមួយនឹង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​សង្គម និង ការកើនឡើង​ហានិភ័យ​ផ្សេងៗ (​ដូចជា​ការ​លួច​សត្វពាហនៈ និង​ការបំពុល​)​។ ការថយចុះ សត្វពាហនៈ​ស្រុក​នេះ​ក៏​ជា​ចំណែក​នាំឱ្យ​ចំណីអាហារ​សម្រាប់​ស​ត្វ​ត្មាត​កាន់តែ​ខ្សត់​ទៅ​នៅតាម តំបន់​នានា​ដែលមាន​វត្តមាន​របស់​ពួកវា​។​

​លោក សេង ទៀក ប្រធាន​អង្គការ WWF កម្ពុជា​បាន​ថ្លែងថា​«​តួលេខ​ទាប​បំផុត​ដែល​បាន​កត់ត្រា​ក្នុងឆ្នាំនេះ និង​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ត្មាត​ដល់​ទៅ​៥០​ភាគរយ​គិត​ចាប់ពី​ឆ្នាំ​២០០០​មក គឺជា​និន្នាការ គួរឱ្យ​ព្រួយបារម្ភ ហើយ​យើង​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នូល នៃ​ការធ្លាក់ចុះ​នេះ​។ បើ​មិន​ដូច្នោះ​ទេ ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​នេះ​នឹង​ត្រូវផុត​ពូជ​ពី​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​កន្លែង​តែមួយគត់​ដែល​យើង​អាច​មើលឃើញ​ពួកវា​»​។​

​ប្រភព​ដដែល​រៀបរាប់​ទៀតថា​ព័ត៌មាន​គួរឱ្យ​ព្រួយបារម្ភ​ថែមទៀត​សម្រាប់​ការអភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា​នៅ​ឆ្នាំនេះ​គឺថា​ថ្នាំ Diclofenac ដែលជា​ប្រភេទ​ថ្នាំ​ព្យាបាល​គោ ក្របី ឥឡូវនេះ​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​។ នៅ​ប្រទេស​ឥណ្ឌា​ការប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​បានធ្វើឱ្យ​ចំនួន​សត្វ​ត្មាត​ធ្លាក់ចុះ​ជាង​៩០​ភាគរយ​។

​លោកស្រី​វេជ្ជបណ្ឌិត ជូ​លី​យ៉ា ស្តិ​ន​កាត់​(Julia Stenkat )​បសុពេទ្យ​នៅ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​(ACCB) បាន​និយាយថា​«​ប្រសិនបើ​គោ​ឬ​ក្របី​ត្រូវបាន​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ diclofenac ភ្លាមៗ​មុនពេល​វា​ស្លាប់ ហើយ​សត្វ​ត្មាត​ស៊ី​សាកសព​គោក្របី​ទាំងនោះ នោះ​នឹង​បណ្តាលឱ្យ​ពួកវា ពុល​ស្លាប់ ពីព្រោះ​ថ្នាំ​ប្រភេទ​នេះ​ផ្ទុក​នូវ​ជាតិពុល​ដែល​បង្កឱ្យមាន​ប្រតិកម្ម​សម្លាប់សត្វ​ត្មាត ទោះជា សត្វស្រុក​នោះ​ត្រូវបាន​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​ក្នុង​កម្រិត​តិចតួច​ក៏ដោយ​»​។ ដោយសារតែ​សត្វ​ត្មាត​នៅ​កម្ពុជា​បច្ចុប្បន្នកំពុង​ប្រឈម​នឹង​ការវិនាស​ផុត​ពូជ ក្រុមការងារ​អភិរក្ស សត្វ​ត្មាត​កម្ពុជា​សូម​សំណូមពរ​ទៅដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ធ្វើ​ការហាម ឃាត់​ការ​នាំចូល​ថ្នាំ​ព្យាបាល​សត្វ​ដែលមាន​ផ្ទុក​សារធាតុ diclofenac ដើម្បី​ការពារ​កុំឱ្យ​ចំនួន​សត្វ​ត្មាត ធ្លាក់ចុះ​បន្តទៀត ដូចដែល​បទពិសោធន៍​កើតមាន​រួចហើយ​នៅ​ប្រទេស​ឥណ្ឌា​។​

សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ (​រូបថត អង្គការ​)

​វា​ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​លើកកម្ពស់​ការ​អភិរក្ស​សត្វ​ត្មាត​ឱ្យ​កាន់តែ​ទូលំទូលាយ និង បង្ហាញ​ពី​សកម្មភាព​អភិរក្ស​សំខាន់ៗ​ដែល​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​បានធ្វើ ហើយ​ទិវា យល់ដឹង​ពីស​ត្វ​ត្មាត​អន្តរជាតិ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់ៗ​ស្តីពី​សត្វ​ត្មាត​។ ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​ដែលមាន​សមាជិក​ស្នូល​ដូចជា ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ អង្គការ BirdLife WCS WWF និង​ACCB បាននិងកំពុង​ធ្វើការ​ងារ​ដើម្បី​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា តាមរយៈ​ការបង្កើន​ការយល់ដឹង ការផ្តល់​ចំណី​ជា​សត្វពាហនៈ​ស្រុក​បន្ថែម​តាមរយៈ​ការបង្កើត “​អាហា​រដ្ឋា​ន​ត្មាត​” និង​ផ្តល់​កិច្ចការពារ​សំបុក និង​ទីជម្រក​ធម្មជាតិ​។​

​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​និយាយថា «​លទ្ធផល​នៃ​ការធ្វើជំរឿន​សត្វ​ត្មាត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ​បានបង្ហាញ​នូវ​សំណៅ​គួរឱ្យ ព្រួយបារម្ភ ដោយសារ​ជំរឿន​ត្មាត​ពីរ​ឆ្នាំ​ជាប់​គ្នា (​ឆ្នាំ​២០១៧ និង​២០១៨) យើង​កត់ត្រា​សត្វ​ត្មាត​បាន​តិចជាង ១៣០ ក្បាល​»​។​លោក​បន្តថា​«​ដើម្បី​សង្គ្រោះ​ត្មាត​នាំ​សំណាង​របស់​យើង​ឱ្យ​ផុតពី​ការវិនាស​ផុត​ពូជ យើង​ត្រូវការ ការគាំទ្រ​គ្រប់​រូបភាព​ដល់​ការអភិរក្ស​ពួកវា​ពិសេស​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​នៅ​តំបន់​នៅមាន​វត្តមាន​សត្វ​ត្មាត អ្នកធ្វើ​សេចក្តីសម្រេចចិត្ត ព្រមទាំង​ប្រជាជន​កម្ពុជា​គ្រប់រូប​»​។​
​គួរបញ្ជាក់​ថា​ទិវា​យល់ដឹង​ពី​សត្វ​ត្មាត​អន្តរជាតិ​ឆ្នាំនេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​១ ខែកញ្ញា​។ គោលបំណង នៃ​ទិវា​នេះ​គឺ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​អង្គ​ការដែល​បាន​ចូលរួម​ក្នុងការ​អភិរក្ស​សត្វ​នេះ​ធ្វើ​សកម្មភាព​នានា ផ្សព្វផ្សាយ​ពី​ការងារ​អភិរក្ស និង​បង្កើន​ការយល់ដឹង​ពីស​ត្វ​ត្មាត​។ នៅ​ថ្នាក់ជាតិ ព្រឹត្តិការណ៍​រួមមួយ នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ទី​១​។ ដោយឡែក​នៅ​តំបន់​គោលដៅ​ដែលមាន​សត្វ​ត្មាត សកម្មភាព​លើកកម្ពស់​ការយល់ដឹង​ជាច្រើន ដូចជា​កិច្ចប្រជុំ​តាម​ភូមិ និង​សាលារៀន ការ​បញ្ចាំងភាពយន្ត​អប់រំ​… នឹងត្រូវ​រៀបចំឡើង​សម្រាប់ សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​។​

​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​អំពី​សត្វ​ត្មាត​អន្តរជាតិ​ត្រូវបាន​ចូលរួម​រៀបចំ​ដោយ​ក្រុមការងារ អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា​ដែល​រួមមាន ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ អង្គការ BirdLife អន្តរជាតិ WWF WCS ACCB និង​អង្គការ​ជិវិត​ធម្មជាតិ​នៅ​កម្ពុជា​។ គម្រោង​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា​ត្រូវបាន​ផ្តល់​មូលនិធិ​ដោយ Mohamed Bin Zayed Species Conservation Fund, MacArthur Foundation, Royal Society for the Protection of Bird, Wildlife Reserves Singapore, Allwetterzoo Münster, Humanscale មជ្ឈមណ្ឌល​សំ វាសនា និង Margaret A Cargil Philanthropies៕ ល​