​សព​អ្នក​ម្នាង អ៊ុក ផល្លា បាន​យកទៅ​តម្កល់​នៅ​វត្ត​បទុម​វ​ត្តី​

1244
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សព​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​ដង្ហែ​ចេញពី​ពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​យកទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​បទុម​វ​ត្តី​កាលពីម៉ោងជាង៨ព្រឹកថ្ងៃទី១៨ខែមិថុនានេះ ។​ចំណែក​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បញ្ជូនទៅ​ព្យា​ល​បាល​នៅ​ថៃ​។​មន្ត្រី​បានឱ្យដឹងថា សម្តេចក្រុមព្រះ របួស​បាក់ឆ្អឹង​ដងកាំបិត ស្រាំ​ឆ្អឹងជំនី និង​បាក់ជើង​ខាងឆ្វេង​។

​សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរ​កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ​ស្រុក​ព្រៃនប់​ខេត្ដ​ព្រះសីហនុ​ខណៈដែល​ព្រះអង្គ​យាង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក អ្នក​ម្នាង អ៊ុក ផល្លា បាន​សោយ​ទិវង្គត កាលពី​ម៉ោងជាង ១២​រសៀល​ថ្ងៃទី​១៧​ខែមិថុនា​។​ចំណែក​សម្តេចក្រុមព្រះ​បាន​រងរបួស​ធ្ង​នើ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​រ៉ូយ៉ាល់ភ្នំពេញ​។​

​គ្រោះថ្នាក់​ចរាចរ​នេះ​បង្កឡើង​ដោយ​រថយន្តឈ្នួល​មួយគ្រឿង​ម៉ាក​តូ​យូ​តា​ហាយ​លែ​ន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-9667 ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ ដោយ​បើក​លឿន​និង​វ៉ា​ជែង​រថយន្ត​នៅ​ពី​មុខតែ​វ៉ា​មិន​ផុត​ក៏​វ៉ា​ក់​អើ​ហើយ​រេ​ចង្កូត​បុក​ចូល​ព្រះទីនាំង​របស់​សម្តេចក្រុមព្រះ តែម្តង​។​

​កាលពី​ប៉ុន្មាន​ឆ្នាំមុន​សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង​ក៏​ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរ​ម្តង​ដែរ​នៅ​ផ្លូវជាតិ​លេខ​៦​ក្នុងស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។​ពេលនោះ​អ្នក​ម្នាង​អ៊ុក​ផល្លា​បាន​រងរបួស​ធ្ងន់​រហូត​បញ្ជូនទៅ​ព្យាបាល​នៅក្រៅ​ប្រ​ទេ​ស៕S/MN

​សព​អ្នក​ម្នាង អ៊ុក ផល្លា បាន​ដឹកយក​តម្កល់​នៅ​វត្ត​បទុម​វ​ត្តី​