​សភាពាណិជ្ជកម្ម​អាល្លឺម៉ង់​គ្រោង​បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​ ​

167
ចែករម្លែក

​ដោយ៖តារារិទ្ធ(ភ្នំពេញ)​៖​លោក Christian Berger ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាល្លឺម៉ង់​បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា សភាពាណិជ្ជកម្ម ប្រទេស​អាល្លឺម៉ង់​នឹង​បើក​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង ដោយសារ​ក្រុមហ៊ុន​អាល្លឺម៉ង់​ធំៗ​មានការ​ចាប់អារម្មណ៍​ទៅលើ​សេដ្ឋកិច្ចកម្ពុជា ហើយ​មាន​ការចង់​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​

​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែតុលា​នេះសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក គ្រី​ស្ទា​ន បឺ​ហ្គឺ (Christian Berger )​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​អាល្លឺម៉ង់​ចូលជួប​សំដែង​ការគួរ​សមនៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។

​នៅក្នុង​ជំនួប​នោះ​បើតាម​លោក កៅ គឹមហួន​បាន​ឲ្យ​ដឹងថា​៖​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​លោក គ្រី​ស្ទា​ន បឺ​ហ្គឺ​ដែល​ត្រូវបានតែងតាំង ជា​ឯកអគ្គរដ្ឋទូត​អាឡឺម៉ង់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្ដេច​សង្ឃឹមថា​នៅក្នុង​ពេលវេលា​ដែល​លោក​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​លោក​នឹង​ព្យាយាម ជួយ​ជំរុញ​ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ។​

​នៅក្នុង​ជំនួប​នេះ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានអនុញ្ញាត​ឲ្យ​លោក​ចូលជួប​សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​ហើយ​លោក​បាន​បញ្ជាក់ថា​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​លោក​នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​នៅក្នុង​ការ​ធ្វើយ៉ាងណា​ចូលរួមចំណែក​ក្នុង​ការបន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិ បត្តិការ​ទ្វេភាគី​រវាង​អាឡឺម៉ង់​និង​កម្ពុជា​ហើយ​លោក​បាន​គូសបញ្ជាក់ថា​លោក​ពិតជា​រីករាយ​ដែល​ប្រទេស​យើង ទាំងពីរ​មាន​ទំនាក់​ទំនងជា​យូរលង់​ណាស់​មកហើយ ។

​លោក​ទូត​បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា​និង​អាល្លឺម៉ង់​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅលើ​ការអនុវត្ត​នៃ​ច្បាប់​អន្តរជាតិហើយ​លោក​អរគុណ​ប្រទេស​កម្ពុជានិង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ប្រទេស​អាល្លឺម៉ង់​នៅ​អង្គការសហប្រជាជាតិ​ក​ន្ល​ង​ទៅនេះ​។​លោក​បាន​គូស​បញ្ជាក់ដែរថា​ប្រទេស​យើង​ទាំងពីរ​នៅមាន​សក្ដានុពល​យ៉ាងច្រើន​នៅក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​។លោក​បាន​ឲ្យ​ដឹង​ទៀតថា​អ្វីដែល​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ឥឡូវនេះ​សភា​ពាណិជ្ជ កម្ម​អាល្លឺម៉ង់​នឹង​បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​លើកដំបូង ដោយសារ​ក្រុមហ៊ុន​អាល្លឺម៉ង់​ធំៗ​មានការ​ចាប់អារម្មណ៍​ទៅលើ​សេដ្ឋកិច្ចកម្ពុជាហើយ​មានបំណង​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដូច្នេះ ។

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ឥឡូវនេះ​បើ​យើង​មើល​លើ​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​យើង​ឃើញថា​មានការ​រីកចម្រើន​យ៉ាងច្រើន​ហើយក៏​មានការ​នាំចូល​ពី​ប្រទេស​អាល្លឺម៉ង់​ច្រើន​ផងដែរ​ដូចជា​រថយន្ត​ជាដើម​ហើយ​ក៏មាន​ការនាំ​ចេញទៅ​ប្រទេស​អា​ឡឺម៉​ង់​យ៉ាងច្រើន​ដែរ​ដូចជា​ស្បែកជើង​និង​សម្លៀកបំពាក់​ជាដើម ។​

​តប​នឹង​ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ដែលថា​ប្រទេស​ទាំងពីរ​នៅមាន​សក្ដានុពល​ជាច្រើន​នោះ​សម្ដេច​បាន​គូសបញ្ជាក់ថា​កន្លងមក​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទិញ​ម៉ាស៊ីនភ្លើង​ពីរគ្រឿង​ដោយ​ក្នុងចំណោម​ពីរ​គ្រឿង​នេះ​មួយគ្រឿង​បាន​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​មិនតែប៉ុណ្ណោះ ទេ​ក៏មាន​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់​នៅ​កម្ពុជា​ផងដែរ​។ដូច្នេះ​បើ​ពិនិត្យមើល​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្មនេះ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ស៊ីជម្រៅ ។ សម្ដេច​តេ​ជោ​ក៏បាន​សំដែង​ការស្វាគមន៍​និង​គាំទ្រ​ចមពោះ​សភាពាណិជ្ជកម្ម​អាល្លឺម៉ង់​នៅ ក្នុងប្រទេស​កម្ពុជាដោយ​សម្តេច​ចាត់ទុកថា​នេះ​គឺជា​ការល្អ​ហើយ​អាច​ចូលរួមចំណែក​យ៉ាងសំខាន់​ថែមទៀត​ទៅលើ​ការជំរុញ​ពាណិជ្ជកម្ម​ក៏ដូចជា​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ប្រាប់​ភ្ញៀវ​ផងដែរ​ថា​៖​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំ២០២០​ខាងមុខនេះស្រប​ពេលដែល​អាល្លឺម៉ង់​នឹង​ធ្វើជា​ប្រធាន​ប្ដូរ​វេន​នៃ​សហភាព​អឺរ៉ុប​ដូច្នេះ​ប្រទេស​ទាំងពីរ​និង​សហការគ្នា​ធ្វើយ៉ាងណា​ឲ្យ​កិច្ចប្រជុំ​នេះ​ទទួលបាន​ផ្លែផ្កា​ជោគជ័យ​។​សម្ដេច​បញ្ជាក់ដែរថា​កន្លង​មក​អាល្លឺម៉ង់​បាន​ជួយផ្ដល់​ការគាំទ្រ​និង​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការធ្វើ​វិមជ្ឈការ និង​សហវិមជ្ឈការ គឺ​ការផ្ទេរ អំណាច​ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ ដូចនេះ​សម្តេច​បានស្នើ​ឲ្យ​អាល្លឺម៉ង​បន្ត​ជួយ​លើ​ផ្នែក​នេះ​បន្តទៀត ។​

​លោក​ទូត​បាន​បន្តថា​នៅក្នុង​អាណត្តិ​នេះ​លោក​នឹង​ព្យាយាម​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​កិច្ចសហប្រតិបត្តិការ​រាវ​ង​ប្រទេស​ទាំងពី​កាន់តែ​ត្រូវ បាន​ពង្រឹងពង្រីក​បន្ថែ​ម​ទៀត ៕សរន