​សមត្ថកិច្ច​ខេត្តកណ្តាល​បង្ហាញ​អត្ត​សញ្ញា​ក្រុម​ជនសង្ស័យ​សម្លាប់​យុវជន​ម្នាក់

965
ចែករម្លែក

​ដោយៈ សុផាន់​

​កណ្តាលៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល បាន​អះអាងថា យុវជន​មួយក្រុម ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទាក់ទិន​នឹង​ករណី​សម្លាប់​យុវជន​ម្នាក់ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧៖ ៥០​យប់ នៅ​ចំណុច លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​នៅក្នុង​ស​ន្និសិទ​កាសែត នៅ​ព្រឹក​នេះ លោក បាន​ស្នងការ​បាន​បន្តទៀតថា ចំពោះ​ករណីនេះ គឺ​ក្រុម​ជនសង្ស័យ​៦​នាក់​ក្នុងចំណោម​បក្ខពួក​៩​នាក់ បាន​កាប់​ទៅលើ​យុវជន​ម្នាក់ ដែល​ត្រឡប់​មកពី​លេង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ន​វិញ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​លោក​បាន​បន្តថា ក្រោយពី​មាន​ហេតុ​ការ​ណ៏​កើតឡើង លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ធ្វើ​ស្រាវជ្រាវ រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​មាន​បក្ខពួក​៩​នាក់ មានឈ្មោះ គាត សំណាង ហៅ​ឡេង អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ រត់​តុ​ការ ជា​ជនដៃដល់​, ទី​២-​ឈ្មោះ ហោ សោ​ភ័​ណ្ឌ អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ រត់​តុ​ការ ជា​អ្នកចូលរួម​, ទី​៣-​ឈ្មោះ ឌី ឌឿ​ន អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រាម្មា ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​, ទី​៤-​ឈ្មោះ បេង តាំង​អេង អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កាប់​ជ្រូក​លក់​, ទី​៥-​ឈ្មោះ វ៉ាន់ សំណាង អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ​, និង ទី​៦ ឈ្មោះ យឹម ឌី​ណា អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ត្រូវ​ឃាត់ខ្លួន​។​

​លោក​បាន​បន្តថា ដោយឡែក ជនសង្ស័យ​ឈ្មោះ សិលា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល , ឈ្មោះ ជ្រុ​យ វុ​ទ្ធា​(​ហៅ​ធា​) អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែ​កលោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ និង ឈ្មោះ មាន លាង​ហ៊ី អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ គឺ​កំពុងតែ​គេចខ្លួន​។​

​លោក​បាន​បន្តថា វត្ថុតាង​ចាប់យក រួមមាន ម៉ូតូ​ចំនួន ០២​គ្រឿង ម៉ាក Honda SL ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ០១​គ្រឿង និង​ម៉ាក Suzuki Nex ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ 1U-5738 ០១​គ្រឿង​, ដាវ​ចំនួន ០២​ដើម កាំបិត​ចំនួន ០២​ដើម​, ទូរស័ព្ទ​ចល័ត​ចំនួន ០៦​គ្រឿង ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ចេក ភាព អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។​

#