រួមភេទ​ជាមួយ​នារី​អាយុ​១៤​ឆ្នាំមាន​ផ្ទៃពោះ​៥​ខែ​ចង់​ដោះដៃ​

9885
ចែករម្លែក
  • 118
    Shares

​(​កណ្តាល​)៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ម្នាក់​តាម​បណ្តឹង​ឪពុកម្តាយ​ខាង​ស្រី​ដែល​ជន​នោះបាន​រួមភេទ​ជាមួយ​នារី​អាយុ​១៤​ឆ្នាំ​ម្នាក់​រហូត​មាន​ផ្ទៃពោះ​៥​ខែ​រួច​ចង់​ដោះដៃ​ដោយ​មិន​ព្រម​ចូល​ស្តីដណ្តឹង​តាម​ការសន្យា​។​ជនសង្ស័យ​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​តាម​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ។​
​មន្ត្រីនគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ម៉ើ​ស្មា​ឯល​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម​មាន​ទីលំនៅ​ភូមិ​ជ្រោយ​មេត្រី​លើ​ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល​។ ចំណែកឯ​ក្មេងស្រី​ឈ្មោះ​ហ​.​ហ​.​ល​.​ស អាយុ​១៤​ឆ្នាំ ជា​ជនជាតិខ្មែរ​អ៊ីស្លាម មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ ។​ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ​បាន​ទំនាក់ទំនង​ស្រឡាញ់គ្នា​តាំងពី​អំឡុង​ឆ្នាំ​២០១៥​មក​ម្លេះ​។​

លុះ​មកដល់​អំឡុង​ដើមឆ្នាំ​២០១៧​ជនសង្ស័យ​និង​ក្មេងស្រី​រងគ្រោះ​ព្រមព្រៀង​រួមភេទ​ជាមួយគ្នា​ដោយ​លួចលាក់​មិន​ឲ្យ​នរណា​ដឹង​ទេ​។​រហូត​ឈានដល់​មាន​ផ្ទៃពោះ​ចំនួន​៥​ខែ​ទើប​បែកធ្លាយ​ដឹង​ដល់​ម្តាយ​ឪពុក​ក្មេងស្រី​រងគ្រោះ​។​បន្ទាប់ពី​បានដឹងថា​កូនស្រី​មា​ផ្ទៃពោះ​ម្តាយ​ឪពុក​ក្មេងស្រី​រងគ្រោះ​បាន​ទៅ​ចរចារ​ដល់ផ្ទះ​ឪពុកម្តាយ​ខាង​ប្រុស​ដើម្បី​ឲ្យ​ឪពុកម្តាយ​ខាង​ប្រុស​ចូល​ស្តីដណ្តឹង​រៀប​មង្គលការ​តាម​ប្រពៃណី ។​

​ប៉ុន្តែ​រឿង​រាវ​បាន​ប្រែប្រួល​ដែល​ធ្វើ​ឲ្យ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ខឹងសម្បា​នោះ​គឺ​ឪពុកម្តាយ​និង​កូនប្រុស​បាន​ឆ្លើយ​បដិសេធ​មិនទាន់​គិតគូ ដោយ​តម្រូវ​ឲ្យ​នាំ​ក្មេងស្រី​រងគ្រោះ​យក​កូន​ចេញ​។​បន្ទាប់ពី​ចរចា​មិនត្រូវ​គ្នា​ធ្វើ​ឲ្យ​បាក់មុខ​យ៉ាងខ្លាំង​នោះ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាននាំគ្នា​ត្រឡប់មកផ្ទះ​វិញ​ទាំង​ក្តី​ក្តៅក្រហាយ​។​ក្រោយមក​បាន​មួយថ្ងៃ​ទើប​ឪពុកម្តាយ​ជនសង្ស័យ​ដឹងខ្លួន​ខុស​បាននាំគ្នា​ទៅសុំ​ទោស​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ដល់​លំនៅស្ថាន​។​

ប្រភព​បាន​បន្តថា​ទោះបីជា​បែបណា​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​មិនអាច​អត់អោន​ឲ្យ​បានទេ​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ស្រុក​មុខកំពូល​នៅ​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​។​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​នៅ​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​ហៅ​ឪពុកម្តាយ​និង​ជនសង្ស័យ​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។

​ក្រោយពី​ស្តាប់​ចម្លើយសារភាព​ជនសង្ស័យ​រួចមក​សមត្ថកិច្ច​បាន​សុំ​ការឯកភាព​លោក​ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​ក៏​ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​មន្ត្រីនគរបាល​ស្រុក​មុខកំពូល​បាន​បញ្ជាក់ថា​ការទំនាក់ទំនង​ស្នេហា​រវាង​ជនសង្ស័យ​និង​ក្មេងស្រី​រងគ្រោះ​ត្រូវ​ឪពុកម្តាយ​ទាំងសងខាង​បានដឹងថា ពួកគេ​ទាំង​២​នាក់​ស្រឡាញ់គ្នា តែ​មិនដឹងថា ពួកគេ​ថ្លើមធំ​ហ៊ាន​ទុំ​មុន​ស្រគាល​នោះទេ ។​រហូត​ក្មេងស្រី​រងគ្រោះ​មាន​ផ្ទៃពោះ​៥​ខែ ទើប​ឪពុកម្តាយ​បានដឹង​តែ​មិន​ប្រកាន់ទោស​ពៃ​អ្វី​ឡើយ​គឺ​សុខចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស់​ទៅ​ចរចារ​ជាមួយ​ឪពុកម្តាយ​ខាង​ប្រុស​ដល់ផ្ទះ ។​

តែដោយសារ​ពាក្យសំដី​និង​កាយវិការ​របស់​ឪពុកម្តាយ​និង​ជនសង្ស័យ​មិន​ព្រម​ទទួលខុសត្រូវ​ទើប​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​យ៉ាង​ដូច្នេះ ៕S/ដោយ៖ហូសាន់

#