​សមត្ថកិច្ច​ឃាត់​គ្រឿងក្នុង​ជ្រូក​២៤​កេស​ស្មើរ​១.០៨៥​គីឡូក្រាម​នាំចូល​ពី​ថៃ​

1638
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​រថយន្ត​២​គ្រឿង​ដឹក​គ្រឿងក្នុង​ជ្រូក​២៤​កេស​ស្មើរ​ចំនួន​១.០៨៥​គីឡូក្រាម ដែល​នាំចូល​ពី​ប្រទេស​ថៃ​ត្រូវ​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ស្ទាក់​ឃាត់​កាលពី​ថ្ងៃទី​៣​ខែមិថុនា ឆ្នាំ​២០១៨ ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​រិ​ទ្ធ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​៣​ខែមិថុនា​ថា​ម្ចាស់​រថយន្ត​ឈ្មោះ យួរ រដ្ឋា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ ម៉ាឡៃ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

បាន​បើករថយន្ត​ធុន​តូ​យូ​តា​ស៊ីណា ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-3407 ដឹក​គ្រឿងក្នុង​ជ្រូក​២០​កេស ។​ឈ្មោះ សៀម ណេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិក​ញ្ចា​ង ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ បើករថយន្ត​តូ​យូ​តា​ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI.2801​ដឹក​គ្រឿងក្នុង​ជ្រូក​៤​កេស​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បន្តថា​ក្រោយពី​ឃាត់ខ្លួន​និង​រថយន្ត​ទាំង​២​គ្រឿង​នោះ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឆែកឆេ​ក្នុង​រថយន្ត​បាន​រកឃើញ​គ្រឿងក្នុង​ជ្រូក​ដែល​ឈ្មួញ​លួច​នាំចូល​ពី​ថៃ​មាន​២៤​កេស​ទម្ងន់​ស្មើ​១.០៨៥​គីឡូក្រាម​រួមមាន បេះដូង​ជ្រូក​១៥០​គីឡូក្រាម​។ អណ្តាត​ជ្រូក​១៩៧​គីឡូក្រាម​ក្រពះ​ជ្រូក​១៣០​គីឡូក្រាម​,​ក្រលៀន​ជ្រូក​៥០​គីឡូក្រាម​។ ជើង​ជ្រូក​១១៨​គីឡូក្រាម ត្រចៀកជ្រូក​២៨០​គីឡូក្រាម និង​ពោះវៀន​ជ្រូក​១៦០​គីឡូក្រាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា តាម​ចម្លើយ​ម្ចាស់​រថយន្ត​បាន​និយាយថា​ខ្លួន​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​ជ្រូក​ឱ្យ​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ​មានបំណង​នាំទៅ​ភ្នំពេញ​។​ដោយ​ស៊ីឈ្នួល​ដឹក​ឱ្យ​ឈ្មួញ​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ភ្នំពេញ​ឈ្នួល​ដឹក​១​កេស​តម្លៃ​២៥.០០០​រៀល​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម​បានបញ្ជាក់​ទៀតថា​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ឈ្មួញ​ដែល​នាំចូល​គ្រឿងក្នុង​សត្វ​ជ្រូក​នាំចូល​ពី​ប្រ​ទស​ថៃ​ចូលមក​កម្ពុជា​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

សមត្ថកិច្ច​ឃាត់​គ្រឿងក្នុង​ជ្រូក​២៤​កេស​ស្មើរ​១.០៨៥​គីឡូក្រាម​នាំចូល​ពី​ថៃ​