​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​២​នាក់​ដែល​ឆក់​កាបូប​ភ្ញៀវ​បរទេស​

605
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​ជនសង្ស័យ​២​នាក់​ដែល​បាន​ឆក់​កាបូប​ភ្ញៀវទេសចរ​នៅតាម​ផ្លូវ​ទៅ​ប្រាសាទ​អង្គរ​បណ្តាលឱ្យ​រង​បួស​នោះ​ត្រូវ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​កាលពី​នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ ២០១៩​។

​លោក​វរសេនីយ៍ឯក​ហង្ស​សូផាត​ភី​រម្យ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បានឱ្យដឹង​ថា​ជា​លទ្ធផល​សមត្ថកិច្ច បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ដោយ​ទី​១​មានឈ្មោះ​រ៉េត មករា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី​២​ឈ្មោះ ទីវ ហ៊ុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

​សូម​រំលឹកថា​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៨​មាន​ករណី​ចោរ​ចំនួន​៣​នាក់​បាន​ឆក់​កាបូប​ភ្ញៀវទេសចរ​បរទេស​ជន​ជាតិ​អ៊ីរ៉ង់​នៅតាម​បណ្តោយ​ផ្លូវ​កូ​ម៉ៃ​ផ្លូវ​ឆ្ពោះទៅ​ប្រាសាទអង្គរវត្ត​ដែល​បណ្តាលឱ្យ​ជនរងគ្រោះ​ធ្លាក់​ពីលើ​រ៉ឺម៉ក​ម៉ូតូ​រងរបួស​។​ជាមួយ​នោះ​ក្រុមចោរ​បាន​យក​កាបូប​ទៅ​បាត់​ដោយ​ក្នុង​កាបូប​នោះ​មាន​លុយ​លិខិតឆ្លងដែន​(Passport)​ឯកសារ​និង​របស់របរ​មួយចំនួនទៀត​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​កន្លែងកើតហេតុ​ភ្លាម​សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដើម្បី​ស្រាវជ្រាវ​និង​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់​៕S/

​រូបភាព​៖​នគរបាល​ខេត្តសៀមរាប​ចាប់​ជនសង្ស័យ​ចំនួន ២​នាក់ ដែល​ឆក់​កាបូប​ភ្ញៀវ​ជនជាតិ​អ៊ឺ​រ៉ង់​៕​បាយ័ន​