​សមត្ថកិច្ច​ចាប់​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​បាន​ចំនួន​៤​គ្រឿង​នៅ​ស្រុក​ចិត្រ​បុរី

247

(​ក្រចេះ​)៖​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៤​គ្រឿង​នៅ​ចំណុច​ហាង​បាយ​(​អូន​នាង​)​ស្ថិតក្នុង​ភូមិ​គោ​លាប់​ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៧​។​ការឃាត់​រថយន្ត​បាន​ធ្វើឡើង​ដោយមាន​ស្ថាប័ន​អយ្យការ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​ហើយ​ដឹកនាំ​កម្លាំង​ដោយ​លោក​ជា​សុ​ភ័​ក្រ​ព្រះរាជអាជ្ញារង​ខេត្ត​ចូលរួម​សហការ​រួមមាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី កម្លាំងយោធា​ខេត្ត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ​។

​លោក​ជា​សុ​ភ័​ក្រ​ព្រះរាជអាជ្ញារង​ខេត្ត​បានឱ្យដឹងថា​មុន​និង​ឈានដល់​ការបង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៤​គ្រឿង​នេះ​គឺ​បានទទួល​ព័ត៌មាន​ពី​កម្លាំងយោធា​ខេត្ត​ថា​មាន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៧​។

រថយន្តនោះបានបើក​រត់​ចូលទៅ​លាក់ទុក​នៅ​ខាងក្រោយ​អាហា​រដ្ឋា​ន​(​អូន​នាង​)​លោក​ក៏បាន​នាំ​កម្លាំងចម្រុះ​ចុះ​ទៅដល់​គោលដៅ​ធ្វើការ​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៤​គ្រឿង​ដែល​៣​គ្រឿង​ទៀត​បាន​លាក់ទុក​កាលពី​យប់មិញ​បម្រុង​លោតឆ័ត្រ​បន្តទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ដ​ព្រៃវែង​។​

លោក​អ៊ឹម​ចិ​ត្រា​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បាន​បញ្ជាក់ថា ឈើ​ដែល​កម្លាំងចម្រុះ​ឃាត់​បាន​នោះ​ជា​ប្រភេទ​ឈើ​អារ​ជា​ប្រភេទ លេខ​២​។​​លោក​មី​វុទ្ធី​នាយ​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ថ្ម​គ្រែ​បានឱ្យដឹងថា​ឈើ​ដែល​បង្ក្រាប​បានជា​ប្រភេទ​ឈើ​លេខ​២​ហើយ​កម្លាំង​របស់លោក​កំពុង​នាំយក​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៤​គ្រឿង​ទៅ​រក្សាទុក​នៅ​ស្ថានីយ​បណ្តុះ​កូនឈើ​ខ្សា​រ​ដើម្បី​ធ្វើការ​វាស់វែង​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់រដ្ឋបាល​ព្រៃឈើ​បន្ត​៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​ចាប់​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​បាន​ចំនួន​៤​គ្រឿង