​សមត្ថកិច្ច​ដេញ​ធាក់​ផ្តួល​ម៉ូតូ​ចាប់បាន​ម្នាក់​ករណី​ឆក់​កាបូប​ជនបរទេស​

784
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញ​ធាក់​ម៉ូតូ​ជនសង្ស័យ​ផ្តួល​និង​ចាប់បាន​ម្នាក់​ក្នុងករណី​​ឆក់​កាបូប​ជនបរទេស​ប្រុស​ស្រី​មួយក្រុម​ដែល​ដើរ​តាម​ដងផ្លូវ​។​

ហេតុការណ៍​បានកើត​ឡើង​នៅលើ​ដងផ្លូវ​លេខ​៥១​កែង​និង​ផ្លូវ​លេខ​២៧៨​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១០ និង​៣០​នាទី​យប់ ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បឹង​កេងកង​ទី​១ បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ សៅ ពៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របប កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ព្រះស្ដេច ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។
​ចំណែក​ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប​បានសម្រេច ជា​ស្ត្រី​ម្នាក់ ជនជាតិ​អាមេរិក ដើរ​រួម​ជា​ក្រុម​មាន​គ្នា​ប្រហែល​៦ ទៅ​៧​នាក់ ។​

​មន្ត្រី​គ​របាល​ដដែល​បានឱ្យដឹង​ទៀតថា​មុនពេល​កើតហេតុ​សមត្ថកិច្ច​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ដូច​សព្វដង​។​ពេលនោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មា​ក់​រ៉េ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់​1A3465​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ម្នាក់​ជា​ជនជាតិ​បរទេស​ដើរ​ជា​ក្រុម​នៅលើ​ដងផ្លូវ​លេខ​៥១ បានសម្រេច ។

​សមត្ថកិច្ច​បាន​បន្តថា ពេលដែល​ឃើញ​សមកម្ម​ភាព​ករណី​ឆក់​បែប ពួកគាត់​មិន​បង្អង់​យូរ ក៏​ជិះ​ម៉ូតូ​ដេញតាម តាំងពី​ខណ្ឌចំការមន រហូត​ទៅដល់​ផ្លូវ​លេខ​២១៤​ក្នុង​ខណ្ឌដូនពេញ ក៏បាន​ធាក់​ម៉ូតូ​ជនសង្ស័យ​ឱ្យ​ដួល ហើយ​ឃាត់ខ្លួន​បានតែ​ម្ដង ។​

​ក្រោយមក សមត្ថកិច្ច​បា​នាំខ្លួន​ជនសង្ស័យ​មកកាន់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល បឹង​កេងកង​ទី​១ ដើម្បី​សាកសួរ និង​កសាង​សា​ណុំ​រឿង ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ដោយឡែក​ជនរងគ្រោះ​បាននាំគ្នា​មក​ដាក់​ពាក្យបណ្ដឹង និង​ទទួលយក​កាបូប​ដែល​ត្រូវ​ជនសង្ស័យ​ឆក់ យកទៅ​វិញ​ផងដែរ ៕S/

​សមត្ថកិច្ច​ដេញ​ធាក់​ផ្តួល​ម៉ូតូ​ចាប់បាន​ម្នាក់​ករណី​ឆក់​កាបូប​ជនបរទេស​