​សមត្ថកិច្ច​ទទួល​អាវុធ​កែច្នៃ​ចំនួន​១៨​ដើមពី​ពលរដ្ឋ​ដែល​ភ្ញាក់រលឹក​

198
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អាវុធ​កែច្នៃ​ប្រភេទ​(​កា​ប៊ិន​)​ចំនួន​១៨​ដើម​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​កក់​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​ស្ម័គ្រចិត្ត​ប្រគល់ជូន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​រិ​ទ្ធ​សូ​ណា​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បាន​ថ្លែងថា​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​កម្លាំង​នគរបាល​ស្រុក​។​តែង​តែង​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​នានា​ស្តីពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រួតជ្រាប​។​ក្នុងនោះ​គឺ​សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ​ផ្តោត​សំខាន់​ទៅលើ​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​គ្រឿងញៀន​ល្បែងស៊ីសង​និង​បញ្ហា​ចរាចរណ៍​ជាដើម​។​

​លោក​អធិការ​ស្រុក​បាន​បន្តថា​តាមរយៈ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន​នានា​បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់រលឹក​យល់ដឹង​ពី​ផ្លូវច្បាប់​ច្រើន​ដោយបាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​ប្រភេទ​(​កា​ប៊ិន​)​មកឱ្យ​សមត្ថកិច្ច​ដើម្បី​រក្សាទុក​បាន​ចំនួន​២​លើក​។​លើកទីមួយ​នៅ​ភូមិ​ពោធិ៍​ខឿន​បាន​ចំនួន​១៤​ដើម និង​លើក​ទី​២​នៅថ្ងៃនេះ ភូមិ​អូរ​កក់ បាន​ចំនួន​១៨​ដើម​។​

​ជាមួយគ្នានេះ​លោក​វរសេនីយ៍ទោ​រិ​ទ្ធ​សូ​ណា​ក៏​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានភ្ញាក់រលឹក​យក​អាវុធ​កែច្នៃ​មក​ប្រគល់ជូន​សមត្ថកិច្ច​នៅពេលនេះ​។​ក៏បាន​អំពាវនាវ​ផងដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​អាវុធ​កែឆ្នៃ​លាក់ទុក​នៅក្នុង​ផ្ទះ​គួរតែ​យកមក​ប្រគល់ជូន​សមត្ថកិច្ច​ជៀសវាង​កូនចៅ​ឬ​ក្រុមគ្រួសារ​យកទៅ​ប្រើប្រាស់​ដែលជា​អំពើ​ខុសច្បាប់​នាំឱ្យ​មានទោស​៕S/​