​សមត្ថកិច្ច​នគរបាល​ចាប់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

1135
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សមត្ថកិច្ច​នគ​របាល​ក្រុង​ព្រះវិហារ​បាន​ចាប់​ជនសង្ស័យ​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាមួយ​វត្ថុតាង​មួយចំនួនទៀត​។​ការចាប់​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​ផ្លូវភ្លោះ​ក្នុងភូមិ​ស្រះ​ឈូក​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​កាលពី​ថ្ងៃទី​១៦ ខែមីនា​ឆ្នាំ​២០១៨​។​

លោក​វរសេនីយ៍ទោ ឆៅ វុ​ទ្ធា អធិការនគរបាល​ក្រុង​ព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ គឺជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដែល​សមត្ថកិច្ច​បានដាក់​បណ្តាញ​ឃ្លាំមើល​ជាប្រចាំ​។ លុះ​នៅ​រសៀល​ថ្ងៃទី​១៥ ខែមីនា មុខសញ្ញា​ទាំង​២​នាក់ បានបង្ហាញ​ខ្លួន​ដោយ​ជិះ​ម៉ូតូ​។ ខណៈនោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់​ឱ្យ​ឈប់ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នេះ ផ្តួល​ម៉ូតូ​ហើយ​បោះ​ថ្នាំញៀន​ចោល និង​បម្រុង​នឹង​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​តែម្តង​។​

​លោក​វរសេនីយ៍ទោ ឆៅ វុ​ទ្ធា​បាន​បន្តថា​ក្រោយ​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ទៅកាន់​អធិការនគរបាល​ក្រុង​ព្រះវិហារ ធ្វើការ​សាកសួរ​រួច កម្លាំង​សមត្ថកិច្ច​ក៏បាន​បន្តទៅ​ឆែកឆេ​បន្ទប់​ជួល​ស្នាក់នៅ របស់​ជនសង្ស័យ​ទាំង​២ ដោយ​រកឃើញ​ថ្នាំញៀន និង​វត្ថុតាង​មួយចំនួនទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ចាត់ការ​បន្ត​តាមច្បាប់​៕S/​